សកម្មភាពល្អ! ទៅព្រែកទាល់១ជើង ដាស់ឲ្យលោក សុផល ងាកមកគិតគូរខ្លាំងពីបរិស្ថាន
- 2022-01-21 09:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពល្អ! ទៅព្រែកទាល់១ជើង ដាស់ឲ្យលោក សុផល ងាកមកគិតគូរខ្លាំងពីបរិស្ថាន
ចន្លោះមិនឃើញ
លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី (BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។
" កន្លងមកសំរាមមានច្រើននៅតាមទីសាធារណៈនាឯតំបន់ទន្លេសាប។ នៅឆ្នាំ ២០១៧ និង ២០១៨ ខ្ញុំមានចម្ងល់ថាហេតុអ្វីគ្មាននរណាម្នាក់ខ្វាយខ្វល់អំពីបរិស្ថានជុំវិញបឹងទន្លេសាប ជាពិសេសសំណល់ផ្លាស្ទិកដែលប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងនិងជុំវិញបឹងទន្លេសាប។"។
លោកបន្តថា៖ " ហេតុអ្វីបានជាខ្ញុំត្រូវចាប់ផ្តើមខ្វាយខ្វល់ពីបរិស្ថានជុំវិញបឹងទន្លេសាប? ចំលើយគឺ ថ្ងៃមួយខ្ញុំបានទៅទស្សនាបន្ទាយសត្វព្រែកទាល់ អំឡុងពេលធ្វើដំណើរទូកក៏វាជាប់គាំងនៅជិតវត្តមេជ្រៃ ស្លាបចាក់របស់ទូកគឺជាប់ពេញដោយសំរាម ធ្វើអោយអ្នកបើកបរទូកគាត់ត្រូវចំណាយពេលរហូតដល់២០នាទីដើម្បីយកសំរាមចេញពីស្លាបចាក់របស់ទូក។ "
រឿងរ៉ាវនៅថ្ងៃនោះ បានបណ្ដុះស្មារតីបរិស្ថានរបស់លោក។ នាយកមូលនិធិ បានលើកឡើងថា "សម្រាមនៅក្នុងទឹកដែលមើលមិនឃើញគឺមានច្រើន ចុះជីវៈចម្រុះច្រើនទៀតដែលយើងមើលមិនឃើញដែលនៅក្នុងទឹក តើវាត្រូរស់នៅយ៉ាងដូចម្តេចជាមួយការបំពុលដោយសំរាមដែលមាននៅក្នុងទឹក។ ហើយសំរាមនោះដែរ គឺមាននៅគ្រប់កន្លែង លើទឹក ក្នុងទឹក លើដី លើសពីនេះទៅទៀតសូម្បីតែលើដើឈើក៏មានសំរាមថែមទៀត។ វាមិនមែនជារឿងធម្មតានោះទេដែលសំរាមមានសូម្បីតែលើដើមឈើ។ មនុស្សជាច្រើនដែលទាញផលប្រយោជន៍ពីបឹងទន្លេសាប តែពួគគេមិនបាននាំគ្នាខ្វាយខ្វល់អំពីសុខភាពបឹងទន្លេសាបសូម្បីតែបន្តិច។"។
គិតដល់រឿងទាំងនេះ លោក សៀ សុផល ក៏បានចុះទៅសហគមន៍ផ្ទាល់ ដើម្បីសាកសួរព័ត៌មានប្រភពសម្រាមដែលមានលើដើមឈើ។ ចម្លើយដែលលោកប្រមូលបាន គឺសម្រាមទាំងអាចឡើងទៅលើដើមឈរបាន ដោយសារទឹកឡើង ហើយពេលទឹកសម្រកទៅវិញ វានៅទុំជាប់នឹងដើមឈើទាំងនោះ។
ដូច្នេះលោក គិតថា មិនគួរទុកសម្រាមទាំងនេះនៅលើដើមឈើបង្អួតភ្ញៀវទេសចរនោះទេ។ អីចឹងហើយលោកក៏បានកៀគរប្រជាពលរដ្ឋ ព្រះសង្ឃ ដើររើសសម្រាមពីចុងឈើ។“ពួកគាត់បាននិយាយថា, ពួកគេសប្បាយចិត្ត និង រីករាយជាខ្លាំង នៅពេលដែលបានចូលរួមប្រមូលសំរាមពីលើដើមឈើនៅថ្ងៃនេះ។ ពួកយើងកំពុងតែសំអាតដើមឈើ ដោយសារតែពួកយើងមិនចង់ឱ្យអ្នកទេសចរឬមនុស្សផ្សេងទៀតមើលឃើញសំរាមនៅលើដើមឈើនោះទេ។ ធម្មជាតិ គឺស្រស់ស្អាតជាង”។
សកម្មភាពនេះ ទទួលបានការសាទរជាខ្លាំង ហើយក៏មានអ្នកចូលរួមកាន់តែច្រើន។ ដូច្នេះលោកសម្រេចបង្កើតយុទ្ធនាការប្រចាំ។" យើងបានបង្កើតទិវាប្រមូលសម្រាប់សម្រាប់២រដូវ គឺរដូវទឹកឡើងម្តង និង រដូវទឹកស្រកម្តងទៀត។ សម្រាប់សកម្មភាពនេះមានការចូលរួមតាំងពីសិស្ស ជាមួយយុវជនស្ម័គ្រចិត្តមកពីក្រុងសៀមរាបផងដែរ "៕
ព័ត៌មានផ្ដល់សិទ្ធិដោយ៖ A24