លោក គង់ បាវ កូន​កសិករ​ ​រៀន​តែ​តាម Youtube ឥឡូវ​ទទួល​បាន​ការ​ទុកចិត្ត​​ពី​ឧកញ៉ា និង​មន្ត្រី​ជា​ច្រើន

  • 2022-05-18 03:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ បាវ គឺ​ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​បណ្ដាញ​សង្គម​មួយ​រូប​ដែល​មាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅ​មុន​ជំហាន​នេះ លោក​តស៊ូ ក្រាញ​ននៀល​ណាស់ ទើប​មាន​ការ​ទទួល​ស្គាល់ និង​ទុក​ចិត្ត​ពី​អ្នក​តូច​អ្នក​ធំ និង​មន្ត្រី​ជា​ច្រើន ទាំង​ដែល​ខ្លួន​គ្មាន​អ្វី​សោះ។

គង់ បាវ គឺ​ជា​អ្នក​ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម មាន​បង​ប្អូន ៤នាក់(ស្រី ២ ប្រុស ២) លោក​ជា​កូន​ពៅ។ ត្បិត​តែ​មាន​វាសនា​បាន​កើត​ជា​កូន​ពៅ​ក្នុង​គ្រួសារ ប៉ុន្តែ​ជា​គ្រួសារ​កសិករ លោក​ក៏​មិន​​បាន​រស់​នៅ​សុខ​ស្រួល​ដែរ ពោល​គឺ​ជីវិត​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ជាក់​ស្ដែង​ក្រោយ​ពេល​ជាប់​បាក់​ឌុប ឡើង​មក​រៀន​ភ្នំពេញ ក៏​លោក​មិន​អាច​រៀន​បាន​ចប់​ចុង​ចប់​ដើម​ដែរ។

យុវជន​មក​ពី​កំពង់ចាម ប្រាប់​ថា លោក​បាន​ចូល​រៀន​សាកលវិទ្យាល័យ​ជំនាញ "វិស្វករ និង​សំណង់" ប៉ុន្តែ​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ត្រឹម​ឆ្នាំ​ទី​២​ប៉ុណ្ណោះ។ "កាល​ណោះ ក្រោយ​ពី​ម្ដាយ​ខ្ញុំ​ស្លាប់​ទៅ អស់​អ្នក​ផ្គត់ផ្គង់ ​អត់លុយ​រៀន ខ្ញុំ​ក៏​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ទៅ!"។ លោក បាវ ប្រាប់​ថា លោក​មិន​ចង់​រំលឹក​ពី​ជីវិត​ផ្ទាល់​ខ្លួន​ច្រើន​ទេ គ្រាន់​តែ​និយាយ​ជារួម​ថា លោក​លំបាក​ឆ្អែត​ហើយ។

ក្រោយ​ពី​បោះបង់​ការ​សិក្សា​មហាវិទ្យាល័យ​កណ្ដាល​ទី ផ្សំ​នឹង​មិន​មាន​លុយ​ទៀត មាន​ពេល​មួយ​លោក ក៏​ចាប់​ផ្ដើម​ជក់ចិត្ត​នឹង​បណ្ដាញ​សង្គម។ ដូច្នេះ​ហើយ​លោក​ក៏​ចាប់​ផ្ដើម​ស្វែង​យល់ និង​រៀន​ពី​វា។ បាវ ថ្លែង​ថា "តាំង​ពី​ដើម​រហូត​មក ខ្ញុំ​អត់​ដែល​បាន​ទៅ​រៀន​ជាមួយ​គ្រូ​ណា​ទេ គឺ​ខ្ញុំ​រៀន​តែ​តាម​យូធូប និង Google​ប៉ុណ្ណោះ"។

លោក គង់ បាវ បាន​ចាប់​ផ្ដើម​ការងារ​ជាមួយ​នឹង​ការ​បង្កើត​ទំព័រហ្វេសប៊ុក(Page) តាំង​ពី ២០១៣-១៤ ជាមួយ​គ្នា​ក៏​បាន​ឆ្លៀត​ទៅ​រៀន​កូរ៉េ ហើយ​ក្រោយ​មក​ក៏​បាន​ធ្វើ​ជា​គ្រូ​កូរ៉េ​នៅ​សាលា​ឯកជន​មួយ។ ឆ្នាំ ២០១៥ បាវ បាន​ទៅ​ធ្វើការ​នៅ​កូរ៉េ​រយៈ​ពេល ៥ឆ្នាំ លុះ​ដើម​ឆ្នាំ ២០២០ លោក​ក៏​បាន​ត្រឡប់​មក​វិញ។ "ក្រោយ​មក​ដល់​ស្រុក​វិញ ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការងារ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម និង​ឌីជីថល ហើយ​ក៏​បាន​ជួយ​គេ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដែរ និយាយ​រួម​គឺ​ជួយ​តែ​ម្ដង​អត់មាន​បាន​យក​លុយ​យក​កាក់​អី​ទេ​ពេលនោះ!”។ គង់ បាវ ថ្លែង។

ក្រៅ​ពី​នោះ លោកក៏បានធ្វើជាគ្រូបង្រៀនវគ្គខ្លីនៅ​តាមស្ថាប័នមួយ​ចំនួននៅ​កម្ពុជា​ដោយបណ្តុះ​បណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម​ សេដ្ឋកិច្ច ​មីក្រូ​សេដ្ឋកិច្ច ​ម៉ាក្រូ​សេដ្ឋកិច្ច​ ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈ​នៃ​ការ​ការ​សេរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ ​លោក​ក៏​បាន​បង្រៀន​ផ្នែក​អាជីវកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​ខេត្ត​ជាច្រើនផង​ដែរ។

តាម​រយៈ​កិច្ចការ​ទាំង​អម្បាលមាណ បច្ចុប្បន្ន លោក គង់ បាវ បាន​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​នេះ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ដែល​មាន​ការ​ទទួល​ស្គាល់។ លោក​បាន បង្ហើប​ថា បច្ចុប្បន្ន​ក្លាយ​ជា​អ្នក​នៅ​ពី​ក្រោយ​ជួយ​ការងារ​គ្រប់​គ្រង និង​ដោះ​ស្រាយ​បញ្ហា Facebook Page ឲ្យ​ឧកញ៉ា ឯកឧត្តម​លោក​ជំទាវ​ជា​ច្រើន ដោយ​មាន​លោក​មាន​ក្រុម​ការងារ​មួយ​ក្រុម ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ដោះស្រាយ​បញ្ហា​នានា​ពាក់​ព័ន្ធ Social Media។

ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក Bav Kong បានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ដោយហេតុថា ការ​ចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះ​ឡើយ ហើយថែមទាំងពិបាកជាងអ្វីដែល​យើង​បាន​ធ្វើ​ផែនការទៅទៀត។ ​ទន្ទឹមនឹង​ការ​លះបង់យើង​ត្រូវ​ចេះ​ច្នៃ​ប្រឌិតនិង​បង្កើត​ឱ្យ​បាន​នូវ​គុណតម្លៃ​ (value proposition) សម្រាប់​​អតិថិជន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​យើង​ផង៕

អត្ថបទ៖ ទារិកា