ហឹម...ម្ដាយ​គេ​ម្ដាយ​យើង! អ៊ុំស្រីម្នាក់ តស៊ូរត់កង់បី១យប់ទល់ភ្លឺ យកលុយចិញ្ចឹមម្ដាយអាយុ ៧៧ឆ្នាំ ឃើញហើយជួយជិះផង!

  • 2022-02-21 05:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន មហាជន​រំជួល​ចិត្ត​ដោយ​សារ​លោក​គ្រូបង្រៀន​ភាសាបារាំង ធ្លាក់​ខ្លួន​ផ្ញើ​ជីវិត​លើ​ចិញ្ចើម​ផ្លូវ ឥឡូវ​នេះ ប្រទះ​ឃើញ អ៊ុំ​ស្រី​ម្នាក់ អាយុ ៦០​ទៅ​ហើយ តស៊ូ​រត់​កង់បី​១យប់​ទល់​ភ្លឺ​ដើម្បី​យក​ប្រាក់​ចិញ្ចឹម​ខ្លួន និង​ម្ដាយ​ជរាម្នាក់។

ដំណឹង​អំពី​អ៊ុំ​ស្រី​វ័យ ៦០ ត្រូវ​បាន​បើក​កកាយ​ដោយ​គណនីហ្វេសប៊ុករបស់បវរកកញ្ញាប្រទេសកម្ពុជា Miss Grand Cambodia ឆ្នាំ២០១៨។ គណនី​មួួយ​នេះ បានបង្ហោះរូបថត​ចំនួន២សន្លឹក និង​សារ​ភ្ជាប់​ជាមួយ​ថា "អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចញ្ចឹមម្តាយអាុយ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក...អ៊ុំស្រី រត់កង់បី​នៅ​ម្តុំបាក់ទូក និង ផ្សាដេប៉ូ"។

សារ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្តនៅតាមបណ្តាញ​សង្គមហ្វេសប៊ុក កំពុងតែមានការរំជួលចិត្តខ្លាំង អាណិតដល់អ៊ុំស្រីជាខ្លាំង និងចង់ដឹងពីមូលហេតុនៃការតស៊ូពីជិវិតដ៏កម្សត់របស់អ៊ុំស្រី។

ជុំវិញបញ្ហា​នេះ តាម​រយៈ​បទ​សម្ភាសន៍ជាមួយ Sabay បាន​ឲ្យ​ដឹង​ថា អ៊ុំស្រីមាន​ឈ្មោះ សុខ លាភ មានអាយុ៥០ឆ្នាំហើយ ពុំមានគ្រួសារកូនចៅអ្វីនោះឡើយ មានតែម្តាយចាស់ជរាអាយុ៧៧ ឆ្នាំ និងចៅស្រីខាងបងប្អូនម្នាក់នៅក្នុងបន្ទុក។ សម្រាប់មុខរបររត់កង់បីឥណ្ឌានេះ អ៊ុំស្រីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ឯណោះ ដើម្បី​ដោះស្រាយ​បន្ទុក​ជីវភាព។

ដំបូង​ឡើយ អ៊ុំស្រី​មិនមាន​ប្រាក់​ដើម្បី​ទិញ​កង់បីដាច់​​នោះ​ទេ ដូច្នេះ​ហើយដើម្បី​បាន​កង់បី​មក​ប្រកប​របរ អ៊ុំ​ស្រី​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទីញ​ដោយ​ការបង់រំលស់។ ក្រោយក្រុមហ៊ុន​យល់​ព្រម​តាម​លក្ខខណ្ឌ អ៊ុំ​ស្រី​ក៏​យក​មក​ប្រកបរបរ​ដឹកភ្ញៀវ​ រយ:ពេល២ឆ្នាំហើយ។

អ៊ុំស្រីបានបញ្ជាក់ប្រាប់ Sabayបន្ថែមថា ដំបូងឡើយ ម្តាយរបស់អ៊ុំ​ស្រីដែលមានអាយុជាង៧០ឆ្នាំ មិនអនុញ្ញាតិអោយគាត់មករត់រម៉កកង់បីឥណ្ឌាឡើយ ដោយសារខ្លាចកូនមានគ្រោះថ្នាក់ព្រោះរបរនេះមិនដែលមានមនុស្សស្រីជាង៥០ឆ្នាំឯណាមកធ្វើនោះឡើយ។ បន្ថែម​ពី​លើេនះ ការងារ​នេះ តម្រូវ​អ៊ុំស្រីរត់ពេញមួយយប់ទល់ភ្លឺជារៀងថ្ងៃទៀត ដែល​ទាំង​នេះ​មានហានិភ័យ​ខ្ពស់ និង​ប៉ះពាល់​សុខភាព​ថែម។

ប៉ុន្តែ​អ្វី​ៗ មិន​មាន​ជម្រើស ដូច្នេះ​ហើយមាន​តែ​ប្រថុយ​ជាង នៅ​មួយ​កន្លែង​ចាំស្លាប់ដែរ។ គិត​មក​ដល់​ពេលនេះ អ៊ុំស្រីបាន​ប្រកប​របរ​ដឹកម៉ូយ​រហូត​មក​បាន​រយៈ​ពេល ៤ឆ្នាំ​ហើយ ហើយ​ក៏​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ដែរ។ "ខ្លាចដែរក្មួយខ្លួន ជាស្រី ហើយជាមនុស្សចាស់ទៀត មករត់រម៉កកង់បីឥណ្ឌាមួយយប់ទល់ភ្លឺអ៊ីចឹង តែធ្វើម៉េចដោយសារតែជីវភាពយើងគ្មានជម្រើសទេ បើមិនលះបង់ មិនជម្នះភាពភ័យខ្លាច យើងបានប្រាក់មកពីណាចិញ្ចឹមខ្លួននិងម្តាយចាស់ជរា"។

អ៊ុំស្រី សុខ លាភ ប្រាប់​ថា ពេល​ខ្លះ ភ្ញៀវ​មាន​ការ​​ភ្ញាក់​ផ្អើល ដោយសារតែឃើញអ៊ុំស្រី ប្រកបរបរដែល​មាន​ការ​ប្រឈម​ខ្លាំង​មួយ​នេះ។ ដូច្នេះ​ហើយ ខ្លះ​គេតីអាណិតអាសូរ ក៏បាន​ជួយ​ជិះ​ហូរហែ តែមានភ្ញៀវខ្លះទៀត បែរជាធ្វើបាប ជិះមានអោយលុយ ក៏មានដែរ។

តាម​ទម្លាប់​អ៊ុំស្រី សុខ លាភ តែង​ចេញ​រត់​កង់បី នៅ​វេលា​ម៉ោង ៤ល្ងាច និង​ត្រឡប់​ចូល​ផ្ទះ​វិញ​នៅ​ពេល​ភ្លឺម៉ោង​ប្រមាណ ៩ ឬ ១០ព្រឹក។ រយៈ​ពេល​១យប់​យ៉ាង​ប្រថុយប្រថាន​នេះ អ៊ុំ​ស្រី អាច​ប្រាក់​បាន ប្រមាណ ៤០០០០ ឬ ១០ដុល្ល្ារ​តែ​ប៉ុណ្ណោះ។ ស្ត្រី​ចំណាស់​កម្សត់ បាន​ត្អូញ​ថា អ៊ុំ​ស្រី​មាន​ការ​នឿយ​ហត់ខ្លាំង ប៉ុន្តែ​ពិត​មិន​ទម្លាក់ចុះ​បាន ដូច្នេះ​មាន​តែ​ទ្រាំ និង​មិន​ដឹង​ថា​ដល់​ពេល​ណា ម្យ៉ាង​សុខភាព​ក៏​កាន់​តែ​ទ្រុឌទ្រោម​ណាស់​ហើយ។

"ព្រោះតែជីវិតណាក្មួយ ឥឡូវនេះសុខភាពមិនសូវល្អទៀត រាល់​ថ្ងៃអ៊ុំ​លំបាកណាស់ ហត់ណាស់!!!"។

សម្រាប់ប្រិយមិត្ត ដែលចង់ជួយឧបត្ភម្ភថវិការទៅកាន់អ៊ុំស្រី ដើម្បីសម្រាលការលំបាក អាចទំនាក់ទំនងទៅកាន់ លេខទូរស័ព្ទរបស់អុំស្រីដោយផ្ទាល់បាន ០៩៦៨៤៥៣៩៦០។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី