បទ​ចម្រៀង «អ្នក​ចម្បាំង»​ ដែល​បង្កប់​អត្ថន័យ​ពិសេស​របស់​សហព័ន្ធ​ល្បុក្កតោ​នឹង​ប្រគល់​ជូន​ CAMSOC​

  • 2021-12-22 03:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​ល្បុក្កតោ​ បាន​បញ្ជាក់​ថា​បទ​ចម្រៀង​ «អ្នក​ចម្បាំង»​ បង្កប់​អត្ថន័យ​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រគល់​ជូន​គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២ (CAMSOC)​ ដើម្បី​ប្រើប្រាស់​នៅព្រឹត្តិការណ៍​កីឡា​ជាតិ​ធំៗ​ក៏​ដូច​​ជា​ស៊ីហ្គេម​ ២០២៣។​

រូបភាពផ្ដល់ជូន

លោក​ អ៊ូ​ តារា​ តំណាង​សហព័ន្ធ​កីឡា​ល្បុក្កតោ​ បាន​ឲ្យ​ដឹង​ថា​ បទ​ចម្រៀង​ «អ្នក​ចម្បាំង»​ នេះ​គឺ​បង្កើត​ឡើង​ពី​ការ​សហការ​រវាង​ផលិតកម្មរាម​ និង​សហព័ន្ធ​ល្បុក្កតោ។​ នៅ​ពេល​នេះ​កំពុង​ដំណើរ​ការ​ផលិត​ជា​ MV។​

អ្នក​ល្បុក្កតោ​ខាងលើ​នេះ​លើក​ឡើង​ទៀត​ថា​ គោលបំណង​នៃ​ការ​ផលិត​គឺ​ស្រប​ជា​មួយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​​ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣។​

រូបភាពផ្ដល់ជូន

បទ​អ្នក​ចម្បាំង​ បាន​បញ្ចូល​គ្នា​រវាង​សិល្បៈ​សម័យ​ និង​បុរាណ​ លេច​ជា​ទស្សនីយភាព​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​មាន​ជា​ទម្រង់​ស្នៀត​គុន​ល្បុក្កតោ​ ទម្រង់​យុទ្ធវិធី​ទ័ព​សម័យ​អង្គរ។​ ចំពោះ​ខ្លឹមសារ​ចម្រៀង​វិញ​ឧទ្ទិស​ស្នាដៃ​ដល់​បុព្វបុរស​ ទំនៀមទម្លាប់​ ប្រពៃណី​អ្នក​ហាត់​គុន​ ជំនឿ​សាសនា​ និង​ការ​ជំរុញ​ស្មារតី​ដល់​យុវជន​ដោយ​មាន​ស្មារតី​ជា​អ្នក​ប្រយុទ្ធ​ និង​ថែរក្សា​មរតក​ដ៏​វិសេសវិសាល​មួយ​នេះ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ល្បុក្កតោ​ បាន​ធ្វើ​ការ​សម្ដែង​ផ្ទាល់​បទ​ចម្រៀង​ «អ្នក​ចម្បាំង»​ នៅ​ក្នុង​ព្រឹត្តិការណ៍​បើក​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ដោយ​មាន​ការ​អបអរ​សាទរ​ជា​ច្រើន​ផង​ដែរ។ កម្ពុជា​កំពុង​សកម្ម​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​ត្រៀម​ និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​