ប្រុងប្រយ័ត្នផងបងប្អូន! ភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់ផងម្សិលមិញ ប៉ើងដំបូលនិងរលំផ្ទះពលរដ្ឋជាច្រើនខ្នង សោកស្ដាយណាស់

  • 2022-03-28 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវវស្សាភ្លៀងធ្លាក់ដើមឆ្នាំបានចូលមក គេសង្កេតឃើញថានៅតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយភ្លៀងទាំងនេះផងដែរ ក៏តែងកើតមានបាតុភូតខ្យល់កន្ត្រាក់លាយឡំជារើយៗផងដែរ។ កត្តានេះបានបង្កជាហានិភ័យ និងបានគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់សុខសុវត្ថិភាពរបស់ពលរដ្ឋ ខណៈតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម កន្លងមកមានផ្ទះពលរដ្ឋជាច្រើនខ្នងបានរងការខូចខាតធ្ងន់ធ្ងរ និងខ្លះទៀតឈានដល់ប៉ះពាល់អាយុជីវិតជាច្រើនផងដែរ ដោយសារមូលហេតុខ្យល់កន្ត្រាក់នេះរៀងរាល់ឆ្នាំ។

ជាក់ស្ដែងយោងតាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីល្ងាចម្សិលមិញ មានធ្លាក់ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋច្រើនខ្នង និងរំលំដើមឈើមួយចំនួន ស្ថិតខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ ។

ទន្ទឹមនេះ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១៣៨​ខ្នង​ រង​នូវ​ការ​ខូចខាត​ ធ្ងន់​-​ស្រាល​ និង​មនុស្ស​ចំនួន​០៦​នាក់​បាន​រង​របួសស្រាល​(​ស្រី​)​ ក្នុង​ហេតុការណ៍​បាតុភូត​ធម្មជាតិ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​ម្សិលមិញនេះផងដែរ ទៅ​លើ​ស្រុក​ចំនួន​០៣​ គឺ​ ស្រុក​ភ្នំស្រុក​ ថ្មពួក​និង​ស្រុក​ស្វាយចេក​ នៃ​ខេត្តបន្ទាយមានជ័យ​ ។​

សូមពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលមានខ្នងផ្ទះសង់តាមរបៀបប្រពៃណី ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងពេលស្ថិតនៅក្នុងលំនៅឋាន និងពេលធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕

អត្ថបទដោយ៖ ស៊ូ អីន