គូស្នេហ៍តារាចិន ៥គូ ជាប់ជំពាក់ចិត្តឲ្យគ្នាដោះលែងរួច ក្រោយសម្ដែងរឿងជាមួយគ្នាចប់
- 2021-05-25 01:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍តារាចិន ៥គូ ជាប់ជំពាក់ចិត្តឲ្យគ្នាដោះលែងរួច ក្រោយសម្ដែងរឿងជាមួយគ្នាចប់
ចន្លោះមិនឃើញ
ស្នេហាអាចកើតឡើងបានគ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់ នៅពេលណាដែលនិស្ស័យរបស់មនុស្ស ២នាក់ចាប់ផ្ដើមដល់ពេលត្រូវត្របាញ់បញ្ចូលគ្នា។ ជាឧទាហរណ៍ជាក់ស្ដែងដូចតារាប្រុសស្រីចិន តៃវ៉ាន់ ហុងកុងខាងក្រោមនេះ បានវិវត្តទំនាក់ទំនងពីមិត្តរួមការងារ ទៅជាគូស្នេហ៍ពិតប្រាកដនឹងគ្នា ក្រោយពួកគេសម្ដែងរឿងចប់ជាមួយគ្នា។ ដូចនេះសូមបង្ហាញដូចតទៅ ពីតារាដែលមានសំណាងបានជួបស្នេហ៍ពិតនៅកន្លែងថត ដោយមិនបាច់ហត់ដើររកទីណាឆ្ងាយ។
១. Luhan និង Guan Xiao Tong
ពួកគេបានរួមការងារដំបូងបង្អស់ពេលថតរឿង «Sweet Combat» ជាមួយគ្នា។ ប៉ុន្តែមុនភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការនៅឆ្នាំ ២០១៨ ស្រាប់តែ Luhan ប្រកាសនៅខែតុលា ឆ្នាំ២០១៧ថា Guan Xiao Tong គឺជាមិត្តស្រីរបស់លោក។
ពេលនោះបណ្ដាញអ៊ីនធើណិតស្ទើរតែគាំងទៅហើយ ដោយសារសន្ធឹកនៃប្រតិកម្មភ្ញាក់ផ្អើលរបស់អ្នកប្រើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់លោកផ្ទាល់។ ចំនួនអ្នកគាំទ្រភាគច្រើនលើសលប់ពេញចិត្ត និងនាំគ្នាសាទរពេញទំហឹងចំពោះគូស្នេហ៍ ១គូនេះ។
២. Chris Wu និង Ivy Shao
គូបន្ទាប់គឺ តារាតៃវ៉ាន់ Ivy Shao និង Chris Wu ដែលបានជួបគ្នាដំបូងនៅឆ្នាំ ២០១៧ ពេលសម្ដែងរឿងស្នេហា បែបកំប្លែងមានចំណងជើងថា «The Perfect Match» ហើយក្រោយមកពួកគេក៏ចាប់ផ្ដើមទាក់ទងគ្នាតែម្ដងនៅឆ្នាំ ២០១៨។ ប៉ុន្តែស្ដាយណាស់ ក្រោយមកមិនបានប៉ុន្មានពួកគេសម្រេចបែកគ្នា និងរាប់អានគ្នាត្រឹមមិត្តល្អវិញ។
ទោះជាយ៉ាងណា និស្ស័យស្នេហ៍របស់អ្នកទាំង ២ក្រាស់ណាស់ ព្រោះឈានដល់ឆ្នាំ ២០២០ ក៏ស្រាប់តែ Ivy បញ្ជាក់ថានាង និង Chris បានទាក់ទងគ្នាវិញហើយ ក៏ដោយសារតែពួកគេតែងខ្វល់ពីគ្នាគ្រប់វិនាទីមិនដែលចន្លោះឡើយ។
៣. Ma Ke និង Wang Dan Ni
Ma Ke បានបង្កការភ្ញាក់ផ្អើលមិនធម្មតាដល់អ្នកគាំទ្រ ដោយសារលោកបានប្រកាសលើ Weibo ថាលោកបានរៀបការជាមួយនឹងតារាសម្ដែង Wang Dan Ni ២ឆ្នាំហើយ។ ចាត់ទុកថា វាជារឿងអស្ចារ្យបំផុត ដោយសារក្នុងនាមជាតារាល្បីមួយរូប លោកអាចរក្សាការសំងាតពីអាពាហ៍ពិពាហ៍នេះបានយ៉ាងជិតល្អបំផុត។ ប៉ុន្តែដើមហេតុដែលនាំឲ្យលោកដាច់ចិត្តបង្ហើបរឿងនេះជាផ្លូវការ នោះក៏ព្រោះលោកត្រូវបានគេថតជាប់ ថាបានទៅញ៉ាំអីនៅក្រៅជាមួយនារីមានផ្ទៃពោះម្នាក់ ដែលម្នាក់នោះគឺជា Wang Dan Ni ច្បាស់ណាស់ ទើប Ma Ke រកច្រកគេចពីព័ត៌មាននេះលែងទើបប្រាប់តែម្ដង។
យ៉ាងណាមិញ គូស្នេហ៍មួយនេះ បានជួបសម្ដែងជាមួយគ្នាដំបូងកាលពីឆ្នាំ ២០១១ ពេលសម្ដែងរឿងសម័យ «Sweet New Business» ។
៤. Zhang Yu Jian និង Wu Qian
ពីមិត្តរួមការងារ Yu Jian និង WU Qian បានប្រែក្លាយជាគូស្នេហ៍ដែលយល់ចិត្តគ្នាបំផុតប្រចាំពិភពសិល្បៈ។ ពួកគេបានរួមការងារជាមួយគ្នាតាំងពីឆ្នាំ ២០១៨ ក្នុងរឿងបុរាណមួយមានចំណងជើងថា «An Oriental Odyssey» និងរឿង «Le Couple de Foudre» នៅឆ្នាំ ២០១៩។ មកទល់ពេលនេះពួកគេក៏បានរៀបការនឹងគ្នា ព្រមទាំងមានកូនម្នាក់ទៀតផង។
៥. Him Law និង Tavia Yeung
តារាសម្ដែងហុងកុង Tavia Yeung និង Him Law បានសម្ដែងជាមួយគ្នាកាលពីឆ្នាំ ២០១២ ក្នុងរឿងភាគ «The Hippocratuz Crush»។ ទោះជាយ៉ាងណាអ្នកទាំង ២មិនបានសម្ដែងជាគូស្នេហ៍នឹងគ្នាទេ ក្នុងរឿងនេះ ប៉ុន្តែនៅក្រៅរឿងមនោសញ្ចេតនាដែលពួកគេមានឲ្យគ្នា ពិតជាទំហំធំធេងមិនអាចកាត់ថ្លៃបានឡើយ រហូតប្រែក្លាយទំនាក់ទំនងពីមិត្តរួមការងារទៅជាគូស្នេហ៍ពិតប្រាកដ។
រហូតដល់ឆ្នាំ ២០១៦ ពួកគេក៏បានរៀបការនឹងគ្នានៅក្នុងប្រទេសអង់គ្លេស និងឈានដល់ខែមេសា ឆ្នាំ២០២០ ពួកគេក៏បានទទួលចំណងដៃកូនស្រីម្នាក់មានឈ្មោះថា Hera៕