តួស្រីម្នាក់ក្នុងរឿង"ទឹកភ្នែកឪពុក" នាទស្សវត្ស៦០ គេចមិនរួចពីដៃកវីស្លាបប៉ាកកាមាស គង្គ ប៊ុនឈឿន
- 2021-07-30 09:09:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីម្នាក់ក្នុងរឿង"ទឹកភ្នែកឪពុក" នាទស្សវត្ស៦០ គេចមិនរួចពីដៃកវីស្លាបប៉ាកកាមាស គង្គ ប៊ុនឈឿន
ចន្លោះមិនឃើញ
បើនិយាយពីជីវប្រវត្តិ និងស្នាដៃរបស់កវីស្លាប៉ាកកាមាស គង្គ ប៊ុនឈឿន មានច្រើនអនេក ហើយក៏មានប្រិយមិត្ដច្រើនហើយដែរអំពីប្រវត្តិ និងកិត្តិនាមរបស់លោកនៅអំឡុងទសវត្ស៥០ និង៦០។ ប៉ុន្តែថ្ងៃនេះ Sabay សូមច្បិចយកជ្រុងមួយ នៃទំនាក់ទំនងស្នេហារបស់លោកជាមួយឧត្ដមភរិយា គឺអ្នកស្រី តាប់ គីមលន ដោយផ្នែកលើប្រភពច្បាស់ការណ៍មួយចំនួន។
លោក គង្គ ប៊ុនឈឿន ដែលមានរហស្សនាមថា"កវីស្លាបប៉ាកកាមាស" បានប្រឡូកចូលក្នុងវិស័យតែងនិពន្ធតាំងពីឆ្នាំ១៩៥៥ ហើយលោកបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ជាលើកដំបូងក្នុងមហោស្រពអក្សរសិល្ប៍នាឆ្នាំ១៩៥៧ តាមរយៈស្នាដៃមួយដែលមានឈ្មោះថា"ស្នេហាលុះអវសាន"។
យើងមិនដឹងថាប្រលោមលោក"ស្នេហាលុះអវសាន"របស់កវីរូបនេះបានសរសេរបង្កប់នូវរឿងរ៉ាវស្នេហារបស់ខ្លួនដែរ ឬយ៉ាងណានោះទេ។ ប៉ុន្តែក្រោយមក គឺនៅឆ្នាំ១៩៦៤ លោកបានបង្កើតស្នាដៃថ្មីមួយក្នុងចំណោមស្នាដៃជាច្រើនទៀត គឺលោកបាននិពន្ធ និងដឹកនាំសម្ដែងរឿង"ទឹកភ្នែកឪពុក" ដែលកាលណោះមានតារាសម្ដែងប្រុស តាត សំណាង និងតារាសម្ដែងស្រី តាត គីមឡេង ព្រមទាំងអនាគតភរិយារបស់លោក គឺអ្នកនាង តាត គីមលន ផងដែរ។ គេជឿថា កំណើតស្នេហ៍របស់កវី គង្គ ប៊ុនឈឿន ជាមួយភរិយា តាត គីមលន គឺចាប់ផ្ដើមមានតាំងពីពេលនោះមកម្ល៉េះ។
ថ្មីៗនេះមានប្រភពមួយបញ្ជាក់កាន់តែច្បាស់ជុំវិញរឿងនេះ គឺម្ចាស់គណនីFacebook ឈ្មោះ"ចៅកម្ពុជា" ដែលតែងតែគាស់រំលើងនូវប្រវត្តិសិល្បករ-សិល្បការិនីខ្មែរល្បីៗពីជំនាន់ដើម បានអះអាងថាខ្លួនបានសម្ភាសន៍ជាមួយអ្នកស្រី តាត គីមលន ដែលជាភរិយារបស់កវីគង្គ ប៊ុនឈឿន កំពុងរស់នៅប្រទេសន័រវែស តាមរយៈវីដេអូChat។
ប្រភពដដែលឲ្យដឹងថា តាត គីមឡេង គឺ ជា តារា ភាពយន្ត ១រូបដែលបានសម្តែងនៅក្នុងខ្សែភាពយន្តរឿង"ទឹកភ្នែកឪពុក" ឆ្នាំ១៩៦៤ ដែលនិពន្ធដោយលោក គង្គ ប៊ុនឈឿន។ ខ្សែភាពយន្តនេះ បានសម្តែងដោយលោក តាត សំណាង នាង តាត គីមលន និងនាង តាត គីមឡេង ហើយក៏បានបញ្ចូលនូវចម្រៀងដ៏សែនកម្សត់១បទ គឺបទ"ទឹកភ្នែកឪពុក" ច្រៀងដោយ អធិរាជសំឡេង មាស ស៊ីនស៊ីសាមុត។
ចៅកម្ពុជា បន្តថា តាមពិតទៅលោក តាត សំណាង គឺជាមិត្តរបស់លោក គង្គ ប៊ុនឈឿន នៅបាត់ដំបងជាមួយគ្នា ហើយក៏មាននិស្ស័យខាងសិល្បៈដូចគ្នាក៏បានស្គាល់គ្នា និងរាប់អានគ្នាទៅ។ លុះថត រឿង"ទឹកភ្នែកឪពុក"នេះ ចប់ទើបកើតចំណងអាពាហ៍ពិពាហ៍រវាងលោក គង្គ ប៊ុនឈឿន និងអ្នកស្រី តាត គីមលន ហើយទំនាក់ទំនងរវាងលោក តាត សំណាង និងលោក គង្គ ប៊ុនឈឿន ក៏ប្រែក្លាយទៅជាសាច់ថ្លៃ។
ប៉ុន្តែយោងតាមប្រភពពីវីគីភីឌា កវីស្លាបប៉ាកកាមាសដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ពោលគឺនៅមុនពេលដែលលោក និងភរិយាបានជួបគ្នាដើម្បីដឹកនាំរឿង និងសម្ដែងនៅក្នុងរឿង"ទឹកភ្នែកឪពុក"ក្នុងឆ្នាំ១៩៦៤ ទៅទៀត។ បន្ទាប់ពីរៀបការកវី គង្គ ប៊ុនឈឿន និងតារាសម្ដែង តាត គីមលន បានបង្កើតចំណងឈាមរួមគ្នាដោយបង្កើតកូនបានចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី៥នាក់។ ក្នុងនោះមានកូន៥នាក់ បានទៅរស់នៅប្រទេសន័រវែស និងកូនស្រីច្បងម្នាក់កំពុងរស់នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សព្វថ្ងៃលោកយាយ តាត គីមឡេង កំពុងរស់នៅឯសហរដ្ឋអាមេរិក ចំណែកឧត្ដមភរិយារបស់លោក គង្គ ប៊ុនឈឿន គឺលោកយាយ តាត គីមលន កំពុងរស់នៅប្រទេសន័រវែស។ មុនទទួលមរណភាពកវី គង្គ ប៊ុនឈឿន ចេញនូវស្នាដៃប្រលោមលោកចុងក្រោយមួយក្រោមចំណងជើងថា"វាសនាកញ្ញា តាត ម៉ារីណា"។ ប្រភពខ្លះបង្ហើបថា ការចេញស្នាដៃនេះហើយដែលធ្វើឲ្យលោកមានបញ្ហានៅកម្ពុជា ហើយបាននាំភរិយា និងកូនមួយចំនួនភៀសខ្លួនទៅប្រទេសថៃ ហើយក៏បន្តចេញទៅរស់នៅប្រទេសន័រវែស កាលពីអំឡុងឆ្នាំ២០០០។
លោក គង្គ ប៊ុនឈឿន កើតក្នុងគ្រួសារកសិករក្រីក្រមួយនៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៨ ។ លោក គង្គ ប៊ុនឈៀន បានទទួលមរណភាពកាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យមួយ នៃប្រទេសន័រវេស បន្ទាប់ពីធ្លាក់ខ្លួនឈឺ៣ឆ្នាំ ដោយជំងឺមហារីកតម្រងនោម៕