អារាមមួយកន្លែងក្បែរភ្នំពេញ រៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតប្លែក ស្វាគមន៍ពុទ្ធបរិស័ទថ្ងៃកាន់បិណ្ឌ

  • 2021-09-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលបានត្រៀមរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតប្លែក ដើម្បីស្វាគមន៍ពុទ្ធបរិស័ទថ្ងៃកាន់បិណ្ឌស្អែកនេះ។ ដោយមានលម្អទៅដោយផ្កាភ្ញី ភ្លើងពណ៌ស្រស់ស្អាត ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបបូជាព្រះនាឳកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់មើលថែរក្សាអនាម័យបានយ៉ាងល្អស្អាតក្រោមការដឹកនាំពីព្រះចៅអធិការវត្តយ៉ាងដិតដល់បំផុត ទើបធ្វើឲ្យអារាមភូមិថ្មីនេះ ពោរពេញដោយភាពស្រស់បំព្រងយ៉ាងដូច្នេះ។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់របស់ពុទ្ធសាសនិជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងទៀត ពិធីបុណ្យនេះក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា និងអាចស្វែងយល់បានពីសុខទុក្ខ និងដំណើរ ប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាព ដ៏ទូលំទូលាយផង។

សូមជំរាបថា វត្តអារាមនៅទូទាំងប្រទេសបានរៀបចំរួចរាល់ហើយ ដើម្បីទទួលពុទ្ធបរិស័ទនៅថ្ងៃដាក់បិណ្ឌវេនទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញាស្អែកនេះ ។ គ្រប់វត្តអារាមបានរៀបចំតុបតែងលម្អដោយលើកបដាអបអរពិធីបុណ្យភ្ជំបិណ្ឌ ក៏ដូចជារៀបចំទីតាំងនានា ក្នុងអារាម ដើម្បីសម្រួលដល់ការធ្វើបុណ្យធ្វើទានរបស់ពុទ្ធបរិស័ទ។ ក្រៅពីការរៀបចំតុបតែងលម្អ និងសំអាតវត្តអារាម ក៏បានត្រៀមអាកុល និងម៉ាស ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីត១៩ផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី