ស្រណោះ ផល្លា រូបកាយ​បាត់​ទៅ​ហើយ តែ​ហ្វេសប៊ុក​នៅ​លេង​រាល់​ថ្ងៃ ប្រិយមិត្ត​ឆ្ងល់​ថា​ជា​​នរណា?

  • 2021-06-24 04:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ិន ឧត្តម​ផល្លា ដែល​បាន​បន្សល់​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន​មុន​ពេល​បែក​កាយ​រំលាយ​ឋាន​នោះ រឹត​តែ​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ស្រណោះ​នៅ​គ្រា​ចុង​ក្រោយ បន្ទាប់​ពី​​គេ​ឃើញ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​នាង​នៅ​តែ​លេង​ជា​ធម្មតា​រាល់​ថ្ងៃ។

នៅ​រយៈ​កាល​ចុង​ក្រោយ គណនី​ហ្វេសប៊ុក របស់ ស៊ិន ឧត្តម​ផល្លា ត្រូវ​បាន​គេ​ឃើញ​នៅ​តែ​មាន​សកម្ម​ភាព​ធម្មតា ដោយ​មាន​ការ​បង្ហោះ​រូប និង​ការ​ស៊ែរ​ឡើង​វិញ​នូវ​រូបភាព​ពី​អតីតកាល​បន្តបន្ទាប់ ។ សកម្មភាព​ទាំង​នោះ ពេល​ខ្លះ គេ​ឃើញ​សកម្មភាព​ពី​ការងារ​រកស៊ី​របស់​នាង ពេល​ខ្លះ​គេ​ឃើញ​ពី​វីដេអូ​លេង​កម្សាន្ត​របស់​នាង ដែល​ជា​មនុស្ស​ចូល​ចិត្ត​ចែក​រំលែក​រឿង​រ៉ាវ​សប្បាយ​ៗ​ទៅ​កាន់​ប្រិយមិត្ត ខណៈ​គេ​កម្រ​ឃើញ​នាង​បង្ហោះ​សារ​ពី​ការ​កើត​ទុក្ខ ឬ​វិបត្ត​ក្នុង​ចិត្ត​ណា​មួយ​ជា​សាធារណៈ​ណាស់។

ចំណុច​នេះ កាល​នៅ​មាន​ជីវិត ក្នុង​បទ​សម្ភាសន៍​ជា​មួយ Sabay នាង​ធ្លាប់​ប្រាប់​ថា អ្នក​ណា​ក៏​ដូច​គ្នា តែង​មាន​រឿង​ពិបាក ឬ​​វិបត្តិ​ក្នុង​ចិត្ត តែ​នាង មិន​ចូល​ចិត្ត​យក​រឿង​ទាំង​នោះ មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឲ្យ​គេ​ឯង​ដឹង​លឺ​នោះ​ទេ។ នាង​ថា ជា​រឿង​មិន​ចាំ​បាច់ ម្យ៉ាង​នាង​គ្រាន់​តែ​ចង់​ឲ្យ​ប្រិយមិត្ត​របស់​នាង​បាន​រីករាយ​នឹង​សកម្មភាព​ទាំង​ឡាយ​របស់​នាង ហើយ​មាន​អនុស្សាវរីយ​ល្អ​ៗ​នឹង​គ្នា​បាន​ហើយ។

ក្នុង​ហេតុផល​ដូច​គ្នា​នេះ សូម្បី​តែ​វេលា​ធ្លាក់​ខ្លួន​ឈឺ ក៏​ ស៊ិន ឧត្តម​ផល្លា ​ព្យាយាម​លាក់​លៀម​ជាង ១​ឆ្នាំ រហូត​ដល់ មិត្តភ័ក្ដិ​ម្នាក់ គឺ​កញ្ញា គង់ ច័ន្ទសូរិយា ទប់​ចិត្ត​លែង​បាន ក៏​ចេញ​មក​ទម្លាយ​ប្រាប់​ប្រិយមិត្ត ក្នុង​ពេល​ដែល​តារា​ចម្រៀង​ស្រី​រូប​នេះ ជំងឺ​ធ្វើ​ទុក្ខ​ដល់​តំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ ហើយ​ទី​បំផុត​នាង​ក៏​បាន​លា​ប្រិយមិត្ត​ទាំង​អស់​គ្នា​ទៅ​កាន់​ភព​ថ្មី​ទាំង​គួរ​ឲ្យ​សោកស្ដាយ។

ចុង​ក្រោយ​នេះ គេ​នៅ​បាន​ត្រឹម​ឃើញ សកម្មភាព និង​អនុស្សាវរីយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​មើល​ទៅ ហាក់​ដូច​នាង​​នៅ​រស់​រវើក។ ចំណុច​នេះ បាន​នាំ​ប្រិយមិត្ត​រឹត​តែ​ស្រណោះ និង​ចោទ​សួរ​ថា នរណា​ជា​កាន់​ហ្វេសប៊ុក​របស់ ផល្លា បង្ហោះ​រូប​ឡើង​រាល់​ថ្ងៃ។ "សូម​អ្នកកាន់accគាត់ជួយ ឡើង​Captionប្រាប់ពីគោលបំណងដែលនៅតែកាន់អោយaccគាត់activeផងដើម្បីកុំអោយមានការយល់ច្រឡុំ...សែនស្រណោះបងស្រី!”។ សារ​របស់ ប្រិយមិត្ត​ម្នាក់។

ចំពោះ​រឿង​នេះ កញ្ញា គង់ ច័ន្ទសុរិយា មិត្តភ័ក្ដិ​ស្និទ្ធ​ស្នាល​ម្នាក់​របស់​នាង បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដែល​ប្រិយមិត្ត​នៅ​ឃើញ​លើ​បណ្ដាញ​សង្គម គឺ​ម្ដាយ​របស់ ផល្លា ជា​អ្នក​ធ្វើ។ សុរិយា បានថ្លែង​ថា ម្ដាយ ផល្លា នឹក​កូន​ស្រី​ខ្លាំង​ពេក ទើប​គាស់​កកាយ​អនុស្សាវរីយ៍​កូន​ស្រី​ឡើង​វិញ​តាម​បណ្ដាញ​សង្គម។ "ចាស...ម្ដាយ​គាត់​អ្នក​កាន់ គាត់​នឹក​កូន​ស្រី​ពេក!”។

ស៊ិន ឧត្តម​ផល្លា បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី ២៨ ឧសភា ២០២១ ដោយ​សារ​ជំងឺ​មហារីក​កូន​កណ្ដុរ ដែល​បាន​រាល​ដាល​ចូលដល់​ខួរ​ក្បាល។ មរណភាព​របស់ ផល្លា បាន​បន្សល់​នូវ​ការ​សោកស្ដាយ អាឡោះអាល័យ ព្រោះ​កាល​នៅ​មាន​ជីវិត តារា​ស្រី ធ្វើ​តែ​រឿង​ល្អៗ និង​បាន​ជួយ​ការ​លំបាក​ដល់​មនុស្ស​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ៕

អត្ថបទ៖ ទារិកា