អាសូរណាស់! លោកយាយវ័យ៨៥ឆ្នាំ កូនចៅរត់ចោលអស់ដើរស៊ីឈ្នួលបកខ្ទឹមឲ្យគេ ពីព្រឹកដល់យប់ទិញអង្ករហូបពេលខ្លះខំបកពេកដាច់បាយក៏មាន

  • 2022-02-11 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិតមនុស្សយើងកើតមកនៅលើផែនដីនេះ មានវាសនាមិនដូចគ្នាទេ ដោយអ្នកខ្លះមានសំណាងអាចរស់នៅប្រកបដោយជីវិតស៊ីវិល័យហ៊ឺហា ចូលហាងទំនើបៗ ហូបអាហារឆ្ងាញ់ៗនិងអ្នកខ្លះទៀតប្រកបរបរចិញ្ចឹមជីវិត ដើម្បីគ្រាន់តែអាចរស់មួយថ្ងៃ ហូបមួយថ្ងៃ។ បើអ្នកគិតថាជីវិតរបស់ខ្លួនកម្សត់ខ្លាំងចូលអ្នកក្រឡេកភ្នែកបន្តិច ទៅកាន់ដូនចាស់ម្នាក់នេះ ដែលមានជីវិតក្រខ្សត់លំបាកវេទនាត្រូវកូនចៅរត់ចោលអស់តស៊ូរកស៊ីបកស្លឹកខ្ទិមឲ្យគេដើម្បីជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ពីរនាក់ចៅស្រីអាយុ៥ឆ្នាំគួរឲ្យសង្វែគជាពន់ពេក។

ជាក់ស្តែងមាន លោកយាយម្នាក់មានវ័យរហូតដល់ ៨៥ឆ្នាំទៅហើយ ភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានជីវិតលំបាកកម្សត់ទីទល់ក្រ ទោះស្ថិតក្នុងជរាវ័យទៅហើយក្ដីក៏ស៊ូបន្តប្រឹងដើរស៊ីឈ្នួលបកខ្ទឹមឲ្យគេទាំងដែល ខ្លួនមានជំងឺប្រចាំកាយ ថែមទាំងពិកាភ្នែកមួយចំហៀងទៀត គ្រាន់បានប្រាក់ខ្លះទុកបំពេញភាពឃ្លានរបស់ក្រពះនិងចិញ្ចឹមចៅតូចអាយុទើបតែ៥ឆ្នាំក្នុងបន្ទុកផង។

បើតាមគណនីហ្វេសប៊ុក ឈ្មោះ Sovan Ratha Ra បានបង្ហោះថា ''យាយអើយយាយអាយុ ៨៥ឆ្នាំ ហើយនៅតែពីរនាក់យាយចៅ ព្រឹកឡើងមិនទាន់ទេមកអង្គុយចាំនៅមុខផ្ទះចាំស៊ីឈ្នួលបកខ្ទឹមនៅផ្ទះខ្ញុំបកតាំងពីព្រឹកដល់យប់ មួយថ្ងៃបាន៨ពាន់រៀល ទុកចិញ្ចឹមចៅនិងទិញ អង្ករហូបពេលខ្លះខំបកពេកដាច់បាយក៏មាន សរសើរគាត់ណាស់សុខចិត្តដើរស៊ីឈ្នួលគេ ទោះអត់ខ្លាំងយ៉ាងណាក៏ដោយមិនដែលលើកដៃសុំគេទេនេះហើយជីវិត''។

តាមប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា លោកយាយលំបាកណាស់ សព្វថ្ងៃមានជំងឺប្រចាំកាយកូនចៅគេរត់ចោលអស់ ទុកបន្ទុកចៅស្រីម្នាក់ឲ្យលោកយាយទទួលខុសត្រូវស៊ីឈ្នួលគេរកព្រឹកខ្វះល្ងាច ជួលកាលត្រូវហូបបាយជាមួយអំបឹលក៏មាន ថែមទាំងផ្ទះដែលគាត់កំពុងរស់នៅមិនដឹងថាថ្ងៃណាគេមករឹបអូសទៅបាត់ទៀត ពិតជាសោកសង្រែងអាណិតលោកយាយជាពន់ពេក។

ក្រោយពីបានឃើញពីភាពតស៊ូរបស់លោកយាយកម្សត់ និងចៅស្រីខាងលើបានធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ហើយក្នុងនោះដែរក៏មានសប្បុរសជនជាច្រើនបានផ្ដល់ជាជំនួយខ្លះៗទៅដល់យាយចៅខាងលើ និងសង្ឃឹមពីរនាក់គាត់នឹងទទួលបានថវិកាបន្តិចបន្ទួចដើម្បីជីវិតបន្តទៅមុខទៀត។ គិតទៅជីវិតពិតជាខុសគ្នាដូចមេឃហើយនិងដី ដូច្នេះប្រសិនបើអ្នកមានជីវិតមួយ ដែលអាចរស់នៅបានសមរម្យដូចគេ ដូចឯងហើយគប្បីចេះរីករាយនិងអ្វីដែលយើងកំពុងមាន និង ខិតខំបន្តទៅមុខទៀតដើម្បីឱ្យកាន់តែប្រសើរ៕

ប្រសិនបើចង់ផ្ដល់ជំនួយដល់លោកយាយ អាចទំនាក់ទំនងគណនីហ្វេសប៊ុកឈ្មោះ៖ Sovan Ratha Ra ABA៖ ០០១ ១៧៦ ៤១២ ( RA RATHA )

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី