មានគម្រោងដើរលេងចុងឆ្នាំនេះ ជិះឡាន ឬជិះម៉ូតូ មុនចេញដំណើរត្រូវដឹងអ្វីខ្លះ?
- 2021-12-06 08:30:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានគម្រោងដើរលេងចុងឆ្នាំនេះ ជិះឡាន ឬជិះម៉ូតូ មុនចេញដំណើរត្រូវដឹងអ្វីខ្លះ?
ចន្លោះមិនឃើញ
ក្នុងឱកាលចុងឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នេះបុគ្គលិកក្រុមហ៊ុនអ្នកប្រកបរបររស៊ី កំពុងមានគម្រោងរៀបចំដំណើរកម្សាន្តជាលក្ខណ:គ្រួសារ បន្ទាប់ពីនៅផ្ទះមិនបានចេញក្រៅដោយសារប៉ះពាល់ដោយជំងឺកូវិដ១៩ ផងនេះ។
ថ្ងៃឆ្លងឆ្នាំជិតមកដល់ ប្រិយមិត្តមួយចំនួនអាចមានគម្រោងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ឬក៏ទៅលេងស្រុកកំណើតក៏មិនដឹង។ អីចឹងដើម្បីសុវត្ថិភាព និងជាការយល់ដឹងបន្ថែម Sabay សូមធ្វើការចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការពិនិត្យយានយន្តមុនចេញដំណើរ ដើម្បីនាំសេចក្តីសុខ និងបញ្ចៀសបញ្ហាផ្សេងៗនឹកស្មានមិនដល់។
អីចឹងត្រូវមានការយល់ដឹងយ៉ាងណាខ្លះ?
សម្រាប់អ្នកប្រើប្រាស់ម៉ូតូ
អ្នកបើកបរម៉ូតូស្ទើរតែទាំងអស់ មិនបានយកចិត្តទុកដាក់ពិនិត្យម៉ូតូមុនពេលចេញដំណើរដើរលេង ឬទៅផ្លូវឆ្ងាយនោះទេ ដែលនេះអាចឲ្យពួកគេមានបញ្ហារអាក់រអួលពេលធ្វើដំណើរ។ ខាងក្រោមនេះ ជាបច្ចេកទេសពិនិត្យម៉ូតូងាយៗ៖
១. សំបកកង់៖ ពិនិត្យមើលសំបកកង់ម៉ូតូថាតើ វាសឹកក្រឡាខ្លាំង ឬយ៉ាងណា ព្រោះបើសំបកសឹកគ្មានក្រឡា ការបើកបរអាចប្រឈមនឹងរអិលដួល ហើយងាយនឹងបែកកង់។ ក្រៅពីសំបកកង់ អ្នកគប្បីផ្លាស់ពោះវៀនកង់ថ្មី បើពោះវៀនចាស់មានស្នាមប៉ះរួចម្ដង ឬពីរ បីហើយនោះ។
២. សម្ពាធខ្យល់៖ ច្របាច់ មើលកង់ម៉ូតូមុខក្រោយ ថាតើវាធូរ ឬតឹងពេក។ បើធូរ ទៅឲ្យជាងផ្លុំបន្ថែម តែបើតឹងពេក ត្រូវបន្ធូរបន្តិច ព្រោះអាចនឹងក្ដៅប៉ោងផ្ទុះបែក ពេលធ្វើដំណើរផ្លូវឆ្ងាយ។
៣. ហ្វ្រាំង៖ ហ្វ្រាំងសំខាន់បំផុត ពេលធ្វើដំណើរ។ ពិនិត្យមើលហ្វ្រាំងមុខក្រោយ ថាតើវាស៊ីឬអត់។ បើមិនទេ ប្រញាប់ដាក់ឲ្យជាងចាត់ការ!
៤. ច្រវាក់៖ ច្រវាក់ និងហ្វ្រាំងសុទ្ធតែសំខាន់ ព្រោះប៉ះពាល់ដល់អាយុជីវិត។ បើច្រវាក់ធូរ ត្រូវឲ្យជាងរឹតល្មម ហើយត្រូវតែពិនិត្យថា មុខតំណច្រវាក់មានបញ្ហាអត់។ បើច្រវាក់ដាច់ ពេលបើកបរ ម៉ូតូនឹងដួលបោកខ្លួនឯងតែម្ដង ហើយអ្នកប្រឈមគ្រោះថ្នាក់ដល់ជីវិត បើបើកបរលឿនគួរសមនោះ។
៥. ប្រេងម៉ាស៊ីន៖ បើកគម្រប ប្រេងម៉ាស៊ីន មើលថាតើវាខ្មៅខ្លាំង ឬខះ។ បើខ្មៅខ្លាំង ឬខះ អ្នកត្រូវផ្លាស់ប្រេងម៉ាស៊ីនថ្មី ដើម្បីការពារកុំឲ្យម៉ាស៊ីនក្ដៅខ្លាំង។ ជាទូទៅ មុនពេលចេញដំណើរផ្លូវឆ្ងាយ គេត្រូវប្ដូរប្រេងម៉ាស៊ីនដោយស្វ័យប្រវត្តិតែម្ដង។
៦. ប្រព័ន្ធភ្លើង៖ ពិនិត្យភ្លើងហ្វ្រាំង (ពេលចាប់ហ្វ្រាំង) ភ្លើងស៊ីញ៉ូឆ្វេងស្ដាំ ភ្លើងចង្កៀងមុខ និងស៊ីផ្លេ។
៧. សាំង៖ ពិនិត្យអ្វីៗទាំងអស់ តែភ្លេចមើលសាំង គឺវរហើយ!
សម្រាប់អ្នកប្រើប្រាស់រថយន្ត
លោក អួន ថាំរ៉ុង ប្រធានផ្នែកបច្ចេកទេសវិស្វកម្ម នៅក្រសួងការពារជាតិ និងនាយកដ្ឋានវិស្វកម្ម បានចែករំលែកបទពិសោធន៍នេះថា មុនពេលចេញដំណើររថយន្ត អ្នកបើកបរគួរពិនិត្យបច្ចេកទេសមួយចំនួនឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងការខូចរថយន្តនៅពាក់កណ្ដាលផ្លូវ។ បច្ចេកទេសទាំងនេះ អ្នកបើកបរពិនិត្យដោយខ្លួនឯងបាន ដោយមិនចាំបាច់ហៅជាងមកពិនិត្យឲ្យនោះទេ។
១. ត្រួតពិនិត្យប្រេងម៉ាស៊ីន៖ កត្តា ចម្បងគឺពិនិត្យប្រេងម៉ាស៊ីន។ ពិនិត្យមើលឲ្យបានច្បាស់ តើរថយន្តដែលនឹងចេញដំណើរជាមួយយើងនេះ មានប្រេងម៉ាស៊ីនគ្រប់គ្រាន់តែឬទេ? បើសិនជាដល់កំណត់ត្រូវប្ដូរ អ្នកបើកបរគួរតែប្ដូរប្រេងម៉ាស៊ីនថ្មី។
២. ពិនិត្យធុងទឹកឡាន៖ បើសិនជាឡានខ្វះទឹក វាអាចបង្កការខូចខាតផ្សេងៗ ឬក៏អាចធ្វើឲ្យឡោកម៉ាស៊ីនឡានផងដែរ។ ពិនិត្យមើលធុងទឹក ប្រសិនបើខ្វះទឹក យើងត្រូវចាក់បន្ថែម។ ប៉ុន្តែកុំបើកគម្របធុងទឹក ពេលដែលម៉ាស៊ីនរថយន្តកំពុងតែមានកម្ដៅខ្លាំង។
៣. ប្រេងហ្វ្រាំងឡាន៖ ដូចដែលយើងធ្លាប់បានដឹងរួចមកហើយ រដូវចូលឆ្នាំគឺមានអ្នកធ្វើដំណើរតាមដងវិថីច្រើនណាស់ បើសិនជាហ្វ្រាំងឡានមិនសូវស៊ី គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល។ ហ្រ្វាំងឡាន ជាចំណុចដែលអ្នកបើកបរត្រូវប្រយ័ត្នបំផុត និងឆែកមើលប្រេងរបស់វាបានគ្រប់ជ្រុងជ្រោយ។
៤.បូមចង្កូចឡាន៖ ដើម្បីសម្រួលការបើកបរឲ្យកាន់តែរលូន អ្នកបើកបរត្រូវច្បាស់ថា ចង្កូតរថយន្តខ្លួនដែលកំពុងតែកាន់នោះ គួរតែធូរស្រួល ងាយបង្វិល។ ដូច្នេះដើម្បីបង្វិលចង្កូតឲ្យបានស្រួល យើងត្រូវពិនិត្យបូមចង្កូតដែលជាផ្នែកមួយជួយឲ្យរថយន្តរត់ឲ្យ ត្រង់ផ្លូវបាន។
៥. ពិនិត្យមើលកង់ឡាន បន្ទាប់មកពិនិត្យមើលភ្លើងរថយន្ត៖ ដើរ ជុំវិញកង់ឡាន ឆែកឆេរមើលកង់ឡាន ដើម្បីឲ្យប្រាកដថា តើមានកង់ឡានណាមួយធូរ ឬក៏បែកដែរ ឬអត់។ ការងារបន្ទាប់ពីនេះ អ្នកបើកបរត្រូវធ្វើ Test ទៅលើប្រព័ន្ធភ្លើងរថយន្ត ដោយពិនិត្យទៅលើភ្លើងមុខក្រោយ ភ្លើងស៊ីញ៉ូឆ្វេងស្តាំ ភ្លើងហ្វា និងភ្លើងកូតជាដើម។
ខាងលើនេះគ្រាន់តែជាការពិនិត្យ បច្ចេកទេសមួយចំនួន ដែលអ្នកបើកបរថ្មីថ្មោងគួរតែស្វែងយល់ប៉ុណ្ណោះ។ បន្ទាប់ពីឆែកឆេរតាមបច្ចេកទេសខាងលើនេះ អ្នកបើកបរគួរតែបញ្ឆេះម៉ាស៊ីនឡាន ឲ្យបាន ២ ទៅ ៣ នាទីមុននឹងចេញដំណើរ ដើម្បីដាស់ម៉ាស៊ីនឲ្យរលូន។ ក្នុងរយៈពេល ២ ទៅ ៣ នាទីនេះ សម្រាប់អ្នកបើកបរមានបទពិសោធន៍យូរឆ្នាំ គេក៏អាចស្ដាប់ដំណើរការនៃម៉ាស៊ីនរថយន្ត ដើម្បីរកពិនិត្យបច្ចេកទេសផ្សេងៗផងដែរ៕