លោកស្រី ឆាយ ស៊ីវលីន៖ ការពង្រឹងសមត្ថភាព ធ្វើឲ្យស្ដ្រីជឿជាក់ និងសម្រេចសុបិនខ្លួនឯង

  • 2021-03-08 02:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្រ្តីចូលរួមសំរេចចិត្ត និងភាពជាអ្នកដឹកនាំ មានការកើនឡើងគួរកត់សំគាល់ រាប់តាំងពីសង្គមនយោបាយ គណៈគ្រប់គ្រងខេត្ត សហគ្រិន ស្ថាប័នឯកជន សុទ្ធតែត្រូវបានលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាផ្តល់ឱកាសឲ្យបញ្ចេញសមត្តភាពក្នុងការដឹកនាំ សំរេចចិត្ត និងជឿជាក់លើខ្លួនឯង។

សូមចុចអាន៖ លោកស្រី ឆាយ ស៊ីវលីន ពី​បុគ្គលិក​ប្រាក់​ខែ៣០​ដុល្លារ​ ក្លាយ​ជា​ថៅកែ និង​ប្រធាន​សមាគម​ទេសចរ​​ធំមួយ

តើធ្វើយ៉ាងណាឲ្យស្ដ្រី កាន់តែមានភាពជឿជាក់ និងសម្រេចបាននូវសុបិនរបស់ខ្លួនបន្ថែមទៀត? ឆ្លើយតបនឹងសំណួរនេះ លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ Sabay ថា ដើម្បីឲ្យស្រ្តីអាចសម្រេចបាននូវសុបិនរបស់ខ្លួននោះ គឺស្រ្តីត្រូវពង្រឹង និងពង្រីកសមត្ថភាព របស់ខ្លួនជាប់ជានិច្ច។

ទន្ទឹមនឹងនេះ ការចូលរួមជួយសង្គម ជាឱកាសបង្ហាញសមត្ថភាពរបស់ស្ត្រី និងទទួលព័ត៌មានបានច្រើន ជាគន្លឹះអាចជួយជំនះការភ័យខ្លាចរបស់ស្ត្រី ហ៊ានទទួលការទំនាក់ទំនង ឈានទៅដល់ការផ្គូរផ្គងរកទីផ្សារ រកដៃគូរសហការ មានភាពជឿជាក់ អាចឈានដល់ការសំរេចក្តីសុបិនរបស់ខ្លួន។

ចំពោះសំណួរសួរថា តើស្រ្តីបច្ចុប្បន្ននេះ នៅប្រឈមអ្វីខ្លះ លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថា ទោះជាមានការលើកកំពស់សមភាពយេនឌ័រយ៉ាងផុលផុសនៅកម្ពុជាក្តី ក៏ស្ត្រី នៅតែប្រឈមនិងអំពើហឹង្សារពីបុរស ដែលជិតស្និទ្ធបំផុត។ ដំណោះស្រាយ ត្រូវបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយជាងនេះ អំពីសិទ្ធ និងការការពារស្ត្រីដល់មជ្ឈដ្ឋានទូទៅដោយមិនប្រកាន់ថាជារឿងគ្រួសាររបស់គេទេ លើសពីនេះអាជ្ញាធរដែនដីត្រូវអនុវត្តច្បាប់អោយបានហ្មឺងម៉ាត់។ ជាពិសេសជាងនេះទៀត ការបញ្ច្រាបពីសមភាពយេនឌ័រត្រូវបញ្ជ្រាបដល់បុរសផងដែរ ទើបការយល់ដឹងទទួលបានទាំងអស់គ្នា។

ជាចុងក្រោយអ្នកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា «ខ្ញុំសូមផ្ញើរសារដល់ស្ត្រីទូទាំងប្រទេស សូមបន្តរការពង្រឹង និងពង្រីកចំណេះដឹង ដើម្បីឈានដល់ការចាប់យកឱកាសក្នុងការបង្ហាញសមត្ថភាព ភាពជឿជាក់ និងរឹងមាំនឹងកើតមានឡើង។ពេលបំពេញកិច្ចការដោយចំណេះដឹង ស្ត្រីអាចធ្វើបានល្អជាងបុរស ព្រោះស្រ្តីមានភាពអត់ធ្មត់ច្រើនជាង មានសិល្បៈជាង ទន់ភ្លន់ជាង និងអាចមើលឃើញចំនុចតូចៗដែលខ្វះខាតបានច្រើនជាង»

សូមមានភាពជឿជាក់លើខ្លួនឯង ថាខ្លួនឯងមានចំនុចទាំងនេះ”។ នេះជាការបន្ថែម ពីលោកស្រី ឆាយ ស៊ីវលីន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី