ចំណាប់អារម្មណ៍ដំបូង Xiaomi Watch S1 និង S1 Active ៖ នាឡិកាឆ្លាត ដែលថោកជាងសមត្ថភាព!

  • 2022-03-16 08:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញ Xiaomi បានប្រកាសចេញនូវទូរសព្ទកំពូលរបស់ខ្លួន Xiaomi Mi12 ទៅក្នុងទីផ្សារអន្តរជាតិជាផ្លូវការ។ ក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រុមហ៊ុនក៏បានបញ្ចេញនូវនាឡិកាឆ្លាតវៃចំនួន ២ ម៉ូឌែលផងដែរ ដែលមានសមត្តភាពដ៏គួរឲ្យចាប់អារម្មណ៍ ថែមទាំងមានតម្លៃសមរម្យទៀតផង។ តោះទៅតាមដានលម្អិតអំពីវា៖

Xiaomi Watch S1
Watch S1 Active

Xiaomi Watch S1 ជានាឡិកាដែល Xiaomi ផលិតមកផ្ចិតផ្ចង់ខ្លាំង ព្រោះតួរខ្លួនរបស់វាត្រូវបានផលិតឡើងពីវត្ថុធាតុដើមថ្លៃៗ និងប្រណិត រីឯបច្ចេកវិទ្យាដែលមាននៅលើវាវិញក៏មិនអន់ដែរដែរ។ តួរខ្លួនរបស់វាជាប្រភេទ ដែកមិនច្រេះ stainless steel ស្រោបដោយកញ្ចក់ជាប្រភេទត្បូង sapphire មើលទៅថ្លៃថ្នូរ។ ចំណែកឯ Watch S1 Active វិញក៏ដូចគ្នាដែរ ប៉ុន្តែមានការឌីហ្សាញបែបកាច ស័ក្កសមសម្រាប់អ្នកប្រើប្រាស់បែបផ្សងព្រេង។ និយាយដល់ការផ្សេងព្រេង នាឡិកានេះធន់នឹងទឹកកម្រិត 5ATM។

ចូលដល់លក្ខណៈសម្បត្តិខាងក្នុងវិញ នាឡិកាទាំងពីរម៉ូឌែលខាងលើសុទ្ធតែបំពាក់ដោយអេក្រង់ Amoled ទំហំ ១,៤៣អ៊ីញ ប៉ុន្តែ Watch S1 ការពារដោយកញ្ចក់ sapphire ចំណែកឯ S1 Active ជាប្រភេទកញ្ចក់ធម្មតា។ នាឡិកានេះដើរតួរជាអ្នកតាមដានសុខភាពជាប្រចាំរបស់យើង វាអាចប្រើសម្រាប់វាស់ចង្វាក់បេះដូងជាប់២៤ម៉ោង វាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម SpO2 និងវាស់ដំណេករបស់អ្នក។

មុខងារកីឡាមានចំនួន ១១៧បែប ល្អសម្រាប់អ្នកចូលចិត្តហាត់កីឡា បន្ថែមពីលើនោះវាមានមុខងារកីឡាអាជីពដល់ទៅ ១៩មុខ ដូចជាហែលទឹកនិង ជិះកង់ជាដើម។ កីឡាជាច្រើនដូចជាជិះកង់ និងរត់ចម្ងាយត្រូវការ GPS ជាចាំបាច់ ដូច្នេះហើយនៅលើនាឡិកាទាំងពីរនេះបានបំពាក់មកដោយ Dual-Band Multi-system GPS ដែលមានសមត្ថភាពអាចចាប់យកទីតាំងជាក់ស្តែងបានសុក្រិតជាងបច្ចេកវិទ្យាជំនាន់មុន។

ចំពោះការប្រើប្រាស់ជាក់ស្តែងវាក៏សម្រួលបានច្រើនផងដែរ ដោយអ្នកអាចប្រើវាដើម្បីលើកទូរសព្ទ ដោយភ្ជាប់ជាមួយនឹង Smartphone តាម Bluetooth។ ចូលដល់កម្លាំងថ្មម្តង វាបំពាក់ដោយថ្មទំហំ 470mAh ហើយក្រុមហ៊ុនអះអាងថាវាអាចប្រើបាន១២ថ្ងៃ។

សរុបមកវិញ នាឡិការទាំងពីរនេះ គឺមានលក្ខណៈសម្បត្តិល្អច្រើន ទំនើប និងទាន់សម័យ មានមុខងារ GPS ថ្មី ថ្មកាន់បានយូរ និងជាពិសេសនោះគឺតម្លៃខ្លួនទាប។ Xiaomi Watch S1 Active ដាក់លក់ក្នុងតម្លៃ ១៩៩ដុល្លារ ហើយ Xiaomi Watch S1 ដាក់លក់ក្នុងតម្លៃ ២៦៩ដុល្លារ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម