ក្រឹម ហែលក្នុងទឹកបឹង ក្បែរវត្ដនិរោធ មានវាសនាមិនដូចក្រឹម អង្រួនបេះដូងមហាជន នៅលើឆាកឡើយ

  • 2022-04-26 04:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ដខ្លះ អាចមិនទាន់បានដឹងពីដំណើរដើមទង នៃការដាក់ឈ្មោះក្រឹម របស់តារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុនរ៉ាត់។ នាយក្រឹម ឬក្រឹម គឺជាឈ្មោះដែលលោកដាក់ដោយខ្លួនឯង ដើម្បីតម្រូវទៅតាមការចង់បានរបស់អ្នកដឹកនាំរឿងមួយនៅអំឡុងឆ្នាំ១៩៨៦ ហើយក៏គាប់ជួនលោកត្រូវដើរតួក្នុងរឿង “ស្ម័គ្រចូលធ្វើយោធា” របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា(ទ ទ ក) កាលណោះដែរ។

តាមរយៈបទម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក អ៊ូ ប៊ុនរ៉ាត់ រំលឹកថា លោកចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៨៤ ចំពេលដែលស្ថានីទូរទស្សន៍ជាតិបង្កើតដំបូង ហើយលោកក៏មានឱកាសបានចូលបម្រើការងាររដ្ឋក្នុងនាមជាសិល្បករ។

ក្រោយមក លោកចាប់ផ្ដើមទទួលបានឱកាសសម្ដែងរឿងឲ្យស្ថានីយផង និងបានចេញលេងកំប្លែងក្រៅ ដើម្បីរកប្រាក់ផង ហើយឈ្មោះក្រឹម ត្រូវបានលោកដាក់ដោយមិនបានគិតគូរវែងឆ្ងាយឡើយ ដើម្បីថតរឿងមួយដឹកនាំសម្ដែងដោយអគ្គនាយិកា ទ ទ ក។

លោក អ៊ូ ប៊ុនរ៉ាត់៖ “ក្នុងរឿងហ្នឹង…ឈ្មោះក្រឹម ល្បីជាងគេ! អីចេះ…កាលណោះម៉ាក់អ៊ុំចន្ធី(អគ្គនាយិកា ទ ទ ក) ដឹកនាំរឿងហ្នឹង គាត់ក៏ថា ឥឡូវរ៉ាត់ឯង រកឈ្មោះមួយដាក់ខ្លួនឯងមើល ដាក់ម៉េចឲ្យសម ហើយខ្ញុំអង្គុយគិត ព្រោះពេលដែលថតអត់ដឹងថាដាក់ឈ្មោះអីទេ...ខ្ញុំមកអង្គុយជិតបឹង បឹងនេះ បឹងនិរោធ ដល់ហើយក៏ស្រាប់តែឃើញត្រីក្រឹមហែលក្នុងទឹក ក៏ដាក់ឈ្មោះក្រឹមទៅ”។

បើតាមលោក អ៊ូ ប៊ុនរ៉ាត់ ហៅនាយក្រឹម ចាប់តាំងពីលោកប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈអាជីពសម្ដែងមក គឺបានបំពេញការងារជាច្រើននៅស្ថានីយទូរទស្សន៍ជាតិ ប៉ុស្ដិ៍លេខ៣ និងស្ថានីយទូរទស្សន៍បាយ័ន។ ទន្ទឹមគ្នានោះលោក ក៏បានបណ្ដុះបណ្ដាលតារាកំប្លែងឲ្យមានកេរ្ដិ៍ឈ្មោះល្បីជាច្រើននាក់ដែរ ហើយឈ្មោះហៅក្រៅរបស់តារាទាំងនោះលោកជាអ្នកដាក់ឲ្យ គឺមានដូចជា៖ នាយចយ កាចុប និងកាតុ ជាដើម៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី