មូលហេតុមួយនេះ ធ្វើឲ្យស្រីស្អាតផ្លាស់ប្ដូរពី អ្នកលាងចាន ក្លាយជាអ្នកគ្រប់គ្រងឆ្នើម
- 2021-01-29 03:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុមួយនេះ ធ្វើឲ្យស្រីស្អាតផ្លាស់ប្ដូរពី អ្នកលាងចាន ក្លាយជាអ្នកគ្រប់គ្រងឆ្នើម
ចន្លោះមិនឃើញ
“ខ្ញុំធ្លាប់ស៊ីឈ្នួលលាងចានគេតាំងពីទៅដល់ប្រទេសកូរ៉េ ប្រហែលពីរខែមកម្ល៉េះដើម្បីយកលុយទប់ការចំណាយពេលរៀននៅកូរ៉េ។ រឿងនេះឪពុក ម្ដាយខ្ញុំអត់ដឹងទេ”។ ទាំងនេះ គឺជាការរៀបរាប់របស់ កញ្ញា ប៉េងទី សៅបូរីណា វ័យ២៤ ឆ្នាំ ដែលមានប្រវត្តិតស៊ូស្ទើររាប់មិនអស់មុនក្លាយជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Phnomlist ។
ចាប់កំណើតនៅក្នុងគ្រួសារជីវភាពមធ្យម នាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កញ្ញា ប៉េងទី សៅបូរីណា បានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ ២០១០ បន្ទាប់មកបានប្រលងចូលរៀននៅសាកលវិទ្យាល័យឯកជនមួយ ផ្នែកភាសាអង់គ្លេស។ ក្រោយចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស កញ្ញាបានទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េនៅប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែអាហារូបករណ៍ទទួលបានតែ ៥០% ប៉ុណ្ណោះ ថ្លៃស្នាក់នៅ ហូបចុកប្រចាំថ្ងៃ និងថ្លៃទិញឯកសារ គឺជាការរ៉ាប់រងរបស់សាមីខ្លួន។ អំឡុងឆ្នាំ២០១៤ សៅបូរីណា សម្រេចចាកចេញ ពីមាតុប្រទេស និងឃ្លាតឆ្ងាយពីលោកឪពុកអ្នកម្តាយក្នុងចម្ងាយដីខ្ទង់ពាន់គីឡូម៉ែត្រ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េខាងត្បូងដោយសង្ឃឹមថា នាងអាចមានអនាគតដ៏ភ្លឺស្វាង។
រំលឹកដល់ចំណុចនេះ សៅបូរីណា ដែលជាកូនភ្លោះ ក្នុងចំណោមបងប្អូនបីនាក់បានដកដង្ហើមធំបន្តិច។ ដង្ហើមធំដោយសារពេលនោះ គឺជាការសម្រេចចិត្តដ៏លំបាក ព្រោះឪពុក ម្តាយបារម្ភពីជីវភាព និងស្ថានភាពរស់នៅឆ្ងាយ ប៉ុន្តែទោះយ៉ាងណាកញ្ញាមានទំនុកចិត្តលើខ្លួនឯងបេ្តជ្ញាពុះពារដើម្បីជួយគ្រួសារ ឲ្យផុតពីភាពក្រីក្រនៅថ្ងៃណាមួយ។
សៅបូរីណា រីករាយណាស់ បន្ទាប់ពីខ្លួនបានចូលរៀននៅប្រទេសកូរ៉េ ប៉ុន្តែអ្វីដែលជាឧសគ្គនោះគឺកញ្ញាមិនអាចទប់ទល់ទៅនឹងការចំណាយបាន ពិសេស គឺការស្នាក់នៅ និងហូបចុកប្រចាំថ្ងៃនៅប្រទេសកូរ៉េ ត្បិតថា ជីវភាពក្រុមគ្រួសារនៅស្រុកខ្មែរក៏ត្រូវរងបន្ទុកធ្ងន់ដែរ។
កញ្ញាបង្ខំចិត្តរកការងារធ្វើក្រៅម៉ោង ជាអ្នកលាងចាននៅភោជនីយដ្ឋានមួយ។ “ខ្ញុំធ្លាប់ស៊ីឈ្នួលលាងចានគេ តាំងពីទៅដល់ប្រទេសកូរ៉េ ប្រហែលពីរខែមកម្ល៉េះដើម្បីយកលុយទប់ការចំណាយពេលរៀននៅកូរ៉េ។ រឿងនេះឪពុក ម្តាយខ្ញុំមិនដឹងទេ។ ថ្ងៃខ្លះខ្ញុំញ៉ាំមីពីរថ្ងៃជាប់គ្នាក៏មានដែរ”។
សៅបូរីណា រំលឹកឡើងវិញថា ធ្វើជាអ្នកលាងចានក៏មិនងាយស្រួលប៉ុន្មានដែរ ក្រៅពីត្រូវប្រើកម្លាំង បញ្ហាភាសាក៏ធ្វើអោយកញ្ញាចងចាំមិនអាចបំភ្លេចបានដែរ។“ថ្ងៃមួយខ្ញុំលួចយំម្នាក់ឯង ដោយសារជិតដល់ម៉ោងទៅសាលាហើយ តែមានចានជាច្រើនដាក់តំរៀបគ្នាឱ្យខ្ញុំលាង។ប៉ុន្តែទោះយ៉ាងណា ចំណូលពីការងារនេះអាចទប់ទល់នឹងចំណាយប្រចាំថ្ងៃរបស់ខ្ញុំបាន។ ខ្ញុំរៀនមួយព្រឹក ធ្វើការពេលរសៀល និងទៅបណ្ណាល័យពេលល្ងាច”។
ឆ្នាំ២០១៦ ពេលដែលត្រៀមចូលឆ្នាំទី១ ថ្នាក់ភាសាកូរ៉េ សៅបូរីណា មានបញ្ហាគ្រួសារដោយសារលោកឪពុកមានជំងឺត្រូវវិលមកកាន់មាតុប្រទេសវិញ ដើម្បីរកការងារធ្វើ។ ប៉ុន្តែការវិលមកមាតុប្រទេសវិញនេះក៏មិនប៉ះពាល់ទៅនឹងផែនការផ្ទាល់ខ្លួននាពេលកន្លងមកនោះដែរ។ “ដំបូងរៀងស្តាយដែរ ប៉ុន្តែបន្ទាប់ពីមានការលើកទឹកចិត្តពីរាមច្បងក៏កាត់ចិត្តបានហើយគិតថា បទពិសោធន៍ការងារក៏សំខាន់ដែរ។ម្យ៉ាងខ្ញុំមានបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសមួយហើយ ភាសាកូរ៉េក៏អាចប្រើការបាន រកការងារធ្វើសិនក៏ល្អដែរ”។ ការតស៊ូ និងការអប់រំបានជួយអោយកញ្ញាអាចប្រើប្រាស់ភាសាកូរ៉េ អាចប្រើប្រាស់ភាសាកូរ៉េបានយ៉ាងស្ទាត់ជំនាញ។មកដល់មាតុប្រទេសភ្លាម កញ្ញាអាចរកបានការងារជាអ្នកបកប្រែភាសាកូរ៉េនៅក្រុមហ៊ុនសាងសង់មួយភ្លាម ជាមួយនឹងប្រាក់បៀរវត្សរង្វង់ ៦០០ដុល្លារ។ ធ្វើការងារបានមួយរយៈកញ្ញាបានលាឈប់ធ្វើការងារជាអ្នកបកប្រែព្រោះគិតថា ការងារនេះមិនអាចអោយកញ្ញាបញ្ចេញអស់នូវសមត្ថភាពដែលខ្លួនមាននោះទេ។ ដូច្នេះហើយនៅដើមឆ្នាំ២០១៧ ក៏បានចូលបម្រើការងារនៅក្រុមហ៊ុនមួយទៀតឈ្មោះថា Phnomlist។ Phnomlist គឺជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្មផ្នែកប្រឹក្សាយោបល់ និងជ្រើសរើសបុគ្គលិក ដែលម្ចាស់ភាគហ៊ុនធំគឺជាជនជាតិម៉ាឡេស៊ី។ក្នុងតួនាទីជាអ្នកលក់នៅក្រុមហ៊ុន កញ្ញាត្រូវបានថ្នាក់ដឹកនាំចាត់ទុកជាបុគ្គលិកម្នាក់ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ រហូតតំឡើងតួនាទីជាអ្នកគ្រប់គ្រង់ទូទៅនៅ ប៉ុន្មានខែចុងក្រោយនេះ។ មកដល់បច្ចុប្បន្នក្មេងស្រីម្នាក់ ដែលមានប្រវត្តិស៊ីឈ្នួលលាងចានអោយគេ ពេលនេះ មានលទ្ធភាពផ្គត់ផ្គង់អ្នកមានគុណទាំងពីរបានរស់នៅសមរម្យដោយមិនបារម្ភពីការចំណាយ មានរថយន្តជិះសមរម្យ ថែមទាំងបើក Mini Mart អោយអ្នកទាំងពីរមើលការខុសត្រូវទៀតផង។ កញ្ញាក៏ជាម្ចាស់ភាគហ៊ុន ១០% នៅក្រុមហ៊ុន Phnomlist ផងដែរ។
ក្នុងនាមជាអ្នកគ្រប់គ្រងវ័យក្មេង សៅបូរីណា តែងចាត់ទុកខ្លួនឯងត្រឹមបុគ្គលិកធម្មតាជាមួយនឹងការទទួលខុសត្រូវមួយដែលក្រុមហ៊ុនផ្តល់អោយ។
ការបោះជំហានមកដល់ចំណុចនេះត្រូវបាន កញ្ញា សៅបូរីណា លើកឡើងថា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ មនុស្សម្នាក់ៗត្រូវតែមាន គោលដៅ និងការពុះពារដើរសំដៅទៅមុខ។ ការមិនចុះចាញ់នឹងការលំបាក ព្រោះគ្មានភាព ជោគជ័យណា ដែលអាចកើតឡើង ដោយឯកឯង ឬគ្មានការតស៊ូនោះទេ។ បើអ្នកហត់អាចសម្រាកបាន ប៉ុន្តែកុំបោះបង់។ សៅបូរីណា បានប្រាប់ថា កម្លាំងចិត្តដ៏មហិមានេះ បានពីការតស៊ូយ៉ាងលំបាកលំបិន របស់ម្ដាយឪពុកនាង។ ក្តីប្រាថ្នាបន្ទាប់របស់កញ្ញា គឺការពង្រឹកក្រុមហ៊ុន Phnomlist ឲ្យកាន់តែទទួលបានការគាំទ្រ និងភាពរីកចម្រើនទៅមុខ៕
សូមទស្សនាវីដេអូ