មក​តាម​ដាន​ស្ថានភាព​ ដំរីខាវ៉ាន់ ពេល​នេះ​បាន​ដឹង​ថា គេ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់ គ្រប់​គ្នា​មិន​បាច់​បារម្ភ​ទេ!

  • 2021-12-09 02:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាវ៉ាន់ ដែល​មុន​នេះ​ជា​ដំរី​មួយ​ក្បាល​ឯកោ​បំផុតលើ​លោក​ ហើយ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ប៉ាគីស្ថាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ហើយ នោះ ឥឡូវ​គេ​លែង​រងា​កំព្រា​ទៀត​ហើយ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​ដាក់​ឲ្យ​រស់​ក្នុង​ព្រៃធម្មជាតិ​មួយ​កន្លែង​របស់​កម្ពុជា។ នេះ​បើ​តាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

នៅ​ថ្មី​ៗ​នេះ ឯកឧត្តម នេត្រ ភក្ត្រា ចុះបំពេញបេសកកម្មការងារនៅលើទឹកដីខេត្តសៀមរាប ហើយ​បាន​ឆ្លៀត​ទៅពិនិត្យមើលស្ថានភាព​រស់​នៅ​របស់​ដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។

ឆ្លង​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង ឯកឧត្តមបាន​គូស​បញ្ជាក់​ថា ស្ថានភាព​ខាវ៉ាន់​ពេល​នេះ គឺ​ប្រសើរ​ជាង​មុន​ឆ្ងាយ​។ "ខ្ញុំពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ"។

ក្រោយពេលមកដល់ប្រទេសកម្ពុជា ដំរីខាវ៉ាន់ រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ ដែលជាកន្លែង​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ ខាវ៉ាន់។ ជាក់ស្ដែង ពេល​នេះ ខាវ៉ាន់ បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងជាង​មុន​ទៀត​ផង។

ដោយ​ឡែក ចរិត ខាវ៉ាន់ វិញ ក៏​មានការប្រែប្រួលដែរ គឺមានភាពស្ងៀមស្ងាត់ និងស៊ាំជាមួយ​មនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់ថែម​ទៀត។ "ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ"។ ឯក ឧត្តម នេត្រ ភក្ត្រា ថ្លែង។

ខាវ៉ាន់ មុន​នេះ​ជាដំរីដ៏ឯកោបំផុតនៅលើលោក ហើយ​ទីបំផុត រូប​ត្រូវ​បានបញ្ជូន​ចេញ​ទី​កន្លែង​ដើម​នា​ប្រទេស​ប៉ាគីស្ថាន និង​បាន​មកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ត​មក​កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា៕

ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម