ដំណើរពីស្រីបម្រើរហូតក្លាយជារាជិនីសិល្បៈរបស់ Fan Bing Bing
- 2021-02-12 06:51:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរពីស្រីបម្រើរហូតក្លាយជារាជិនីសិល្បៈរបស់ Fan Bing Bing
ចន្លោះមិនឃើញ
ចាប់ផ្ដើមពីតួស្រីបម្រើ ជីនស៊ូ ដ៏តូចតាចមួយក្នុងរឿង "ព្រះនាងយេយេ" វគ្គ១និង ២ នៅពេលនេះ អាចនិយាយបានថា Fan Bing Bing គឺជាតារាសម្ដែងស្រីដែលមានឥទ្ធិពលជាងគេក្នុងវិស័យសិល្បៈចិន។
តារាសម្ដែងស្រីល្បីឈ្មោះរបស់ប្រទេសចិន Fan Bing Bing កើតនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៨១ នៅខេត្ត Shandong ប្រទេសចិននៅក្នុងគ្រួសារដែលមានជីវភាពធូរធារមួយ។ឪពុករបស់នាងគឺជាតារាចម្រៀងម្នាក់នៅក្នុងក្លឹបសិល្បៈកងទ័ពជើងអាកាស ហើយម្ដាយនាងគឺអ្នករាំរបាំល្បីឈ្មោះម្នាក់នៅក្នុងខេត្ត។ Fan Bing Bing ត្រូវទទួលការជះឥទ្ធិពលខ្លាំងពីឪពុកម្ដាយ ដូចនេះនាងបានចូលចិត្តសិល្បៈតាំងពីតូចក្រូចឆ្មាម្ល៉េះ។ តារាស្រីរូបនេះមានប្អូនប្រុសម្នាក់ដែលមានអាយុតិចជាងខ្លួន ១៩ ឆ្នាំ ឈ្មោះថា Fan Cheng Cheng។
តួសម្ដែងចៀវៃរបស់ Ruby Linក្នុងរឿង "ព្រះនាងយេយេ" ដើមឡើយគឺរបស់ Fan Bing Bing
នៅក្នុងវ័យ ១៥ ឆ្នាំ ជាមួយនឹងទម្រង់មុខស្រស់ស្អាតនិងស្លូតបូត ក្មេងស្រីមកពីខេត្ត Shandong នេះត្រូវបានគេទទួលឲ្យចូលរៀននៅសាលាបណ្ដុះបណ្ដាលតារាសម្ដែងរបស់ផលិតករជើងចាស់ Nicholas Tan។ នៅក្នុងកំឡុងពេលតាមរៀននៅទីនេះ Fan Bing Bing បានទទួលការជ្រោមជ្រែងរបស់តារាសម្ដែងរៀមច្បង Leanne Liu។ ហើយនេះក៏ជាព្រេងវាសនាដែលនាំឲ្យនាងបានចូលសម្ដែងក្នុងរឿង "ព្រះនាងយេយេ" ផងដែរ។
ដោយសារតែមានកែវភ្នែកធំនិងខ្មៅហើយមើលទៅពេលណាក៏ដូចជាកំពុងពិបាកចិត្តនោះ Fan Bing Bing ត្រូវបានកំពូលកវីប្រលោមលោក Chiung Yao ឲ្យដើរតួ ចៀវៃ ជាបុត្រីមួយអង្គដែលត្រូវវង្វេងរបស់ស្ដេច Qianlong។ នៅពេលនោះ តួត្រចៀកកាំត្រូវគេគ្រោងប្រគល់ឲ្យតារាសម្ដែងតៃវ៉ាន់ Li Ting Shi។ យ៉ាងណាក៏ដោយ ក្ដីសង្ឃឹមបានដើរតួឯករបស់ស្រីស្អាតត្រកូល Fan ត្រូវបានរលត់បាត់ នៅពេល Li Ting Shi បដិសេធមិនព្រមដើរតួ ត្រចៀកកាំហើយត្រូវផ្ទេរឲ្យតារាសម្ដែងថ្មី Zhao Wei វិញ ហើយតួ ចៀវៃរបស់ ក្មេងស្រី Bing Bing ក៏ត្រូវផលិតករផ្ទេរឲ្យតារាសម្ដែងតៃវ៉ាន់ Ruby Lin វិញដែរ។ Fan Bing Bing នៅពេលនោះបានត្រឹមដើរតួស្រីបម្រើឈ្មោះ ជីនស៊ូ របស់ព្រះនាងទាំង២។
ទទួលជោគជ័យពីតួរង
បើទោះបីជាត្រូវគេ "ទម្លាក់" ពីព្រះនាងចុះមកនៅត្រឹមអ្នកបម្រើក៏ពិតមែន តែ Fan Bing Bing ក៏ទទួលចំណាប់អារម្មណ៍មិនតិចជាង Zhao Wei និង Ruby Lin ប៉ុន្មានដែរ។ ខណៈពេលនោះ បណ្ដាញព័ត៌មានក៏ដូចទស្សនិកជនតែងតែហៅតារាកើតឆ្នាំ ១៩៨១ ថាជីនស៊ូ រាល់ពេលនាងចេញទៅណាម្ដងៗ។
ជោគជ័យមកដល់ជាបន្តបន្ទាប់
អាជីពជាតារាសម្ដែងរបស់ Fan Bing Bing រឹតតែរីកដុះដាលឡើងតទៅទៀតនៅពេលនាងចុះកុងត្រាក្លាយជាតារាក្រោមការគ្រប់គ្រងរបស់ Huayi Brothers ក្រុមហ៊ុនកម្សាន្តចម្រុះធំបំផុតរបស់ប្រទេសចិនក្នុងឆ្នាំ ២០០០។ ក្នុងឆ្នាំ ២០០៣ ជាមួយនឹងតំណែងតួឯកក្នុងភាពយន្ត "Cell Phone” បាននាំឲ្យ Fan Bing Bing ទទួលបានពានរង្វាន់ "តារាសម្ដែងស្រីឆ្នើមបំផុត" ក្នុងកម្មវិធីប្រគល់ពាន Baise Hua លើកទី ២៧។ ចាប់ពីពេលនោះមក នាងក៏បានចូលរួមទទួលសម្ដែងរឿងភាពយន្តច្រើនជាងពីមុនដែលធ្លាប់តែថតរឿងភាគទូរទស្សន៍។ នៅខែកុម្ភៈ ឆ្នាំ ២០០៧ មិត្តស្រីរបស់ Li Chen បានរកឃើញវិថីថ្មីមួយផ្សេងនៅក្នុងអាជីពរបស់ខ្លួន ដោយនាងបានដើរចេញពី Huayi Brothers និងបើកក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនដោយយកឈ្មោះថា "Bing Bing Studio”។
ចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់ Fan Bing Bing ត្រូវបានឡើងទៅកម្រិតថ្មីមួយទៀត។ Bing Bing ចាប់ផ្ដើម "ប្រមូល" ពានរង្វាន់ដ៏មានតម្លៃទាំងក្នុងនិងក្រៅប្រទេស។ ដើមឆ្នាំ ២០០៧ នាងបានទទួលពាន "តារាសម្ដែងរងល្អបំផុត" ក្នុងកម្មវិធីប្រគល់ពាន Golden Horse Awards សម្រាប់រឿង "The Matrimony"។ ពាក់កណ្ដាលឆ្នាំ ២០០៧ Fan ដណ្ដើមបានពាន "តារាសម្ដែងស្រីល្អបំផុត" នៅមហោស្រពភាពយន្តអាស៊ី-អឺរ៉ុប សម្រាប់ភាពយន្ត "Lost In Beijing”។ មកដល់ឆ្នាំ ២០១០ Fan Bing Bing ទទួលបានពាន "តារាសម្ដែងស្រីឆ្នើមបំផុត" ក្នុងមហោស្រពភាពយន្ត Tokyo លើកទី ២៤ ជាមួយភាពយន្ត "Budda Mountain”។ ចាប់ពីតាំងពីឆ្នាំ ២០១០ នោះដែរ កេរ្តិ៍ឈ្មោះរបស់ Fan Bing Bing ត្រូវបានគេយកមកផ្សព្វផ្សាយឲ្យម៉ាកយីហោធំៗបំផុតនៅលើទីផ្សារអន្តរជាតិ។
បោះជើងចូលទីផ្សារហូលីវូដ
ទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅទឹកដីកំណើតប្រទេសចិននិងបណ្ដាប្រទេសអាស៊ីអស់ចិត្តអស់ចង់ហើយ Fan Bing Bing ចាប់ផ្ដើមបង្ហាញមហិច្ឆតាដ៏ធំបំផុតរបស់ខ្លួន នោះគឺឈានជើងចូលវិស័យភាពយន្តរបស់ ហូលីវូដ។ អាចនិយាយបានថា ឆ្នាំ ២០១៤ គឺជាឆ្នាំដែលមិនអាចបំភ្លេចបានរបស់ស្រីស្អាតសាច់សខ្ចីរូបនេះ ដោយនាងត្រូវបានផលិតករអាមេរិកអញ្ជើញឲ្យដើរតួ Blinkក្នុងរឿង "X-men: Days of Future Past”។
ពីស្រីបម្រើម្នាក់ ក្លាយជាស្ដេចស្រីតែមួយគត់របស់ប្រទេសចិន
ឆ្នាំ ២០១៥ អាចនិយាយបានថាជាឆ្នាំដែលទទួលបានជោគជ័យខ្លាំងបំផុតរបស់ស្រីស្អាតមានកម្ពស់ ១,៦៨ម មួយនេះ។ នៅក្នុងឆ្នាំ ២០១៥ Fan Bing Bing ត្រូវបានទស្សនាវដ្ដី Forbes ប្រកាសជាតារាសម្ដែងដែលមានចំណូលខ្ពស់ទី៤ នៅលើពិភពលោកខ្ពស់ជាងតារាស្រីហូលីវូដជាច្រើន។ ដើមឆ្នាំ ២០១៥ Fan Bing Bing ប្រកាសគម្រោងភាពយន្តធំបំផុតតាំងពីមុនមករបស់ខ្លួនគឺរឿងភាគ "The Empress of China” ដែលរឿងនេះ តារាស្រីត្រកូល Fan គឺជាអ្នកផលិតដោយផ្ទាល់ និងត្រូវបានដាក់ទុនផលិតរហូតដល់ទៅ ៥០ លានដុល្លារអាមេរិក។ Fan Bing Bing បានប្រថុយកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើកនេះ ដោយមិនខ្លាចទទួលបរាជ័យនៅពេលហ៊ានដើរតួ អ៊ូ ម៉ីនាង ពីអាយុ ១៤ ឆ្នាំរហូត ៨០ឆ្នាំដោយមិនប្រើតួជំនួសណាទាំងអស់ពីដើមដល់ចប់។ Fan Bing Bing បាននិយាយពីរឿងមួយនេះថា "ខ្ញុំជឿជាក់ថា តារាស្រីណាម្នាក់ក៏ចង់ដើរតួ អ៊ូ ម៉ីនាង ម្ដងនៅក្នុងជីវិតរបស់ពួកគេដែរ ហើយខ្ញុំក៏មិនខុសពីពួកគេនោះដែរ។ ខ្ញុំអាចបោះបង់ចោលអ្វីគ្រប់យ៉ាងដើម្បីតួអង្គមួយនេះ"។
Fan Bing Bing មិនបាននិយាយលលេងចំពោះអ្វីដែលនាងនិយាយនោះទេ គឺនាងបានលះបង់ទាំងកម្លាំងកាយចិត្តរបស់ខ្លួនទាំងអស់សម្រាប់រឿងនេះ។ គ្រាន់តែសំលៀកបំពាក់តួអង្គស្រីនៅក្នុងរឿងនេះ Fan Bing Bing បានបញ្ជាឲ្យច្នៃជាង ៣០០០ឈុតឲ្យអ្នកម្នាងក៏ជាស្រីស្នំផ្សេងទៀត។ រីឯឈុតស្ដេចស្រីដែល អ៊ូ ម៉ីនាង ស្លៀកនៅក្នុងភាគបញ្ចប់នោះ ត្រូវបានច្នៃឡើងដោយជាងជំនិតប្រមាណជាង ១០ នាក់ក្នុងរយៈពេល៣ថ្ងៃ។ មិនខុសពីការប៉ាន់ស្មានរបស់អ្នកជំនាញ នៅពេលចេញចាក់ផ្សាយ "The Empress of China” បានបំបែកគ្រប់កំណត់ត្រារបស់ទូរទស្សន៍ចិនទាំងអស់ដោយមានចំនួនអ្នកទស្សនាច្រើនមិនធ្លាប់មានពីមុនមក។ ចំណែកឯអ្នកទស្សនាតាមអ៊ីនធឺណិតវិញបានកើនឡើងដល់ ៧ប៊ីលានដងគិតមកដល់ភាគបញ្ចប់របស់រឿង។ មិនត្រឹមតែប៉ុណ្ណោះ រឿងភាគមួយនេះក៏ត្រូវបានលក់ចេញទៅបណ្ដាប្រទេសអាស៊ីជាច្រើននៅក្នុងនោះរួមមានទាំងកម្ពុជាផងដែរ៕