សមាជិក​គីរីវង់ ឈិន​ជិន ថា​​ក្រុម​​ត្រៀម​ខ្លួន​រួចរាល់​យក​ឲ្យ​បាន​យ៉ាង​​ហោច​១​ពិន្ទុ​ពី​បឹង​កេត

  • 2022-04-07 07:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ហ៊ត ឈិន​ជិន បាន​​បង្ហាញ​ពី​ឆន្ទៈ​ក្រុម​របស់​​ខ្លួន​ក្នុង​ការ​ប្រជែង​ជា​មួយ​ក្រុម​បឹង​កេត​នា​សប្ដាហ៍​នេះ​​យ៉ាង​ហោច​យក​ឲ្យ​បាន​១​ពិន្ទុ​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦​​នៅ​លើ​ទឹក​ដី​​របស់​បឹង​កេត​វេលា​ម៉ោង​៣​:៤៥​នាទី​។

​ខ្សែ​បម្រើ​​ខាង​លើ​ជឿ​ថា​ក្រុម​របស់​ខ្លួន​ នឹង​យក​បាន​លទ្ធផល​ល្អ​ណា​មួយ​ក្នុង​ការ​ប្រកួត​មួយ​នេះ ព្រោះ​ថា​ក្រុម​ទាំង​មូល​បាន​តាំង​ចិត្ត​តស៊ូ​ ក្រោយ​បរាជ័យ​ផ្ទួន​ៗ​​ក្នុង​ការ​ប្រកួត​កន្លង​មក​។ សមាជិក​ក្នុង​ក្រុម​ទាំង​អស់​មិន​មាន​បញ្ហា​​របួស​ច្រើន​ទេ ពោល​មាន​តែ​បរទេស​ម្នាក់​ប៉ុណ្ណោះ​ដែល​មិន​បាន​លេង។

​យ៉ាង​ណា​​ម្ចាស់​អាវ​លេខ​៨​រូប​នេះ​បាន​និយាយ​ទាំង​ម៉ឺងម៉ាត់​ថា «​បាទ​បង​ក្រុម​ទាំង​មូល​បាន​តាំង​ចិត្ត​ហើយ​។ គ្រូ​ក៏​បាន​និយាយ​ដែរ​ថា យើង​ចាញ់​​ច្រើន​ប្រកួត​ហើយ​មិន​អាច​ចាញ់​ទៀត​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ស្មើ​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​។ សមាជិក​ក្នុង​ក្រុម​ខ្ញុំ​គេ​បាន​ប្រឹងប្រែង​ហាត់​ណាស់​បង​។ ដូច្នេះ​ទើប​យើង​មាន​ឆន្ទៈ​ខ្ពស់​បែប​នេះ​»។

យុវជន​ដែល​ដុះ​ខាត់​ចេញ​ពី​បាទី​រូបនេះ​បាន​​បន្ថែម​ថា គេ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​បាន​គ្រប់​ការ​ប្រកួត​ ពិសេស​នឹង​ប្រឹងប្រែង​​បង្ហាញ​ឲ្យ​ក្លឹប​ចាស់​របស់​ខ្លួន​បាន​ឃើញ​ថា ខ្លួន​ក៏​មាន​សមត្ថភាព​ដែរ​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី