រំភើប​ចិត្ត ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ចេញ​អធិប្បាយ​វែង​អន្លាយ ក្រោយ​ទទួល​ពាន​រង្វាន់អ្នក​ការ​ទូត​ឆ្នើម!

  • 2022-05-12 04:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង បាន​ចេញ​មក​អធិប្បាយ​វែង​អន្លាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន ក្រោយ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​សម្រេច​ប្រគល់​ពាន​រង្វាន់ឯកអគ្គរាជទូត​ឆ្នើម។

មន្ត្រី​ការ​ទូត​របស់​កម្ពុជា បាន​អធិប្បាយ​ពី​អ្វី​ដែល​ខ្លួន​បាន​ទទួល ជម្នះ និង​សមិទ្ធផល​លើ​ទឹក​ដី​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​ក្នុង​កាតព្វកិច្ច​ការងារ​មិន​ដល់​១​ឆ្នាំ​ផង។ នោះ​ជា​មូលហេតុ​ដែល​លោក​ជំទាវ​ខ្លួន​ឯង រួម​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មោទកភាព។ "នាងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលទទួលបាននូវពានរង្វាន់ " ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២" ពីក្រុមប្រឹក្សា Korea Consumer Global"។

លោក​ជំទាវ ជ្រឹង បុទុមរង្សី បានមកបំពេញបេសកកម្មជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ លោក​ជំទាវ បានទទួលពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២ ពី Korea Consumer Global បន្ទាប់ពីបានបំពេញការងារការទូតរបស់​ខ្លួនបានរយៈពេល០៧ខែគត់។

នេះ​ជា​សមិទ្ធផល​អស្ចារ្យ និង​ជាការ​លើក​ទឹកចិត្ត​ដ៏​មាន​តម្លៃ​មួយ។ "នេះជាការលើកទឹកចិត្តមួយដ៏មានតម្លៃ ដែលសបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់នាងខ្ញុំក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ មាតុភូមិ និងបម្រើដល់ផលប្រយោជន៍បងប្អូនខ្មែរយើង ពិតជាមានការគាំទ្រពីភាគីកូរ៉េដែលជាម្ចាស់ផ្ទះពិតប្រាកដណាស់"។

គឺ​បាន​មក​ពី​ការ​រួម​ចំណែក​របស់​មន្រ្តីរាជការ និងបុគ្គលិកនៃស្ថានទូត ព្រមទាំងក្រុមគ្រួសាររ រួមទាំងក្តីអាណិតស្រលាញ់ពីបងប្អូនខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េនេះផងដែរ។ កាន់​តែ​ពិសេស លោក​ជំទាវ សូម​ក្រាប​ថ្វាយ​ព្រះបង្គំ និង​សូម​ថ្លែង​អំណរអរព្រះគុណ តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាននូវមុខងារដ៏ថ្លៃថ្លាជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដល់ទូលបង្គំនាងខ្ញុំ។

"នាងខ្ញុំក៏សូមអនុញ្ញាតសម្តែងនូវអំណរគុណប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់នាងខ្ញុំក្នុងការបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជ​ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើដល់ប្រទេសជាតិ និងជានិច្ចកាលតែងតែផ្តល់នូវដំបូន្មាន និងអនុសាសន៍ណែនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ដល់រូបនាងខ្ញុំ"។

លោក​ជំទាវ ក៏​មិន​ភ្លេច​ថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ដែលជឿជាក់ និងផ្តល់ឱកាសអោយ​លោក​ជំទាវ​បានរៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត រហូត​ដល់​អាច​ទទួល​ភារកិច្ច​ជា​មន្ត្រី​ការ​ទូត​ម្នាក់​តំណាង​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង។

រូបភាព៖ ហ្វេសប៊ុកលោកជំទាវ ជ្រឹង បុទុមរង្សី

"នាងខ្ញុំនឹងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងនាមជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីសម្រេចអោយបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបំរើជាផលប្រយោជន៍ និងបុព្វហេតុ ដល់ប្រទេសជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង សំដៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើវិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងឧស្សាហកម្ម ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា"៕

អត្ថបទ៖ ទារិកា