ខ្លោចចិត្តណាស់! នេះហើយជាទីជម្រកអតីតគ្រូភាសាបារាំងនៅសាលាទួលទំពូង ផ្ញើជីវិតចុងក្រោយរបស់ខ្លួន ក្រោយចូលនិវត្តន៍

  • 2022-02-16 01:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារឿងដ៏គួរឱ្យខ្លោចចិត្តក្រៃលែង អតីតលោកគ្រូបង្រៀនភាសាបារាំងម្នាក់ ប្រចាំវិទ្យាល័យទួលទំពូង ពេលនេះកំពុងរស់នៅយ៉ាងកម្សត់តែលតោល គ្មានកូនចៅ ស្ទើរគ្មានបាយហូប ដើរអនាថាគ្មានគោលដៅ គេងតាមចិញ្ចើមផ្លូវ ។ កាន់តែរំជួលចិត្តពេលនេះលោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យទួលទំពូង បានបង្ហាញទិដ្ឋភាពទីលំនៅរបស់លោកតាកំពុងរស់នៅ ពិតជាស្រណោះ ស្ទើរតែគ្មានកន្លែងសម្រាក គ្មានអ្នកជួយបោសសម្អាត គ្មានអ្នកមើលថែ។ ក្នុងផ្ទះសុទ្ធតែសំរាម ដបទឹក និងមានរបស់ទ្រព្យមួយចំនួនដូចជាទូរទស្សន៍ចាស់មួយ តុ ទូ មួយចំនួន ហើយអ្វីដែលសំខាន់លោកតានៅរក្សាទុកសៀវភៅធ្លាប់បង្រៀនបានយ៉ាងល្អ។

តាមការបញ្ជាក់ពីលោកគ្រូ ណន ម៉ារ៉ាឌី បានឱ្យដឹងថា លោកតាកម្សត់រូបនេះ ឈ្មោះ អាង ហួត ជាអតីតគ្រូបង្រៀនភាសាបារាំងនៅឯវិទ្យាល័យទូលទំពូង។ ពេលនេះលោក ណន ម៉ារ៉ាឌី បាន​ឱ្យមេភូមិជួយរកមនុស្សទៅជួយសម្អាតផ្ទះរបស់លោកតា និងកំពុងអំពាវនាវសូមឱ្យអតីតសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបណ្ដាសប្បុរសជនទាំងឡាយ ជួយជាថវិកា ជាសម្ភារ គ្រឿងឧបភោគ បរិភោគ ជូនដល់លោកតាផង ដើម្បីឱ្យលោកបានរស់នៅល្អប្រសើរជាងនេះ នៅជីវិតចុងក្រោយរបស់លោក ។

តាមប្រវត្តិត្រួសៗដែល Sabay ទទួលបានពីការបញ្ជាក់លោក ណន ម៉ារ៉ាឌី លោកតា អាង ហួត គ្មានប្រពន្ធកូននោះឡើយ តាំងពីដើមមកលោកជិះតែកង់ទៅបង្រៀនប៉ុណ្ណោះ និងជាគ្រូដ៏ល្អម្នាក់ប្រចាំសាលា ក្នុងជីវិតរបស់លោកតា គ្មានចង់បានអ្វីក្រៅពីការផ្ទេរចំណេះដឹងដល់កូនសិស្ស និងបំពេញកាតព្វលុះដល់ថ្ងៃចូលនិវត្តន៍ ។ ដោយសារវ័យកាន់តែចាស់ និងគ្មានចំណូលអ្វី ហើយរស់នៅម្នាក់ឯងផងនោះ ទើបនាំឱ្យជីវិតលោកតាកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ៕

អត្ថបទថ្មី