ស្រុក​ទេស​ផ្ទុះកូវីដ ព្រីង ចិត្រា បាន​ត្រឹម​ព្យាបាល​របួស​​ខ្លួន​ឯង​នៅ​ផ្ទះ​ប៉ុណ្ណោះ!

  • 2021-04-22 04:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធរបស់​​ក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុបយូណាយធីត ព្រីង ចិត្រា បាន​រង​របួស​ជង្គង់​ក្រោយ​ប៉ះទង្គិចជាមួយ​ខ្សែ​ប្រយុទ្ធ Cristiano Sergipano របស់ TIFFY ARMY ក្នុងប្រកួតទី​២​របស់​ខ្លួន​ក្នុង​សប្ដាហ៍​ទី​៣ នៃ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​លីគកំពូល​កម្ពុជា​រដូវ​កាល​នេះ។

របួស​នេះ​បាន​ធ្វើ​ឱ្យ​ ចិត្រា ខកខាន​លេង​ចំនួន​ពីរ​ប្រកួតទល់​នឹង​ក្រុម​នគរបាលជាតិ និង​ម្ចាស់ជើងឯក​លីគកំពូល​កម្ពុជា ២​សម័យ​កាលព្រះខ័នរាជស្វាយរៀង។

ចំពោះ​ការ​ព្យាបាល អតីត​កីឡាករ​ខេត្ត​កណ្ដាល បាន​ប្រើ​វិធី​ព្យាបាល​របួស​ខ្លួន​ឯង​នៅ​ផ្ទះដូចជាស្អំទឹកកក លេបថ្នាំ និង​ធ្វើ​លំហាត់​ខ្លះៗតែ​ប៉ុណ្ណោះ ព្រោះ​តែ​ស្រុកទេស​កំពុង​ផ្ទុះ​ជំងឺ​វីដ-១៩​ មន្ទីរ​ពេទ្យ​ត្រូវ​បាន​បិទមិន​អាច​ទៅ​ព្យាបាលបាន។ រីឯការ​ចំណាយជា​បន្ទុក​របស់​ក្លឹប​។

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ពាក់កណ្ដាល​អាជីព TN KANDAL បាន​ពន្យល់​ថា ៖«ពេល​ភ្លាមៗ​ដើរ​ឈឺ​ខ្លាំង តែ​ប្រហែល​បាន​បួន​ថ្ងៃអី​ដើរ​បាន​ធម្មតា គ្រាន់​តែ​ពិបាក​បត់បែន។ ដល់​ឥឡូវ​រត់​អី​បាន​អត់​ឈឺ​ទេ តែ​វា​នៅ​ធ្វើ​ទុក្ខ​ម្ដងៗ​ដែរ។ ព្យាបាល​​នៅ​ផ្ទះ​ដូចជា​ស្អំ​ទឹកកក ញ៉ាំ​ថ្នាំ និង​ធ្វើ​​លំហាត់​ចលនា​ខ្លះៗ»។

ដំបូងឡេីយ ព្រីង ចិត្រា គ្រាន់ជា​អ្នក​លេងបាល់ធម្មតាតាមសាលា និង​បានចូលរួមលេងតំ​ណាងឱ្យ​សាលាវិទ្យាល័យហ៊ុនសែនស្អាង ក្នុង​ពាន​រង្វាន់​សិស្សខេត្ដកណ្ដាល​ឆ្នាំ ២០១៤ ដល់​​ ២០១៦។

ឆ្នាំ២០១៦ដដែល គេ​ក៏​បានចូលរួមលេងពានរង្វាន់​សម្ដេចហ៊ុនសែនឱ្យ​ខេត្តកណ្ដាល។ ចុងឆ្នាំ ២០១៦ ចិត្រា បាន​លេង​ឱ្យ​ក្លឹប​ពាក់កណ្ដាលអាជីព TN KANDAL និង​ចុងក្រោយគេ​ធ្វេីតេសជាប់នៅ​ក្លឹប​អាស៊ី​អឺរ៉ុប​យូណាយធីតនា​ដើម​ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន។

តាំង​ពី​ឆ្នាំ​២០១៧​មក គេ​លេង​តំណែង​បម្រើ​ការពារ​មិន​ដែល​ស៊ុត​ចូល​ឡើយ ទើប​ចុង​ឆ្នាំ​២០២០ គេ​ត្រូវ​បាន​ប្ដូរ​មក​លេង​ប្រយុទ្ធ និង​ទាត់​ចូល​ទី​គូប្រជែង​បាន​៣គ្រាប់ ចំណែក​ពីរ​ប្រកួត​​ឆ្នាំ​ថ្មី​នេះ​ គេ​រក​បាន​២​គ្រាប់ហើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម