លឿន​ពេក​ហើយ! ព្រឹក​នេះ​លេច​ដំណឹង​ម្ដាយ​របស់​ពិធី​ការិនី យុគ ចិន្ដា ទទួល​មរណៈភាព

  • 2021-07-13 02:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២១ នេះ គេ​ទើប​តែ​ទទួល​បាន​ដំណឹង​ដ៏​សោកសៅ​មួយ​ចំពោះ​ពិធី​ការិនី យុគ ចិន្ដា និង​គ្រួសារ ដោយសារ​តែ​អ្នក​ម្ដាយ​ជា​ទី​គោរព ស្រឡាញ់​របស់​អ្នក​នាង​ទទួល​មរណភាព។ នៅ​មុន​នេះ​បន្តិច​អ្នក​នាង យុគ ចិន្ដា បាន​បង្ហោះ​រូប​ថត​ខ្លួន​ឈរ​ឱប​ម្ដាយ ហើយ​ដាក់​ពាក្យ"RIP"​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មិន​សរសេរ​សារ​អ្វី​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​ដំណឹង​មរណភាព​នេះ បាន​ដឹង​ដល់​អ្នក​គាំទ្រ និង​មិត្ត​សិល្បៈ​ជា​ច្រើន។ ពួកគេ​បាន​សរសេរ​សារ​រំលែក​ទុក្ខ និង​ខ្លះ​នឹក​ស្មាន​មិន​ដល់ ព្រោះ​គេ​ទើប​តែ​ឃើញ​យាយ​ជួយ​លក់ដូរ​ជាមួយ​ចៅ គឺ​កូន​ស្រី​ទោល​របស់​អ្នក​នាង​យុគ ចិន្ដា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​សោះ​ស្រាប់​តែ​ថ្ងៃ​នេះ​លេច​ដំណឹង​ថា​អ្នក​ស្រី​បាន​ស្លាប់​ទៅ​ហើយ។ បុរស​ម្នាក់​និយាយ​ថា៖"ទើប​ឃើញ​គាត់​ជួយ​លក់​ជាមួយ​ចៅ និង​កូន​ថ្ងៃ​មុន​សោះ"។

ចំណែក​តារា​ចម្រៀង​ស្រី​ចាស់​វស្សា ម៉េង កែវពេជ្រ​ចិន្ដា ក៏​បាន​សម្ដែង​ការ​សោកស្ដាយ និង​ចូល​រួម​រំលែក​ទុក្ខ​នេះ​ជាមួយ​ពិធី​ការិនី​ដែល​ជា​មិត្ដ​សិល្បៈ​ដូច​គ្នា​ដែរ។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖"សោក​ស្ដាយ​ផង​ណា​យុគ...សូម​ដួង​វិញ្ញាណក្ខន្ធ​អ្នក​មីង​អញ្ជើញ​ដល់​ឋាន​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ"។

ទោះ​ជា​យ៉ាង​ណា គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មិថុនា Sabay មិន​ទាន់​អាច​ទាក់ទង​អ្នក​នាង​យុគ ចិន្ដា និង​សាច់​ញាតិ​ដើម្បី​បញ្ជាក់​បន្ថែម​ជុំ​វិញ​ការ​ស្លាប់​របស់​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​ពិធី​ការិនី​ល្បី​ឈ្មោះ​រូប​នេះ​នៅ​ឡើយ។ អ្នក​នាង យុគ ចិន្ដា មិន​បាន​បង្ហើប​ព័ត៌មាន​អ្វី​ទាំង​អស់​ក្រៅ​ពី​បង្ហោះ​រូប​ថត​ដាក់​ពាក្យ"RIP" នៅ​លើ​រូប​ថត​ព្រឹក​មិញ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី