អាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន

  • 2021-11-10 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ កំពុងត្រូវបានដំឡើងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រោមគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។

សូមជម្រាបថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃនៅលើទីតាំងចំនួន១០ តាមបណ្ដោយផ្លូវជាតិលេខ៣ ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។ ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបពីរទីតាំងត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ដែលភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំងបំពាក់នូវប្រព័ន្ធWireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនី ៕

ប្រភព៖ ក្រសួងសាធារណការ នឹងដឹកជញ្ជូន

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន