មាសធំប៉ុនភ្នំទៀត ក៏មិនអាចស្មើនឹងមិត្តភាពរបស់តារាស្រី មកពីក្រុមខុសគ្នាទាំងនេះដែរ

  • 2021-11-29 02:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​សិល្បៈ ការ​ស្វែង​រក​មិត្តភាពស្មោះពិតមិនក្លែងក្លាយគឺជារឿងពិបាក ប៉ុន្តែ​ប្រសិនអ្នកណា​ម្នាក់បាន​ជួប​នឹង​មិត្តល្អហើយនោះ មានន័យថា​ពួកគេ​សំណាង​ហើយ។ ដូចតារា​ទាំងនេះ​ស្រាប់ ពួកគេ​មាន​ការងាររវល់ច្រើនជាមួយនឹង​សមាជិក​រួមក្រុម និងការងារផ្ទាល់ខ្លួនផ្សេងៗ ប៉ុន្តែ​និស្ស័យ​បាន​នាំពួកគេ​ជួប​នឹង​មិត្តល្អម្នាក់ ដែល​ស្រឡាញ់ពួកគេប្រៀបដូចគ្រួសារទៅ​ហើយ។ ត្បិតនៅ​ក្រុម​និង​ដំបូលផ្សេងគ្នាមែន ប៉ុន្តែឃើញពីមិត្តភាព​តារាស្រីទាំងនេះ អ្នកណាៗ ក៏រំភើប​ចិត្តដែរ៖

១. Rosé (BLACKPINK) និង Hyeri (Girls’ Day)

មិត្តភាព​របស់ពួកគេ​ចាប់ផ្ដើម​រីកស្គុសស្គាយ ពេល​បាន​ជួបគ្នាកាលពីចូលរយំកម្មវិធី "Amazing Saturday”។ មួយទៀតពេល​ចូលរួមកម្មវិធី "Knowing Bros” ពួកគេ​ក៏បាន​ឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យ ពួកគេស្និទ្ធ​នឹងគ្នាបែប​នេះ ក៏ព្រោះ​តែចូលចិត្តនេះនោះដូចគ្នា ពេល​បាន​និយាយគ្នាលេងសប្បាយចិត្ត ចូលចិត្តញ៉ាំ និងទិញឥវ៉ាន់ជាដើម។

២. Jeon Somi និង Chaeyoung (TWICE)

ពួកគេ​ស្គាល់គ្នា​ ខ្ទង់ ៧ឆ្នាំ​ ហើយ គិតតាំង​ពី​នៅ​ជា​អ្នកហ្វឹកហាត់ចំណូល​ថ្មី​របស់ JYP មក​ម្ល៉េះ។ ទោះបីជា​ក្រោយមក Somi ចេញពី JYP ប៉ុន្តែពួកគេ​នៅ​តែ​រាប់អាន​គ្នា​ និងគាំទ្រគ្នា​ទៅវិញ​ទីមក​ដដែល។

៣. Hwasa (MAMAMOO) និង Kei (Lovelyz)

ពួកគេ​ជួបគ្នា​ដំបូង​ក្នុងកម្មវិធី "Queendom” ហើយទោះបី​ជា​រវល់នឹងការងារ​រៀងខ្លួន​យ៉ាងណា ក៏អ្នកទាំងពីរ ឆ្លៀតសួរសុខទុក្ខគ្នា និង​ជូនកាដូក្នុង​ឱកាសពិសេស​ណាមួយដែរ។

៤. Jessi និង Hyolin

មិនមាន​ព័ត៌មាន​ណា​មួយបញ្ជាក់​ថា​ពួកគេ​ជា​មិត្តចាស់នឹង​គ្នាទេ ប៉ុន្តែគ្រប់គ្នា​ពិតជា​ដឹងច្បាស់ថា​ ពួកគេ​សម​នឹងក្លាយជា​មិត្តល្អនឹង​គ្នាគ្មានទាស់ ដោយផ្អែកលើចំណូលចិត្ត ចូលចិត្តលេង​ស្ទីលតែងខ្លួន និង​បទចម្រៀងបែបកាចៗ មាន​ទេពកោសល្យដូចគ្នា ព្រម​ទាំង​មាន​ចិត្តល្អទៀត។

៥. Ailee និង Amber Liu

ពួកគេ​បាន​ស្គាល់​គ្នា​យូរយារណាស់​មក​ហើយ។ មួយទៀតឈាន​ចូល​សម័យ​កូវីដនេះ ម្នាក់ៗត្រូវ​រក្សាគម្លាតពីគ្នា ប៉ុន្តែមិនមែនជា​បញ្ហា​សម្រាប់មិត្តល្អ​មួយគូនេះ​ទេ ព្រោះ​ Ailee និង Amber តែងរក្សាទំនងល្អឲ្យនៅជាប់គ្នាជានិច្ច។

៦. Nayeon (TWICE) និង Yeri (Red Velvet)

មួយគូនេះ​ស្រឡាញ់គ្នា​ដល់ថ្នាក់ទិញចិញ្ចៀនពាក់ដូចគ្នា ចូលចិត្តថតរូប​លេងជាមួយគ្នា ហើយពេល Yeri បង្កើតកម្មវិធី "Yeri’s Room” Nayeon ត្រូវក្លាយជា​ភ្ញៀវកិត្តិយសដំបូង​ប្រចាំកម្មវិធីទៀតផង។ ភាសានិយាយស្ដីរកគ្នា ក៏អាច​ឲ្យអ្នកគាំទ្រជ្រាបស្រាប់ទៅហើយ ថា​ពួកគេ​ស្និទ្ធ​គ្នា​យ៉ាង​ណា។

៧. Chungha និង Sunmi

ពួកគេ​ជួបគ្នា​លើកដំបូង​ពេល​ចូលរួម​កម្មវិធី Weekly Idol ហើយចាប់ពីពេលនោះមក Chungha និង Sunmi ក៏ចេះ​តែ​ស្និទ្ធស្នាលគ្នា​ទាំងមិនដឹង​ខ្លួន។

៨. Yuqi ((G)I-DLE) និង Yeoreum (WJSN)

Yuqi បាន​និយាយ​ថា Yeoreum តែង​លួង​លោមនាង​ពេល​ណា​នាង​ពិបាកចិត្តរឿងអ្វីមួយ ហើយបន្លប់​ឲ្យសើចសប្បាយ​មកវិញ​បាន​គ្រប់ពេល។ Yeoreum វិញ​ក៏​បង្ហើបដែរថា​ Yuqi តែង​តែស្ដាប់រាល់បញ្ហា​របស់នាង មិនថា​មាន​រឿងអ្វីនាង​តែង​នៅ​ក្បែរជានិច្ច៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី