កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» Startup Cambodia ដាក់ដំណើរការជាផ្លូវការ
- 2021-12-08 07:23:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» Startup Cambodia ដាក់ដំណើរការជាផ្លូវការ
ចន្លោះមិនឃើញ
កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ឬជាភាសាអង់គ្លេស Startup Cambodia បានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom ព្រមទាំងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទំព័រហ្វេសប៊ុកក្រសួង-ស្ថាប័នដៃគូ។
កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួង-ស្ថាប័នដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីជាច្រើនរូបទៀត។
ការរៀបចំកម្មវិធីថ្នាក់ជាតិនេះមានគោលបំណងធំៗចំនួន ៤ រួមមាន៖
(១) ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនិងពង្រឹងកិច្ចសហការរវាងគ្នានិងគ្នា តាមរយៈកម្មវិធីបែបសហគមន៍ថ្នាលឌីជីថល
(២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅវិញទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី
(៣) ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថល
(៤) ជាវេទិកាជាតិមួយក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានាដូចជា៖ Startup Singapore, Vietnam, Thailand ដើម្បីជំរុញនិងបង្កើតក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងសាកលលោក។
សូមអានសេចក្តីជូនដំណឹង៖
សូមទស្សនាវីដេអូខាងក្រោម៖
ដោយយោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានដាក់ចេញ កាលពីខែឧសភា ឆ្នាំ ២០២១ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង។
ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយខាងលើ និងឆ្លើយតបទៅនឹងបរិបទគន្លង ប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី ថ្នាក់ជាតិស្ដីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសហការរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ។
ក្នុងការសម្រេចបាននូវគោលបំណងខាងលើ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់យកនូវគោលដៅសំខាន់ចំនួន ៥ ជាគ្រឹះ និងសសរស្ដម្ភនៃក្រប ខណ្ឌគោលនយោបាយ ដែលមួយក្នុងចំណោមនោះ បានចង្អុលបង្ហាញពីការជំរុញធុរកិច្ចឌីជីថល ដោយផ្ដោត ចម្បងលើការលើកទឹកចិត្តដល់សហគ្រាស ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ, ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ធុរកិច្ចថ្មី និងការផ្សារភ្ជាប់ជាមួយខ្សែច្រវាក់ឌីជីថលក្នុងតំបន់ និងសកល ក្នុងន័យទាញយកប្រយោជន៍ជាអតិបរមាពី បច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តនវានុវត្តន៍។
ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ យើងត្រូវកាត់បន្ថយការជួបមុខគ្នាដោយផ្ទាល់, ការធ្វើធុរកិច្ចមិនថានៅកម្ពុជា ក្នុងតំបន់ឬបណ្ដាប្រទេសនានាលើពិភពលោក ចាប់ផ្ដើមវិវឌ្ឍរកជំហានថ្មីដោយចាប់យក បច្ចេកវិទ្យាជាស្នូលនៃការផ្ដល់សេវាកម្មឬបង្កើតទំនិញផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ថ្នាលឌីជីថល «ធុរកិច្ចថ្មីកម្ពុជា» តាមរយៈតំណភ្ជាប់ www.startupcambodia.gov.kh ៕