ពិចារណាលើហេតុផលនីមួយៗរបស់តារា​សម្ដែង​ទាំង​៣​ដួង​នេះ មុនធ្លោយមាត់ថាខ្លួននឹងដើរ​ចេញ​ពីសិល្បៈ

  • 2021-07-19 10:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​ការងារ​សិល្បៈ​ស្ទើរ​គ្រប់​ផ្នែក​មិន​ទាន់​ងើប​ឡើង​វិញ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​អូស​បន្លាយ​ជាង​២​ឆ្នាំ ស្រាប់​តែ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១ នេះ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​៣​រូប ធ្លោយមាត់​ថា​ខ្លួន​នឹង​ដើរ​ចេញ​ពី​អាជីពសិល្បៈ​ហើយ។

ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែ​កក្កដា នេះ តារា​កំប្លែង​ក្រុម​នាយ​ពាក់​មី គឺ​នាង​ខ្ញុង និង​នាយ​ក្ដី ព្រម​ទាំង​តារា​សម្ដែង​ស្រី ស៊ឹម ស្រីនិច ហាក់​នៅ​អល់អែក ឬ​មិន​ទាន់​ដាច់ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រង្វង់​សិល្បៈ​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​ក៏​មិន​ទាន់​បានផ្ដល់​ហេតុផល​សមរម្យ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជឿជាក់ ហើយ​អ្នក​ខ្លះ​ថា​មិន​ទាន់​បោះបង់​អាជីព​សម្ដែង​របស់ខ្លួនទាំង​ស្រុង​នោះ​ទេ។

ផ្ដើម​ចេញ​ពី​តារា​កំប្លែង ស្រេង សុកាន់ដា ហៅ​នាង​ខ្ញុង។ នាង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ប្រទេស​តាម​រយៈ​អាជីព​កំប្លែង​ជាង​១២​ឆ្នាំ​ជាមួយ​ក្រុម​លោក​តា​វ៉ិចទ័រ នៃ​ស្ថានីយ​ទូរទស្សន៍​CTN ហើយ​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​បំផុត​របស់​នាង គឺ​លោក ចែម ចាន់រ៉ា ហៅ​ពាក់​មី។

"បើ​ខ្ញុំ​ឈប់​ពី​សិល្បៈ​នៅ​គាំទ្រ​ខ្ញុំ​ទេ?" នេះ​គឺ​ជា​ពាក្យ​ដំបូង​របស់​ខ្ញុង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​ខ្លះ​យល់​ថា​នាង​បាន​សម្រេច​ចិត្ត​បោះបង់​អាជីព​សិល្ប​ទាំង​ស្រុង ហើយ​ងាក​ទៅ​រកស៊ី​វិញ​ម្ដង។ ក្រោយ​លេច​ដំណឹង​នេះ នាង​ត្រូវ​មហាជន​គាំទ្រ​ផង និង​រិះគន់​ផង រហូត​ដល់​មាន​អ្នក​ខ្លះ​ចូល​ទៅ​សរសេរ​ថា៖"នាង​ខ្ញុង​រកស៊ី​មាន​បាន ភ្លេច​កំណើត​ដើម​ជា​អ្នក​សិល្បៈ" មតិ​នេះ​ធ្វើ​ឲ្យ​នាង​ប្រតិកម្ម​ខ្លាំងៗទាំង​តាម​គណនី​ Facebook ផ្ទាល់ខ្លួន និង​តាម​សារព័ត៌មាន​ក្នុងស្រុករយៈពេលពីរ​បី​ថ្ងៃ​ជាប់ៗ​គ្នា។

នាង​ចាត់​ទុក​អ្នក​ដែល​រិះគន់​នាង​ថា​ជា​មនុស្ស​មាន​កម្រិត​វប្បធម៌​ទាប​ជាង​នាង និង​ជា​មនុស្ស​អសីលធម៌។ នាង​មិន​បាន​ឈប់​ពី​អាជីព​សិល្បៈ​ទាំង​ស្រុង ឬ​ឈប់​ស្រឡាញ់​សិល្បៈ​នោះ​ទេ គឺ​នាង​គ្រាន់​តែ​សុំ​បញ្ចប់​កុងត្រា​ការងារ​សម្ដែង​នៅ​CTN ដែល​ជា​បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន​CBS ដោយ​មាន​ហេតុផល​ត្រឹមត្រូវ។ ហេតុផល​នោះ គឺ​នាង​មិន​ចង់​បន្ត​ក្ដី​លំបាក​ដល់​ថ្នាក់​ដឹកនាំ ជា​ពិសេស​លោកតា​វ៉ិចទ័រ​ដែល​គ្រប់​គ្រង​នាង​ផ្ទាល់ ព្រោះ​តែ​នាង​រវល់​នឹង​ការ​មើល​ថែ​កូន​តូច រក​ស៊ី​ផ្ទាល់​ខ្លួន ហើយ​ពុំ​មាន​ពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​សម្ដែង​ឲ្យ​ក្រុម។

ស្រេង សុកាន់ដា៖"ខ្ញុំ​ចង់​ឲ្យ​បង​ឯង​យក​ខួរក្បាល​មក​គិត​ម្ដង​ទៀត! បើ​ខ្ញុំ​ក្លាយ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ ខ្ញុំ​បោះ​បង់​សិល្បៈ ខ្ញុំ​មិន​ទៅ​លេង​កំប្លែង ឬ​មួយ​គេ​ជួល​ក្បាល​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ទៅ...ចាំ​អ្នក​ឯង​ថា​មាន​បាន​ហើយ ឆ្លង​ស្ពាន​ហើយ​រុះ​ស្ពាន​ចេញ តែ​នេះ​ខ្ញុំ​នៅ​លក់​ប្រហុក លក់ផ្អក របស់​ចំណេញ​មួយ​ពាន់​ពីរ​ពាន់​ទេ"។

នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ដែរ តារា​កំប្លែង​រួម​ក្រុម​នាង​ខ្ញុង គឺ​លោក ឈុន សុវណ្ណភក្ដី ហៅ​នាយ​ក្ដី ក៏​បាន​បង្ហើប​ពី​គម្រោង​ដើរ​ចេញ​ពី​សិល្បៈ​ដែរ។ ប៉ុន្ដែ​លោក​មិន​បោះបង់​ទាំង​ស្រុង​នោះ​ទេ គឺ​នៅ​តែ​រង់ចាំ​ទទួល​ថត​ក្នុង​កម្មវិធី​ផ្សេង​ៗ លើក​លែង​តែ​អង្គុយ​រង់ចាំ​តែ​ថត​រឿង​កំប្លែង​ក្នុង​កម្មវិធី"បាន​មើល​បាន​សើច" របស់​ស្ថានីយ​ទូរទស្សន៍​CTN ប៉ុណ្ណោះ។ នាយ​ក្ដី៖និយាយ​ទៅ​ខ្ញុំ​មាន​មុខរបរ​មួយ គឺ​បើក​រមណីយដ្ឋាន​នៅ​ម្ដុំ​ផ្សារ​បាត់​ដឹង​ផ្លូវ​ជាតិ​លេខ​៥១។ ការងារ​សិល្បៈ​ផ្សេង​បើ​គេ​ហៅ​ទៅ​ខ្ញុំ​នៅ​តែ​ទៅ​ថត តែ​បើ​ការងារ​រង់ចាំ​តែ​ថត​រឿង​កំប្លែង​ហ្មង...ខ្ញុំ​សម្រេច​ថា​ឈប់​ហើយ...សុំ​ទោស​បង អា​ហ្នឹង​រឿង​ផ្ទាល់​ខ្លួន​ក្នុង​ក្រុម មិន​អាច​និយាយ​បាន​ទេ"។

ចំណែក​តារា​សម្ដែង​ស្រី​រូប​ស្រស់​សោភា គឺ​កញ្ញា ស៊ឹម ស្រី​និច វិញ​ក៏​បាន​ប្រកាស​លាឈប់​ពី​អាជីព​សម្ដែង​ដែរ​នៅ​ក្នុង​ខែ​កក្កដា នេះ។ ស្រីនិច​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ថា៖”លាហើយជីវិតសិល្បៈ ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយជាច្រើនហើយមេរៀនក៏រាប់មិនអស់ដែរ”។

យ៉ាងណាមិញជុំវិញរឿងរ៉ាវដើរចេញពីសិល្បភ្លាមៗ​នេះ កញ្ញា ស៊ឹម ស្រីនិច ប្រាប់Sabay ថានាងមានភារកិច្ចគ្រប់គ្រងអាជីវកម្ម អចលនទ្រព្យធំមួយដែល​ត្រូវទទួលបន្តពីអ្នកម្ដាយ ម្យ៉ាង​នាងចង់មានពេលសំងំនៅផ្ទះថែទាំខ្លួនឯង ខណៈកូវីដកំពុងផ្ទុះខ្លាំងមិនចង់ចេញទៅណា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី