ក្រុម Hacker វាយប្រហារប្រព័ន្ធកុំព្យូទ័រសាលាជាច្រើននៅអាមេរិក និងប្រើកម្មវិធីជំរិតទារប្រាក់!

  • 2021-11-02 10:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវាយប្រហារតាមរយៈកម្មវិធីជំរិតទារប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកាលពីមុនមក ការវាយប្រហារភាគច្រើនគឺផ្ដោតទៅលើអ្នកប្រើប្រាស់ទូទៅ ឬក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ ពួកជនខិលខូចបានងាកមកធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនិងមន្ទីរពេទ្យវិញ ដែលធ្វើឱ្យពួកគេអាចរកចំណូលបានច្រើនជាងមុន។

រូបតំណាង

ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមជនខិលខូចក៏បានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់សាលារៀនជាច្រើន បើទោះបីជាពួកគេមិនទទួលបានចំណូលច្រើនក៏ដោយ។បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសុវត្ថិភាពអុីនធឺណិត Emsisoft បានបង្ហាញឱ្យឃើញថា សាលារៀនចំនួន៩៨៥ នៅសហរដ្ឋអាមេរិកត្រូវបានរងការវាយប្រហារនៅក្នុងឆ្នាំនេះ ដែលពេលខ្លះសាលាទាំងនោះត្រូវបានផ្អាកការសិក្សាដោយសារតែប្រព័ន្ធកុំព្យូទ័ររបស់ពួកគេមានបញ្ហា។

ប៉ុន្តែចំនួនសាលារៀនដែលរងការវាយប្រហារអាចមានចំនួនច្រើនជាងនេះ ដោយសារតែសាលាមួយចំនួនមិនបានធ្វើសេចក្ដីរាយការណ៍ជាផ្លូវការដែលពួកគេពុំអាចប្រមូលទិន្នន័យទាំងនោះបាន។ ក្នុងឆ្នាំ២០២០ សាលារៀនចំនួន៧០០ នៅក្នុងសហរដ្ឋអាមេរិចបានរងការវាយប្រហារ។

ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការវាយប្រហារដោយប្រើកម្មវិធីជំរិតទារប្រាក់នឹងមានការកើនឡើងកាន់តែច្រើនក្នុងរយៈពេលខ្លី មុននឹងមានការថយចុះដោយសារតែ រដ្ឋាភិបាលនិងអាជ្ញាធរនៅក្នុងប្រទេសជាច្រើនបានកំពុងតែខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាទាំងនោះ។

ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ អ្នកប្រើប្រាស់ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងរបស់កម្មវិធី និងចៀសវាងទាញយកកម្មវិធីពីគេហទំព័រដែលពុំមានប្រភពច្បាស់លាស់ ព្រោះកម្មវិធីទាំងអស់នោះភាគច្រើនមានបង្កប់មកជាមួយនូវកម្មវិធីមេរោគដែលអាចលួចទាញយកទិន្នន័យ ឬអុីនគ្រីបទិន្នន័យនៅក្នុងកុំព្យូទ័របាន៕

ប្រភព៖ cyber.crime

អត្ថបទពេញនិយម