រង្វង់មូលស្រអែមខេត្តព្រះវិហារ នឹងសម្ពោធជាផ្លូវការហើយ រចនាបថខ្មែរសុទ្ធសាធគួរជាទីស្ងប់ស្ញែង

  • 2021-11-30 05:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងថា រង្វង់មូលស្រអែម ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី មានរូបចំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលមានរង្វង់មូលដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ នឹងត្រូវរៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៦ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។

សូមជម្រាបថា សំណង់ដ៏គួរជាំទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តព្រះវិហារ ៕

ប្រភព៖ ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន