អ្នកខ្លះអាចថាធម្មតា តែសកម្មភាព និងសម្ដីរបស់នាងតូចនេះ ធ្វើឲ្យ យ៉ង់ ច័ន្ទនីតា ស្រក់ទឹកភ្នែក

  • 2022-05-23 03:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកនិពន្ធស្រីវ័យក្មេង យ៉ង់ ច័ន្ទនីតា បានជួបក្មេងស្រីយួរនាំលក់តាមហាងម្នាក់កាលពីយប់មិញ។ ដំណើរ និងសកម្មភាពលក់នាំជូនភ្ញៀវរបស់ក្មេងស្រីនេះ ត្រូវបានភ្ញៀវខ្លះយល់ថាវាជារឿងធម្មតា ហើយមិនគួរអាណិតជាងក្មេងលក់នាំដទៃទៀតឡើយ តែសម្រាប់នីតាក្ដុកក្ដួលចិត្ដដោយសារតែកាយវិការ និងសម្ដីរបស់ក្មេងតូចនេះ។

យ៉ង់ ច័ន្ទនីតា បានសុំទោសម្ចាស់រូប និងមហាជនជនដែលខ្លួនដាច់ចិត្ដបង្ហោះវីដេអូមួយនេះឡើង ដោយបញ្ជាក់ថាកញ្ញាមិនចង់ធ្វើបុណ្យយកមុខនោះទេ ប៉ុន្ដែក្មេងស្រីបានផ្ដល់នូវសំណួរដែលខ្លួនមិននឹកស្មាន។ ក្មេងតូច បានសម្លឹងទៅមើលកែវតែបៃតងរបស់ នីតា ដោយចិត្ដស្រេកឃ្លាន ហើយផ្ដើមសំណួរថា៖ "អ៊ី ហូបអាហ្នឹងឆ្ងាញ់អត់? ហើយគេមានលុយប៉ុន្មានទើបទិញវាបាន?"។

ដោយក្ដីអាណិត យ៉ង់ ច័ន្ទនីតា បានបង្អាក់ចម្លើយ ហើយចោទជាសំណួរទៅវិញថា៖ “កូនឯងចង់ញ៉ាំមែន? អ៊ីទិញឲ្យ?”ទិញហើយក្មេងស្រីនោះ ក៏ថាចង់យកទៅផ្ទះឲ្យប្អូនបានហូបដែរ តែកញ្ញាប្រាប់ថា៖ “កូនញ៉ាំទៅ ព្រោះទម្រាំតែដល់ផ្ទះវានឹងរលាយអស់ហើយ” ក្មេងស្រីក៏អង្គុយញ៉ាំតែម្នាក់ឯងដោយក្ដីរីករាយបំផុត។

តារាចម្រៀង និងជាអ្នកនិពន្ធទើបឡើងកូដ យ៉ង់ ច័ន្ទនីតា ចាប់ផ្ដើមអួលដើមក ហើយស្រក់ទឹកភ្នែកដោយនឹកឃើញអតីតកាលរបស់ខ្លួន តាមរយៈសកម្មភាព និងសម្ដីរបស់ក្មេងតូចម្នាក់នេះ។ ទោះជាយ៉ាងណា នីតា មិនបានបញ្ជាក់ថាខ្លួនកាលនៅតូច មានប្រវត្ដិលក់នំ ឬមានខ្សែជីវិតកម្សត់ស្រដៀងក្មេងស្រីតូចនេះយ៉ាងណានោះទេ តែកញ្ញាថា កាលពីតូចនាងក៏កម្សត់ដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម