មុខងារថ្មីមួយលើ Firefox បញ្ឈប់ការតាមដានរបស់ក្រុមហ៊ុនលើអ្នកប្រើវេបសាយ

  • 2021-02-24 07:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន Mozilla បានឱ្យដឹងថា មុខងារថ្មីនេះកម្មវិធី Firefox នឹងរក្សាទុកឃុកឃី (Cookies) របស់វេបសាយនីមួយៗដាច់ដោយឡែកពីគ្នា។

ការធ្វើបែបនេះគឺដើម្បីកុំឱ្យឃុកឃីពីគេហទំព័រមួយអាចចូលទៅទាញយកទិន្នន័យ ឬផ្ដល់ទិន្នន័យទៅឱ្យឃុកឃីរបស់គេហទំព័រមួយទៀត ដែលការតាមដាននេះធ្វើឱ្យប៉ះពាល់ដល់ព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់។

គួររំឮកផងដែរថា កាលពីដំបូងឃុកឃី (Cookies) ត្រូវបានបង្កើតឡើងដើម្បីសំគាល់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលពួកគេចូលទៅក្នុងគេហទំព័រណាមួយ និងដើម្បីរក្សាទុកទិន្នន័យមួយចំនួនដូចជា ឈ្មោះវេបសាយដែលលោកអ្នកបានចូលមើលដើម្បីធ្វើឱ្យការប្រើប្រាស់វេបសាយកាន់តែងាយស្រួល ប៉ុន្តែ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានប្រើឃុកឃីនេះដើម្បីទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ទៅធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។

ដូច្នេះប្រសិនបើលោកអ្នកមិនចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយដែលលោកអ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រឬទូរសព្ទ លោកអ្នកអាចប្រើមុខងារ Incognito Tab ឬ Private Tab ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីម្សិលមិញ៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទថ្មី