ជាក្រុមហ៊ុន​ផលិតឡាន​ដ៏ល្បី ឥឡូវ​បែរមកផលិត​ទូរសព្ទវិញ

  • 2022-01-24 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្តចិន​ដ៏ល្បីល្បាញ គឺ​ក្រុមហ៊ុន Geely ចាប់ផ្តើម​បែរចក្ខុ​មើល​លើ​វិស័យ​ស្មាតហ្វូនវិញ ដោយ​ក្រុមហ៊ុន​នេះ នឹង​ទិញ​ក្រុមហ៊ុនស្មាតហ្វូនចិន Meizu ដែល​មាន​អាយុកាលជិត ២០ឆ្នាំ​មកហើយ ពោលគឺ​គ្រោង​នឹងបញ្ចេញ​ស្មាតហ្វូនផ្ទាល់ខ្លួន អំឡុងឆ្នាំ​២០២៣។

ក្រុមហ៊ុន​ Geely ត្រូវបានគេ​ដឹងថា បាន​វិនិយោគប្រមាណ ១០ពាន់លានយ័ន ឬប្រមាណ ១,៦ពាន់លានដុល្លារ លើ​ការផលិតស្មាតហ្វូន ដែលនេះមិនទាន់រាប់បញ្ចូលចំនួនលុយ​នៃការ​ទិញ Meizu នៅឡើយទេ។

គួររំលឹក​ថា កាលពី​ឆ្នាំមុន លោក Eric Li ប្រធាន Geely បាន​បង្កើត​ក្រុមហ៊ុន​ស្មាតហ្វូន​មួយផងដែរ ក្នុងក្រុងអ៊ូហាន ដែលមានការចូលរួមជាមួយអ្នកវិនិយោគ​ដទៃទៀត។ វាត្រូវបាន​ដាក់ឈ្មោះថា Hubei Xingji Shidai Technology ហើយ​ពេលនោះគឺ​បាន​ជ្រើសរើស​អ្នក​ជំនាញ​ពី​ក្រុមហ៊ុន Xiaomi និងពី​ក្រុមហ៊ុនផលិតស្មាតហ្វូន​ធំៗ​ដទៃទៀតដែរ ដើម្បី​ជួយដល់​អាជីវកម្មថ្មីនេះ។

យ៉ាងណាមិញ Geely នៅតែ​បន្ត​ស្វែង​រកដៃគូផលិត​ស្មាតហ្វូន ក្នុងនោះក្រៅពី Meizu ក្រុមហ៊ុនតៃវ៉ាន់ Foxconn ក៏នឹង​ក្លាយ​ជម្រើស​របស់​ក្រុមហ៊ុន​​រថយន្ត​នេះផងដែរ។

វាមិន​មែន​ជារឿង​ចម្លែក​អ្វីនោះទេ ដោយ​សារ Geely ជាក្រុមហ៊ុនផលិតរថយន្ត ដូច្នេះបើសិនជាបង្កើត​ក្រុមហ៊ុនស្មាតហ្វូនមួយទៀតនោះ វារឹតតែជួយឱ្យ​ក្រុមហ៊ុនចិននេះ បំពាក់​បច្ចេកវិទ្យា​កាន់តែទំនើប​នៅលើរថយន្ត ជាពិសេស​ខណៈដែល​មានការពេញនិយមខ្លាំង​លើរថយន្ត​បើកបរ​ស្វ័យប្រវត្តិ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម