មនោរម្យ​ណាស់! ទិដ្ឋភាពផ្លូវជាតិលេខ១១ ក្រោមការចំណាយថវិកាជិត១០០លានដុល្លារ

  • 2021-12-06 10:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ១១ដែលទើបតែបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសារធារណដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ពោលគឺការសាងសង់នេះ គឺជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន មិត្តដែកថែបរបស់កម្ពុជា ក៏ដូចជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

បើតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ផ្លូវជាតិលេខ ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោម កម្រាស់ ៦០សង់ទី ម៉ែត្រ។

លើសពីនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីសក្តានុពលនៃផ្លូវជាតិលេខ១១ លើការតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

ប្រភព៖ក្រសួងសារធារណការនិងដឹកជញ្ជូន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី