រដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំបុណ្យសមុទ្រវិញហើយ ដោយធ្វើឲ្យប្លែកជាងឆ្នាំមុនៗ

  • 2021-02-09 09:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០១៩ កន្លងទៅនេះ បុណ្យសមុទ្រត្រូវបានរៀបចំក្នុងទឹកដី នៃខេត្តកំពត ហើយចំពោះឆ្នាំ២០២០ គឺដោយសារ តែ មានការរីករាលដាល នៃជំងឺកូវិដ១៩ ដូចនេះក៏ត្រូវអាក់ខានមិនបានធ្វើ។ ហើយរហូតមកដល់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះ បុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថា នឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត ហើយក៏មានការរៀបចំឱ្យមានវិថីម្ហូបអាហារផងដែរ ។

ឯកឧត្តម គួច ចំរើន បានលើកឡើងឱ្យមានការតាក់តែងនិពន្ធរឿង ឬសិល្បៈសម្ដែងនៅព្រឹត្តិការណ៍ទេសចរណ៍នេះ ដែលរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ ឬហៅតាមឈ្មោះចាស់ថា កំពង់សោម ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។

ចំពោះទីតាំងរៀបចំកម្មវិធីបុណ្យធំៗ និងកម្មវិធីនានាទៀតនោះ ក្រុមការងារនឹងបន្តពិភាក្សាកំណត់ឱ្យបានច្បាស់លាស់បន្ថែមទៀត៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី