នេន សុធារដ្ឋ ថាគ្រប់កីឡាករស្វាយរៀងសុទ្ធតែពិបាកទប់ទល់

  • 2021-04-01 08:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមកចូលរួមជាមួយណាហ្គាវើលដ៍ នេន សុធារ័ត្ន ទើបតែប្រឈមមុខនឹងក្រុមចាស់ ព្រះខ័នរាជស្វាយរៀងជាលើកដំបូង នៅក្របខ័ណ្ឌ​លីគ​​កំពូល​កម្ពុជា ក្នុង​សប្ដាហ៍ទី៤រដូវកាលឆ្នាំ២០២១។

ក្នុងជំនួបទល់នឹងក្រុមចាស់ នៅកីឡដ្ឋានខេត្តស្វាយរៀង សុធារ័ត្នមានអារម្មណ៍តានតឹង ប្រឹងជាងមុន និងចាត់ទុកកីឡាករខ្លាំងមួយនេះថា គ្រោះថ្នាក់ពិបាកទប់ទល់ មិនថាកីឡាករខ្មែរឬបរទេស​។

ខ្សែការពារកើតចេញពីយុវជនក្លឹបស្វាយរៀង បានលើកហេតុផលថា ៖«ខ្ញុំមានអារម្មណ៍ប្លែកខ្លាំង ព្រោះពីមុនជាក្រុមតែមួយ ពេលដែលប្រកួតខ្ញុំព្យាយាមខ្លាំងជាងមុន និងព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ព្រោះថាកន្លែងខ្លះយើងប្រឹងហួសកម្លាំងយើងខ្លាំងពេកអាចខុស។ សម្រាប់​ក្រុមស្វាយរៀង គេសំបូរកីឡាករល្អៗ ហើយការសហការជាក្រុមគេបានល្អ អ៊ីចឹងសម្រាប់កីឡាករគេមួយណាក៏យើងអាចពិបាកដែរ យើងមិនគិតថាកីឡាករបរទេស ឬកីឡាករខ្មែរទេ»។

ការប្រកួតដណ្ដើមពានរង្វាន់ MCL រដូវកាលឆ្នាំ២០២១-២០២២ ក្រុមភ្ញៀវ​ណាហ្គាវើលដ៍ បាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះ ៣-១។ បច្ចុប្បន្នម្ចាស់ជើង​លីគកំពូល​៣សម័យកាលមាន៣ពិន្ទុ ឈរនៅលេខរៀងទី៥ ក្រោយឈ្នះ១ ចាញ់១នាកន្លងមក។

ការបរាជ័យលើកនេះ ខ្សែការពារជម្រើសជាតិកម្ពុជាយល់ថា ម្ចាស់រងជើងឯកពានរង្វាន់ Binh Phuoc TV Cup ឆ្នាំ២០១២ និង២០១៤ មានគុណភាព ព្រមទាំងធ្វើបានល្អនៅតំបន់ប្រយុទ្ធ។ ចំណែកក្រុមរបស់ខ្លួន មិនពេញជើងពោលគឺ បាត់បង់កីឡាករសំខាន់ៗនៅតំបន់ប្រយុទ្ធ និងបម្រើ។

គួរបញ្ជាក់ថា នេន សុធារ័ត្ន ជាអតីតកីឡាកររបស់ក្រុមលោក Conor Nestor ក្រោយគេមកចូលរួមជាមួយក្រុមលោក មាស ចាន់ណា នៅរដូវកាលនេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី