អបអរសាទរ! ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់កម្ចី១៨០លានដុល្លារ កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងធំ៣ នៅកម្ពុជា

  • 2021-11-22 07:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន៣នៅកម្ពុជា ធ្វើឲ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នឹងជួយប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និង ប៉ោយប៉ែត ឲ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឲ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរ ក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

គម្រោងនេះ ក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធន ពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និង ការថែទាំទីក្រុង និង ផែនការដើម្បីធានា បាននូវការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យ ឯកជន។

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើឲ្យប្រសើរឡើង នូវផែនការ ប្រើប្រាស់ដី ក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួល ជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ ៕

អត្ថបទដកស្រង់កែសម្រួលដោយ៖ ស៊ូ អីន

អត្ថបទថ្មី