ប្រេីល្បិចដាក់ប៉ូលិសលួចទៅស្រុក​ដល់ផ្ទះភ្លាមជុំគ្រួសារ-មិត្តភក្ដិជប់លៀង២ដង​ ទេីបតេស្តវិជ្ជមានកូវីដ

  • 2021-04-19 07:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមចំពោះករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី ១៩ មេសា ឆ្នាំ២០២១។ បុរសវិជ្ជមានកូវីដ១៩ រូបនេះមានឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ សានសឹង នៅរាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា បុរសឈ្មោះ អ៊ុក សាឌី មុនថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ធ្វើការនៅរោងចក្រសានសឹង នៅកំបូល រាធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដួលម៉ូតូ និងបានសំរាកការងារ។

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរ (មធ្យោបាយម៉ូតូ) ជាមួយមិត្តភ័ក រស់នៅភូមិឃុំជាមួយគ្នា ឈ្មោះ ហេង កុសល ភេទប្រុស (ជាកម្មករសំណង់ នៅបែកចាន រាជធានីភ្នំពេញ) ពីកំបូល រាជធានីភ្នំពេញ មកកាន់ស្រុកកងមាស ដោយឆ្លងកាត់តាម ស្ពានព្រែកតាមាក់ បន្តដំណើរតាមឆ្លងកាត់ស្រុកស្រីសន្ធរ និងឆ្លងដរភូមិថ្មី-មហាខូង មក ស្រុកកងមាស ក្នុងពេលធ្វើដំណើរមក បានប្រាប់កងកម្លាំងដែលប្រចាំការនៅតាម គោលដៅថា ផ្ទះខ្លួននៅជិតនេះ ទើបកម្លាំងប្រចាំការអនុញ្ញាតឱ្យបន្ដដំណើរមក និងបាន ចូលចាក់សាំងម៉ូតូ នៅតាមតូបលក់សាំងមួយកន្លែង នៅម្ដុំរការចាង ស្រុកមុខកំពូល។ នៅម៉ោង៥ល្ងាចថ្ងៃដដែល បានមកដល់ផ្ទះនៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស នៅ ដល់ម៉ោង៦យប់ មានរៀបចំកម្មវិធីជួបជុំអាហារពេលល្ងាចនៅផ្ទះខ្លួនដែរមានអ្នកចូលរួម ចំនួន០៤នាក់ រហូតដល់ម៉ោង៨យប់ បាននាំគ្នាបន្តកម្មវិធីជួបជុំទទួលទានគ្រឿងស្រវឹងនៅផ្ទះឈ្មោះ ប៉ាវ មីរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ដែរម្ចាស់ផ្ទះមិន នៅ មានសមាជិកគ្រួសារ ០២នាក់សរុបរួមមាន ចំនួន០៦នាក់ ហូបគ្រឿងស្រវឹងរួមគ្នា។

  • ថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០២១ គាត់ស្នាក់នៅជាមួយបង ដែលមានសមាជិក គ្រួសារចំនួន ០៤នាក់។

  • ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។

  • ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ។

  • ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈបញ្ចាក់ថា បុរសខាងលើវិជ្ជមានកូវីដ-១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាល ខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺ មកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដខាងលើ មានចំនួន ១៤នាក់ ក្នុងនោះក្រុមគ្រួសារអ្នកជំងឺចំនួន ០៦នាក់ និងមិត្តភ័កដែលបានចូលរួមជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាមានចំនួន ០៧នាក់ និងអ្នករួមដំណើរ ជាមួយមកពីភ្នំពេញ ០១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវបន្ថែមទៀត ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម