អស្ចារ្យណាស់ស្នាដៃរូបថតរបស់លោក ម៉ក់ រ៉េមីស្សា ជាប់ជារូបថតល្អបំផុតទាំង១២លើពិភពលោក

  • 2021-07-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតជាស៊េរីដែលមានចំណងជើងថា «Left 3 Days ឬចាកចេញ៣ថ្ងៃ» របស់អ្នកថតរូបជនជាតិខ្មែរលោក ម៉ក់ រ៉េមីស្សា ត្រូវបានជាប់ក្នុងបញ្ជីសម្រាំងរូបថតល្អបំផុតទាំង១២ក្នុងប្រធានបទ «ភ្លើង Fire» របស់ពានរង្វាន់ពិភពលោកផ្នែកថតរូប និងនិរន្តរភាព របស់ស្ថាប័ន The Prix Pictet ដែលបានប្រកាសលទ្ធផលកាលពីយប់ថ្ងៃ៨ កក្កដា ២០១៩កន្លងទៅ។

រូបថតជាស៊េរី «Left 3 Days ឬចាកចេញ៣ថ្ងៃ» ជាស្នាដៃដែលផលិតនៅឆ្នាំ ២០១៤ ដែលនិយាយពីការជន្លាសប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានគណ:កម្មការរបស់ពានរង្វាន់ពិភពលោកផ្នែកថតរូប និងនិរន្តរភាព The Prix Pictet ជ្រើសរើសក្នុងបញ្ជាីសម្រាំងជារូបល្អបំផុតទាំង១២ ក្នុងចំណោមបេក្ខភាពចូលរួមទាំងអស់នៅទូទាំងពិភពលោកសរុប ៣០០នាក់។

បេក្ខភាពដែលជាម្ចាស់ស្នាដៃដែលជាប់ក្នុងបញ្ជីសម្រាំងរូបល្អបំផុតទាំង១២រួមមាន៖

១. អ្នកថតរូប Joana Hadjithimas and Khalil Jorige លីបង់

២. អ្នកថតរូប Lisa Oppenheim អាមេរិកាំង

៣. អ្នកថតរូប ម៉ក់ រ៉េមីស្សា Mak Remissa ខ្មែរ

៤. អ្នកថតរូប Mark Ruwedel អាមេរិកាំង

៥. អ្នកថតរូប Rinko Kawauchi ជប៉ុន

៦. អ្នកថតរូប Sally Mann អាមេរិកាំង

៧. អ្នកថតរូប Brent Stirton អាហ្វ្រិកខាងត្បូង

៨. សិល្បករ Carla Rippey ម៉ិកស៊ីកូ

៩. សិល្បករ Christian Marcla អាមេរិកកាំង/អូស្ត្រាលី

១០. អ្នកថតរូប Daisuke Yokota ជនជាតិជប៉ុន

១១. អ្នកថតរូប Fabrice Monteiro ប៊ែលហ្សីក/បេនីន

១២.អ្នកថតរូប David Uzochukwu អូទ្រីស/នីហ្សេរីយ៉ា

ថ្លែងប្រាប់ SABAY តាមទូរសព្ទ លោក ម៉ក់ រ៉េមីស្សា បង្ហាញអារម្មណ៍ថា « ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងមោតកភាពណាស់ដែលស្នាដៃរបស់ខ្ញុំជាប់ក្នុងការជ្រើសរើសក្នុងពានរង្វាន់ Prix Pictet The global award in photography and sustainabilityរបស់ស្ថាប័ន The Prix Pictet ដែលជាស្ថាប័នធំ និងល្បីល្បាញមួយក្នុងពិភពលោក ហើយនេះជាឱកាសសម្រាប់ខ្ញុំក្នុងស្ទាបស្ទង់សមត្ថភាព និងស្វែងយល់សិក្សាបន្ថែមពីស្នាដៃរបស់សិល្បករថតរូបទាំងអស់ដែលបានចូលរួម នេះជាមោតកភាពធំមួយសម្រាប់ខ្ញុំ និងសម្រាប់ប្រទេសកម្ពុជា»

លោក ម៉ក់ រ៉េមីស្សា ក្នុងថ្ងៃតាំងពិពរណ៌នៅវិចិត្រសាលវិទ្យាស្ថានបារាំងកន្លងទៅ

លោកបញ្ជាក់ថា សម្រាប់លក្ខខណ្ឌក្នុងការចូលរួមប្រកួតប្រជែងនេះគឺជាការប្រកួតប្រជែងដែលមានការជ្រើសរើសពីបណ្តាញអ្នកតែងតាំងរបស់ស្ថាប័នរៀបចំដែលមានទាំងអស់៣០០នាក់នៅទូទាំងពិភពលោក ហើយសម្រាប់ខ្ញុំគឺត្រូវបានអ្នកតែងតាំង២នាក់ដែលបានជ្រើសរើសស្នាដៃរបស់ខ្ញុំ ទី១គឺលោក Christian Caujolle ជ្រើសរើសស្នាដៃរូបថតជាសេរី «ភ្លើងឆេះព្រៃ» និងអ្នកស្រី Jessica Hubbard Marr ជ្រើសរើសរូបថត «Left 3 Days ឬចាកចេញ៣ថ្ងៃ» ។ ជាលទ្ធផលរូបសេរី «Left 3 Days ឬចាកចេញ៣ថ្ងៃ» ជាប់ក្នុងបញ្ជីសម្រាំងរូបល្អបំផុតទាំង១២នៃការប្រកួតនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំង២ដែលបានជ្រើសរើសស្នាដែរបស់ខ្ញុំចូលរួមប្រកួតក្នុងកម្មវិធីនេះ។

លោក ម៉ក់ រ៉េមីស្សា បន្ថែមថា ស្នាដៃក្នុងបញ្ជីសម្រាំងរូបល្អបំផុតទាំង១២នៃការប្រកួតនេះនឹងប្រកាសជ័យលាភីនៅក្នុងកម្មវិធីតាំងពិពរណ៌ស្នាដៃរបស់អ្នករូបជាប់ឈ្មោះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសារមន្ទីរ Victoria and Albert ទីក្រុងឡុងថ៍ ប្រទេសអង់គ្លេស ហើយថ្ងៃនោះលោកក៏ត្រូវទៅចូលរួមក្នុងកម្មវិធីនេះផងដែរ។

បើយោងតាមគេហទំព័រស្ថាប័នរៀបចំ prixpictet.com បានបញ្ជាក់ថា អ្នកដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះនឹងត្រូវបានប្រាក់រង្វាន់រហូតដល់ជាង១សែនដុល្លារសហរដ្ឋអាមេរិក។ បេក្ខភាពអ្នកចូលរួមក្នុងការប្រកួតនេះមានចំនួន ៤៧០០នាក់ មានប្រធានបទក្នុងការប្រកួតមាន៩ រួមមាន ទឹក, ផែនដី, កំណើន, ថាមពល, ការប្រើប្រាស់,វិបល្លាស, អវកាស, ក្តីសង្ឃឹម និងភ្លើង។

គួរបញ្ជាក់ផងដែរ ស្នាដៃរូបថតសិល្បៈរបស់ លោក ម៉ក់ រ៉េមីស្សា «Left 3 Days ឬចាកចេញ៣ថ្ងៃ» ត្រូវបានសារមន្ទីរបារាំង (Musée Guimet), សារមន្ទីរអូស្រ្តាលី (The National Gallery of Victoria (NGV) និងសារមន្ទីរប្រទេសស្វីស (Musée de L'Elysée) ជ្រើសរើសជាស្នាដៃរូបថតសិល្បៈឆ្នើមសម្រាប់សារៈមន្ទីរ។ ហើយស្នាដែរូបថតសិល្បៈ (ត្រី និងស្រមោច) ត្រូវបានជ្រើសតាំងបង្ហាញជាអចិន្ត្រៃយ៍នៅឯសារមន្ទីរសិល្បៈក្នុង ប្រទេសសាំងហ្គាពួរ (Singapore Art Museum)។ ដែរូបថតផ្នែកសារពត៌មាន និង សិល្បៈរបស់លោកធ្លាប់តាំងបង្ហាញជាច្រើនកន្លែងនៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ១៩៩៦ និងនៅក្រៅប្រទេសដូចជា៖ សហរដ្ឋអាមេរិក បារាំង កាណាដា អូស្រ្តាលី ស្វីស អេស្បាញ ស៊ុយអែត ចិន ជប៉ុន សឹង្ហបុរី និងប្រទេសភូមា ដងដែរ។

លោក ម៉ក់ រ៉េមីស្សា គឺជា អ្នកថតរូបឲ្យទីភ្នាក់ងាររូបថតសារព័ត៌មានអន្តរជាតិ European Pressphoto Agency (EPA) ប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៦ រហូត មកដល់បច្ចុប្បន្ន៕

ខាងក្រោមនេះជារូបថតជាស៊េរី «Left 3 Days ឬចាកចេញ៣ថ្ងៃ» ពី ១ ដល់ ១៥ ៖















អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម