ចូល​វ័យ​ជាង​៤០​ឆ្នាំ ខាំ ភូរិ ដាច់ចិត្ត​បើក​ហាង​រកស៊ី​ផ្ទាល់​ខ្លួន រួច​កំណត់​ពេល​ដក​ឃ្លា​ពី​សិល្បៈ​ហើយ!

  • 2021-07-22 08:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុត្រ​កាហ្វេ គឺ​ជា​ហាង​មួយ​របស់​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ល្បី​ឈ្មោះ ខាំ ភូរិ ទើប​បើក​ដំណើរ​ការ​បាន​ជាង​១០​ថ្ងៃ។ នេះ គឺ​ជា​មុខរបរ​ដំបូង​ដែល​លោក​ចាប់​យក​ក្រៅ​ពី​អាជីព​សិល្បៈ ហើយ​ប្រិយមិត្ត​ខ្លះ​ប្រាកដ​ជា​នឹក​គិត​ថា​វា​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា​ផលិតករ​រូប​នេះ​កំពុង​រៀបចំ​ជើង​ព្រួល​ដើម្បី​ដកឃ្លា​ពី​អាជីព​សិល្បៈ​ហើយ។

លោក ខាំ ភូរិ ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី២២ ខែ​កក្កដា នេះ​ថា រូប​លោក​នៅ​តែ​បន្ត​ការងារ​និពន្ធ និង​ដឹកនាំ​រឿង​ដដែល​ដោយ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ លោក​ធ្វើ​ការងារ​សិល្បៈ ហើយ​ចាប់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ លោក​ជួយ​មើល​ការ​ខុសត្រូវ​ហាង​ជាមួយ​គ្រួសារ។ ប៉ុន្តែ​លោក​ថា នៅ​ពេល​អាជីវកម្ម​ដំណើរការ​ល្អ លោក​នឹង​ដក​ឃ្លា​ពី​សិល្បៈ​ពិត​មែន​ហើយ ដោយ​បច្ចុប្បន្ន​លោកចាប់​ផ្ដើម​ធុញថប់ក្នុងការ​រស់នៅ​ទីប្រជុំជន ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​អ្វីៗបែប​ធម្មជាតិ និង​របស់​ចាស់ៗ។

ខាំ ភូរិ៖"តាម​ពិត​គម្រោង​បើក​ហាង​កាហ្វេ​ហ្នឹង​២​ឆ្នាំ​ហើយ តែ​ទើប​១​ឆ្នាំ​កន្លះ​ចុង​ក្រោយ​នេះ បង​គេចចេញ​ពី​ក្រុង​ដោយ​សារ​មាន​ហានិភ័យ​ខ្ពស់​រឿង​កូវីដ។ ខ្ញុំ​គិត​ថា​រយៈ​ពេល​៤ ទៅ​១០​ឆ្នាំ​ទៀត នឹង​ដក​ឃ្លា​ពី​សិល្បៈ​ហើយ ព្រោះ​ចូល​វ័យ​ជាង​៤០ នេះ ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​បែប​ធម្មជាតិ និង​របស់​ចាស់ៗ ទើប​ហាង​កាហ្វេ​ដេគ័រ​បែប​ហ្នឹង"។

លោក ខាំ ភូរិ ដែល​ជា​កូន​ប្រុស​បង្កើត​លោក ខាំ ភឿន អតីត​អភិបាល​ខេត្ត​ក្រចេះ បាន​កសាង​កេរ្តិ៍ឈ្មោះ​យ៉ាង​សម្បើម​តាំង​ពី​អំឡុង​ឆ្នាំ​២០១២ មក។ កាលណោះ​លោក​ជា​អ្នក​ដឹកនាំ​សម្ដែង​លេចធ្លោ​វ័យ​ក្មេង​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស។ ឆ្លង​កាត់​អាជីព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​យល់​ច្បាស់​ពី​វិស័យ​សិល្បៈ ហើយ​សេដ្ឋកិច្ច​គ្រួសារ​ក៏​កាន់​តែ​ប្រសើរ ហើយ​ការ​ដែល​លោក​បើក​ហាង​លក់ដូរ​នេះ គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត។

បុត្រ​កាហ្វេ ដែល​ជា​ហាង​កាហ្វេ និង​ម្ហូប​អាហារ​តូច​ល្មម​មួយ ស្ថិតនៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ហាង​កាហ្វេ និង​អាហារ​របស់។ បើ​តាម​លោក ខាំ ភូរិ បច្ចុប្បន្ន បុត្រ​កាហ្វេ មាន​ភ្ញៀវ​ពិតប្រាកដ​ពី​មន្ត្រី​រាជការ បុគ្គលិក​ធនាគារ អ្នក​និយម​ជិះកង់ និង​សិល្បករ-សិល្ប​ការិនី​ចូល​ហូប​ជា​ប្រចាំ។ ក្រៅ​ពី​អាជីព​និពន្ធ និង​ដឹកនាំ​រឿង លោក ខាំ ភូរិ បាន​ឆ្លៀត​ជួយ​ការងារ​ហាង​ច្រើន​លើ​ការ​តុបតែង​ហាង​ដោយ​ដាក់​ឧបករណ៍​តន្ត្រី​ចាស់ៗ និង​ការ​ទទួល​ភ្ញៀវ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី