សុខ ពិសី គឺជាតារាខ្មែរទី១ ហ៊ានលូកមាត់ចូលករណីចិញ្ចឹមសត្វតោនៅផ្ទះ
- 2021-06-30 07:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ពិសី គឺជាតារាខ្មែរទី១ ហ៊ានលូកមាត់ចូលករណីចិញ្ចឹមសត្វតោនៅផ្ទះ
ចន្លោះមិនឃើញ
ករណីចិញ្ចឹមសត្វតោនៅផ្ទះវីឡាជួលមួយកន្លែងរបស់ជនជាតិចិន ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរឹបអូសទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅកាលទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅតែជាប្រធានបទក្ដៅរបស់មហាជននៅលើបណ្ដាញសង្គម។ ថ្ងៃមានការឈឺឆ្អាលលើករណីនេះពីតារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី។
សុខ ពិសី បានបង្ហោះសារមួយដោយមានភ្ជាប់នូវរូបសត្វតោកំពុងដេកអើតកនៅលើសាឡុងក្នុងបន្ទប់ នៃវីឡាដ៏ស្កឹមស្កៃមួយរបស់ជនជាតិចិននោះថា សូមមេត្តាអនុញ្ញាតឲ្យតោបានវិលត្រឡប់មកផ្ទះវិញផង។ ចំពោះការលើកឡើងនេះនាងថាបើខុសឆ្គងសូមអនុគ្រោះ៖"ខ្ញុំភ្នែកទប់ណាស់! គឺស្រក់ទឹកភ្នែកតែម្ដង...ឲ្យតែសត្វដឹងតែអាណិតហ្មង"។
មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ចាប់ផ្ដើមមានមតិផ្ទុយគ្នាចំពោះករណីបុរសជនជាតិចិនចិញ្ចឹមសត្វតោនៅក្នុងផ្ទះដោយខ្លួនឯង ដោយអ្នកខ្លះនិយាយថាការចិញ្ចឹមសត្វកម្រប្រភេទនេះ គឺជារឿងខុសច្បាប់ ហើយមានគ្រោះថ្នាក់បំផុត ប៉ុន្ដែក៏មានអ្នកខ្លះគាំទ្រឲ្យមានការចិញ្ចឹមបែបនេះដែរដោយមើលឃើញថាសត្វតោនោះស្លូត។
ទោះជាយ៉ាងណាតាមច្បាប់ស្ដីពីព្រៃឈើកម្ពុជា ត្រង់មាត្រា៤៩ ចំណុចទី៣ ត្រូវបានហាមឃាត់នូវការយកធ្វើជាកម្មសិទ្ធិសន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះរឹបអូសសត្វតោឈ្មោល១ក្បាល ទម្ងន់ប្រមាណ៧០គីឡូក្រាមពីបុរសជនជាតិចិន ស្ថិតនៅផ្ទះវីឡាមួយ ក្នុងភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ប្រព្រឹត្តិការណ៍នេះមានការសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហើយបច្ចុប្បន្នសត្វតោមួយក្បាលនេះត្រូវបានយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ៕