NTTI គ្រឹះស្ថាន​រដ្ឋ​ឈាន​មុខ​មួយ​ផ្នែក​ជំនាញ​បច្ចេកទេស

  • 2014-11-24 18:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស National Technical Training Institute (NTTI) ត្រូវ​គេ​ចាត់​ទុក​ថា ជាគ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​ដ៏​ឈាន​មុខ​គេ​មួយ ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ផ្សេងៗ ដល់​និស្សិត​ខ្មែរ​រាប់​ម៉ឺន​នាក់ ដើម្បី​បង្កើន​ធនធាន​មនុស្ស រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ។

 

ឆ្លង​កាត់​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យកាល NTTI មានការ​វិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់​រហ័ស ​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​នា​យុគសម័យ​បច្ចេកវិទ្យា​របស់​សកល ​នា​ពេល​បច្ចុប្បន្ន។ ចង់​ដឹង​តើ​វិទ្យាស្ថាន​រដ្ឋ​ដ៏​ធំ​មួយ​នេះ មាន​ដំណើរ​ប្រវត្តិ​​យ៉ាង​ណា​ខ្លះ! ពេល​នេះ Sabay នឹង​បង្ហាញ​ជូន​​ដូច​ខាង​ក្រោម​នេះ។

 

ប្រវត្តិ​កកើត​វិទ្យាស្ថាន​ជាតិ​​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI)

 

វិទ្យាស្ថាន ​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៥៨ តាម​ការ​ត្រាស់​បង្គាប់​ដោយ​សម្ដេច​ព្រះបាទ​នរោត្តម​សីហនុ ដែល​មាន​ឈ្មោះថា មជ្ឈមណ្ឌល​ព្រះកុសុមៈ​សម្រាប់​បណ្ដុះបណ្ដាល​កម្មករ​អគ្គិសនី​កម្ពុជា។ រហូតដល់ឆ្នាំ១៩៦៣ ទើប​មជ្ឈមណ្ឌល​នេះ ចាប់​ដំណើរការ​បង្រៀន​សិស្ស។ នៅ​ឆ្នាំ​ដំបូង មាន​សិស្ស​តែ ១៤ នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី​សំណាក់​សាស្ត្រាចារ្យ​​បង្រៀន​ភាគ​ច្រើន ​ជា​ជនជាតិ​បារាំង ។

 

 

ក្នុង​របប​ប្រល័យ​ពូជសាសន៍ មជ្ឈមណ្ឌល​ត្រូវ​បាន​បិទ​ដំណើរការ​ទាំង​ស្រុង ។ ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ​ទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ទីតាំង​វិទ្យាស្ថាន​ត្រូវ​បាន​គេ​ធ្វើ​ជា​ឃ្លាំង​របស់​អគ្គិសនី​កម្ពុជា (EDC)។ ប៉ុន្តែ​ ក្រោយ​មក​ទីតាំង នេះ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​រៀបចំ និង​បង្កើត​ឡើង​វិញ​ជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ ១៩៨១ និង​ដែល​មាន​ឈ្មោះថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទឹកថ្លា​។

 

មជ្ឈមណ្ឌល​នេះ​ ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​សហភាព​សូវៀត រួមមាន សម្ភារៈ បរិក្ខារ ជា​ពិសេស​គ្រូ​បណ្ដុះបណ្ដាល ដែល​ភាគ​ច្រើន​ជា​ជនជាតិ​សូវៀត។ នៅ​ឆ្នាំ ១៩៨៣ មជ្ឈមណ្ឌល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ព្រះកុសុមៈ។

 

ដោយ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រទេស​ជាតិ​ដែល​កំពុង​ត្រូវ​ការ​យ៉ាង​ចាំបាច់​ធនធាន​មនុស្ស សម្រាប់​ការ​ស្ថាបនា​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស នៅ​ក្នុង​ឆ្នាំ ១៩៩៩ មជ្ឈមណ្ឌល​ត្រូវ​បាន​ប្រែក្លាយ និង​បង្កើត​ទៅ​ជា​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា តាម​សេចក្តី​សម្រេច​លេខ ០៨៩ ស.ស.រ ចុះ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៩។ លុះ​ដល់​ឆ្នាំ ២០០១ វិទ្យាស្ថាន​ត្រូវ​បាន​តម្លើង​ឋានៈ​របស់​ខ្លួន​ស្មើ​នឹង​នាយកដ្ឋាន តាម​អនុក្រឹត្យ​លេខ ១០៩ អ.ន.ក្រ.ប.ក ចុះ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០១ ។

 

នៅក្នុង​ឆ្នាំ ២០០៤ វិទ្យាស្ថាន​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងរបស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បច្ចុប្បន្ន វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​នឹង​កំពុង​បន្តនូវ​បេសកកម្ម​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​រួមចំណែក បង្កើន​ធនធានមនុស្ស ប្រកបដោយ គុណភាព ប្រសិទ្ធភាព និង សមធម៌ ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ប្រទេសជាតិ និង ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

 

ប្រព័ន្ធ​បណ្ដុះបណ្ដាល​បច្ចេកទេស​រួម​មាន

  វិទ្យាស្ថានប្រើប្រាស់​កម្មវិធី​សិក្សា​ទំនើប ពី​ប្រទេស​ជឿនលឿន​ដូចជា អាមេរិក បារាំង ជប៉ុន អូស្រ្តាលី កូរ៉េ ជា​ដើម។ សាស្ត្រាចារ្យ​កម្រិត​បណ្ឌិត និង​អនុ​បណ្ឌិត​មកពី​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នានា ដែល​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​បរទេស និង​មាន​បទ​ពិសោធន៍​អនុវត្ត​ការងារ​ជាក់ស្ដែង។ មាន​កម្មវិធី​ចុះ​សិក្សា និង​ទស្សនៈកិច្ច​នៅ​តាម​ជំនាញ​នីមួយៗ។ សម្ភារៈ​សិក្សា​ទំនើបៗ សម្រាប់​និស្សិត​សិក្សា​ស្រាវជ្រាវ រួម​ជាមួយ​អន្តេវាសិកដ្ឋាន សម្រាប់​មក​ពី​ខេត្ត​ឆ្ងាយ​ស្នាក់​នៅ​នោះ​ដែរ។

 

មុខ​វិទ្យា​និង​ថ្នាក់​បណ្ដុះបណ្ដាល

 

កម្រិតមូលដ្ឋាន

 

  1. ជំនាញ យន្តសាស្ត្ររថយន្ដ
  2. ជំនាញ យន្តសាស្ត្រទូទៅ
  3. ជំនាញ ក្សេត្រសាស្ត្រ
  4. ជំនាញ បរិក្ខារត្រជាក់
  5. ជំនាញ អគ្គិសនី
  6. ជំនាញ បសុព្យាបាល
  7. ជំនាញ អេឡិចត្រូនិច
  8. ជំនាញ គណនេយ្យ
  9. ជំនាញ ភាសាអង់គ្លេស
  10. ជំនាញ វិស្វកម្មសំណង់ស៊ីវិល
  11. ជំនាញ វារីវប្បកម្ម
 

កម្រិតឧត្តម

 

  1. ជំនាញ ព័ត៌មានវិទ្យា
  2. ជំនាញ បសុព្យាបាល
  3. ជំនាញ សំណង់ស៊ីវិល
  4. ជំនាញ អេឡិចត្រូនិច
  5. ជំនាញ អគ្គិសនី
  6. ជំនាញ គ្រប់គ្រង
  7. ជំនាញ ទេសចរណ៍
  8. ជំនាញ នីតិសាស្ត្រ
  9. ជំនាញ ស្ថាបត្យកម្ម
  10. ជំនាញ ភាសាបារាំង
  11. ជំនាញ ធនាគារ និង ហិរញ្ញវត្ថុ
  12. ជំនាញ សេដ្ឋកិច្ច
  13. ជំនាញ គ្រឿងយន្តកសិកម្ម
  14. ជំនាញ គណនេយ្យ
  15. ជំនាញ ម៉ាឃីតធីង
  16. ជំនាញ ភាសាអង់គ្លេស
  17. ជំនាញ ក្សេត្រសាស្ត្រ
  18. ជំនាញ វារីវប្បកម្ម
 

ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល

 

រាល់កម្មវិធី​សិក្សា និង​មុខវិជ្ជា​សិក្សា​គ្រប់​កម្រិត​របស់​វិទ្យាស្ថាន ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិសេស រាជរដ្ឋាភិបាល​បាន​ជួយ​ឧបត្ថម្ភ​ថ្លៃ​ភ្លើង​អគ្គិសនី បៀវត្ស​បុគ្គលិក និង​ធនធាន​សំខាន់ៗ​ដទៃ​ទៀត​ដូចជាៈ កុំព្យូទ័រ ព្រីនធ័រ គ្រឿង​សង្ហា​រឹម និង សម្ភារៈ​បង្រៀន ដទៃ​ទៀត​ជា​ច្រើន។ ទំនាក់ទំនង​ជាមួយ​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន

 

វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ​បាន​ពង្រឹងនិង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន អង្គការ និង​ស្ថាប័ន​សាធារណៈ​ជាច្រើន ដើម្បី​ជួយ​ដល់​និស្សិត​ក្នុង​ការ​ស្វែង រក​ក្រុមហ៊ុន​បច្ចេកទេស​ទំនើបៗ បាន​ចុះ​ធ្វើ​កម្មសិក្សា ដើម្បី​ពង្រឹង​ជំនាញ និង​ចំណេះដឹង ព្រម​ជាមួយ​នឹង​បទពិសោធន៍​បន្ថែម។ ក្រុមហ៊ុន​ទាំងអស់​នោះ រួម​មាន amco, KTC, Kep,K-Cement និង​ក្រុមហ៊ុន​ធំៗ ដទៃ​ផ្សេង​ទៀត។

 

ទំនាក់ទំនង​អន្តរជាតិ

  វិទ្យាស្ថាន ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​ធ្វើកិច្ច​សហប្រតិបត្តិការ ជាមួយ​សាកលវិទ្យាល័យ​ជាច្រើន​ក្នុង​សមាគម​ប្រជាតិសាសន៍ អាស៊ីអាគ្នេយ៍ ដែល​ក្នុង​នោះ​បុគ្គលិក​របស់​វិទ្យាស្ថាន​ជា​ច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល ដែល​ឧបត្ថម្ភ​ដោយ អង្គការ AOTS អង្គការ  APO អង្គការ SEAMEO VOCTECH អង្គការ​នៃ​ប្រទេស​និយម​និយាយ​ភាសា​បារាំង (La Francophonie ) អង្គការ UNESCO – UNEVOC  និង សាកលវិទ្យាល័យ FRESNO រដ្ឋ California សហរដ្ឋអាមេរិក។

 

គោលដៅ

  ផ្តល់ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្ស-និស្សិត​ទាំង​ប្រុស​ស្រី ដើម្បី​ជួយ​ពួកគេ​ឱ្យ​មាន​លទ្ធភាព បម្រើ​ប្រទេស​ជាតិ ប្រកបដោយ ភាព​ជឿជាក់ និង​មោទនភាព។ អប់រំ​សិស្ស-និស្សិត​ទាំង​ប្រុស​ស្រី លើ​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិក ស្ថាបត្យកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។ ផ្ដល់​ឱកាស​សម្រាប់​ធ្វើការ​ស្រាវជ្រាវ ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គម និង បុគ្គលរៀប​ចំ​វគ្គ​សិក្សា​ដើម្បី​ផ្តល់​ឱ្យ​សិស្ស-និស្សិត ក្រោយ​បញ្ចប់​ការ​សិក្សា​មាន​ចំណេះដឹង សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​រដ្ឋបាល​សាធារណៈ និង ឯកជន​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ ។ បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រសួង និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ ( តាម​ប្រព័ន្ធ TVET ដែល​បត់​បែន និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​នៃ​ទីផ្សារ​ការងារ។

 

ចក្ខុវិស័យ

  ប្រែក្លាយ​ទៅ​ជា​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ដែល​ល្អ​ប្រសើរ​បំផុត និង​ឈាន​មុខ​ជា​សកល លើ​ផ្នែក​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា។ រៀបចំ​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​តាម​បែប​ការ​បណ្ដុះបណ្ដាល​ផ្អែក​លើ​ សមត្ថភាព សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រឹះស្ថាន អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស។

 

បេសកកម្ម

  បង្កើតឱកាស​ដល់ សិស្ស-និស្សិត ទទួល​បាន​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈប្រកប​ដោយ​គុណភាព និង​សមត្ថភាព (ចំណេះដឹង ចំណេះ​ធ្វើ និង​ឥរិយាបថ )។ ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សិស្ស-និស្សិត នូវ​ជំនាញ​វិជ្ជាជីវៈ​ជាក់លាក់ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឈាន​ចូល​ក្នុង​ទីផ្សារ​ការងារ និង​ដើម្បី​ឲ្យ​ពួកគេ បាន​សិក្សា ជំនាញ​ឯកទេស​បន្ថែម​ទៀត ក្នុង​ពេល​អនាគត។ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ដែល​មាន​គុណភាព​ផ្អែក​លើ​ ប្រព័ន្ធ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​អាច​បត់បែន និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ការងារ។

 

គោលបំណង

 

អភិវឌ្ឍន៍ ​កម្មវិធី​សិក្សា​ផ្អែក​លើ​សមត្ថភាព​សម្រាប់​ជនបទ និង​ទីក្រុង។ ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​ការ​គ្រប់គ្រង រដ្ឋបាល និង​ដំណើរការ​នៃ ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ធ្វើ​សមាហរណកម្ម​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​ដែល​ខ្វះ​ចន្លោះ និង​មាន​ស្រាប់​អោយ​ចូល​ទៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍ បុគ្គលិក និង​អប់រំ​គ្រូ​ថ្នាក់​ជាតិ។ រៀបចំ និង​ផលិត​ធនធាន​សិក្សា​អោយ​បាន​ត្រឹមត្រូវ និង​សមស្រប​តាម​និយាម​គរុកោសល្យ។ ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​និន្នាការ និង​នយោបាយ​របស់ TVET នៅ​ក្នុង​តំបន់ និង​ផ្តល់​អនុសាសន៍ ទៅ​លើ​ទិស​ដៅ​អនាគត​របស់ TVET ដើម្បី​អោយ​ប្រាកដ​ច្បាស់​ថា​មាន​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ សមរម្យ និង​អាច​បត់បែន​បាន ដើម្បី​បំពេញតាម​តម្រូវ​ការ​ទីផ្សារ​ការងារ។

 

ប្រភព៖ NTTI សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី