ក្រៅពីត្រូវប៉ាម៉ាក់ជំទាស់មិនឲ្យធ្វើតារា ធ្លាប់សុំគេច្រៀងតាមផ្លូវផង តើ Yuqi មានរឿងអ្វីទៀតពីក្រោយភាពល្បីល្បាញ?
- 2021-05-18 09:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីត្រូវប៉ាម៉ាក់ជំទាស់មិនឲ្យធ្វើតារា ធ្លាប់សុំគេច្រៀងតាមផ្លូវផង តើ Yuqi មានរឿងអ្វីទៀតពីក្រោយភាពល្បីល្បាញ?
ចន្លោះមិនឃើញ
Yuqi គឺជាសមាជិកទី ២របស់ (G)I-DLE ដែលបានវិវត្តខ្លួនផ្លូវការក្លាយជាតារាទោលម្នាក់ទៀតប្រចាំពិភព K-Pop។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ នាងទើបតែបានចេញបទទោលថ្មីមានចំណងជើងថា «Giant» ដែលចេញមក មានការគាំទ្រមិនធម្មតា មិនចាញ់បទក្រុមប៉ុន្មានឡើយ។
តារាស្រីជនជាតិចិនរូបនេះក៏បានតស៊ូច្រើនដែរលើវិថីសិល្បៈមួយនេះ ដើម្បីបំពេញក្ដីសុបិនរបស់ខ្លួន និងធ្វើយ៉ាងឲ្យខ្លួនឯងកាន់តែអាចឈានឡើងបានមួយកម្រិតពី Level ដែលនាងខំសាងកន្លងមក។ ដូចនេះក៏ដល់ពេលយើងទៅដឹងពីប្រវត្តិរូបត្រួសៗ និងចំណង់ចំណូលចិត្តខ្លះរបស់នាង។
១. Yuqi មានឈ្មោះពេញ Song Yu Qi ជាជនជាតិចិន កើតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៩ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
២. នាងគឺជាកូនទោលក្នុងគ្រួសារ បានន័យថាប្រៀបដូចជាគ្រាប់ភ្នែករបស់ម្ដាយឪពុកអ៊ីចឹង។ អ្វីដែលគួរឲ្យសរសើរ ក្មេងស្រីរូបនេះ មានភាពឆ្លាតវៃ និងក្លាហានតាំងតែពីក្មេងមក។ ដូចនេះគ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីនាងមានសមត្ថភាពចូលរៀនដល់សាលា Beijing 100 Middle School។
៣. ងាកចូលដំណើរឈានចូលសិល្បៈវិញ មិនស្រួលឡើយ ព្រោះតាមពិតមិនមែនជាអ្វីដែលឪពុកម្ដាយនាង ចង់ឲ្យធ្វើទេ ដូចនេះពួកគាត់ជំទាស់ដាច់ខាតមិនឲ្យកូនចូលឡើយ។ ដោយហេតុនេះទើប Yuqi ដល់ថ្នាក់អង្វរឪពុកម្ដាយ សុំការអនុញ្ញាតិរាល់ថ្ងៃ ពេលណាប៉ាម៉ាក់ជំទាស់ក៏យំ និងនៅតែព្យាយាមធ្វើយ៉ាងឲ្យគាត់ទាំង ២ ព្រមឲ្យខ្លួនបានធ្វើជាតារា។ ទោះជាយ៉ាងណា នាងដឹងថាអ្វីដែលឪពុកម្ដាយធ្វើនេះ សុទ្ធតែកើតចេញពីការបារម្ភ និងទឹកចិត្តស្រឡាញ់ទាំងអស់ ស្របពេលពួកគាត់មានកូនស្រីតែមួយ ហើយត្រូវឲ្យនៅឆ្ងាយពីភ្នែកទៀត អាចមិនមែនជារឿងស្រួលទេ។
៤. កាលពីនៅជាអ្នកហ្វឹកហាត់ចំណូលថ្មី ឬ Trainee នាងជួបរឿងលំបាកច្រើន នាងជាជនជាតិចិន ហើយត្រូវឆ្លងដែនមកដល់ប្រទេសកូរ៉េតែឯង ដើម្បីហ្វឹកហាត់។ បន្ថែមពីលើនេះ អ្វីដែលនាងទ្រាំមិនចង់បានម្ដងៗនោះគឺ ពេលនោះនាងគ្មានមិត្តភ័ក្តិសូម្បីម្នាក់កាលពីដំបូងៗ ជាហេតុពិបាកក្នុងការប្រាស្រ័យទាក់ទង និងនិយាយស្ដីជាមួយអ្នកហ្វឹកហាត់ផ្សេងទៀត។
៥. កាលមុនចេញមុខជាផ្លូវការ Yuqi ត្រូវបានតម្រូវឲ្យដើរនៅទីសាធារណៈ និងសុំច្រៀងឲ្យអ្នកដំណើរតាមផ្លូវស្ដាប់ បន្ទាប់មកឲ្យពួកគេផ្ដល់មតិត្រឡប់មកវិញថាតើនាងត្រូវកែអ្វីបន្តទៀត ទាំងដែលពួកគេភាគច្រើនមិនដឹងថានាងជាជនជាតិចិនផង។
៦. នាងចូលចិត្តញ៉ាំសាច់ណាស់ ជាពិសេសជើងជ្រូក ជ្រក់ឆៃថាវ និងម្ហូបណាដែលមានរសជាតិជូរៗ។ អ្វីដែលនាងមិនចូលចិត្តគឺ ឈីស និងកាហ្វេ Espresso តែចូលចិត្ត កាហ្វេទឹកកក Latte Americano។
៧. Yuqi អាចនិយាយបាន ៣ភាសាមានចិន (ភាសាកំណើត) ភាសាកូរ៉េ និងអង់គ្លេស។
៨. ចំណូលចិត្តរបស់នាងគឺ គ្មានទៅណាឆ្ងាយពីការរាំ និងរ៉េបទេ។ អ្វីដែលនាងខ្លាច និងស្អប់ជាងគេ គឺពេលនៅម្នាក់ឯងឯកា។
៩. មន្តស្នេហ៍របស់នាងដឹងថានៅត្រង់ណាទេ? គឺត្រង់សំឡេងធំ ធ្ងន់នេះឯង។
១០. នៅក្នុងក្រុម នាងគឺជាសមាជិកម្នាក់ដែលគេល្បីថារឹងមាំជាងគេក្នុងចំណោមសមាជិកទាំងអស់។ Yuqi ចូលចិត្តលេងសើច បង្កបរិយាកាសរីករាយ និងរាល់ពេលញ៉ាំ ដឹងតែគិតតែពីញ៉ាំ មិនខ្វល់អ្នកណាទាំងអស់៕