មិន​មែន​សាច់​ឈាម​នឹង​គ្នា តែ​ស្ត្រី ៤នាក់ ចាប់​ដៃ​គ្នា​រកស៊ី​ឡើង​ដូច​កាំ​ជណ្ដើរ បង្កើត​បាន​ក្រុមហ៊ុន ៣​តែ​ប៉ុន្មាន​ឆ្នាំ!

  • 2022-05-25 04:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​៤នាក់ ដែល​មិន​មែន​ជា​សាច់​ឈាម​នឹង​គ្នា​សោះ តែ​ជា​អ្នក​ដទៃ​សុទ្ធ​សាធ បាន​​ចាប់​ដៃ​រក​ស៊ី​ចូល​គ្នា​ឡើង​ដូច​ទឹក​បាក់​ទំនប់ ដោយ​បង្កើត​បាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៣​រួច​ទៅ​ហើយ។

រាប់​ពី​ឆ្វេង អ្នក​ស្រី នាង គុណូ​អមរា ហៅ "ម៉ាដាម អាំ" ទី២ អ្នកស្រី ឆេង ស្រីនាង ទី៣ លោក​ស្រី សៀត ម៉ានី និង​ទី៤ គឺ​អ្នក​ស្រី អៀង ដាលីន។

ស្ត្រី​ទាំង ៤នាក់​នេះ មាន​អ្នក​ស្រី នាង គុណូ​អមរា ហៅ "ម៉ាដាម អាំ" ទី១​អ្នកស្រី ឆេង ស្រីនាង ទី៣ លោក​ស្រី សៀត ម៉ានី និង​ទី៤ គឺ​អ្នក​ស្រី អៀង ដាលីន។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​ទាំង ៤ ពួក​គេ​បាន​ជួប​ស្គាល់​គ្នា និង​ឈាន​ទៅ​បោះ​ជំហាន​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០១៨។ ដំបូង​បំផុត​ពួក​គេ​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ពី​ក្រៅ​ប្រទេស។

បន្ត​មក​អ្នក​ទាំង​៤ បាន​ឈាន​មក​វិនិយោគ​បន្ត​ទៀត​ជាមួយ​គ្នា​ដដែល ក្នុង​អាជីវកម្ម​ផ្នែក​សេវា​កម្ម​ជណ្ដើរ​យន្ត​ម្ដង។ អាជីវកម្ម​ទាំង​ពីរ សុទ្ធ​តែ​ដំណើរ​ការ​ល្អ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ហើយ​វា​បាន​ជា​ប្រភព​ទុន​ដែល​អាច​ឲ្យ​ពួក​គេ​អាច​ឈាន​មក​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ដែល​មាន​ទុន​វិនិយោគ​រាប់​ម៉ឺន​ដុល្លារ​ទើប​បើក​សម្ពោធ​ម្សិលមិញ​នេះ។

អាជីវកម្ម​ថ្មី​របស់​ស្ត្រី​ទាំង ៤នាក់ រឹត​តែ​ខុស​ឆ្ងាយ ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​រួម​គ្នា​ក្នុង​អតីតកាល ដែល​ដំបូង​ឡើយ​ជា​អាជីវកម្ម​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​សេវាកម្ម​ជណ្ដើរ​យន្ត អាជីវកម្ម​ទី៣ គឺ​ជា​ប្រភេទ​អាជីវកម្ម​ផ្នែក​សម្រស់​ម្ដង ដោយ​អាជីវកម្ម​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "ម៉ាដាម​ស្អាត"។ អ្នក​ស្រី សៀត ម៉ានី ម្នាក់​ក្នុង​ចំណោម​ស្ថាបនិក​ក្រុមហ៊ុន​ទាំង ៤ បាន​បញ្ជាក់​ថា វា​ការ​ឆក់​ឱកាស ស្រប​ពេល​អ្នក​ស្រី សង្កេត​ឃើញ​ពី​ការ​រីក​ចម្រើន និង​មាន​តម្រូវ​ការ​ច្រើន។

ដូច្នេះ​ហើយ អ្នក​ស្រី និង​ដៃគូ ៣នាក់​ផ្សេង​ទៀត បាន​មូលមតិ​គ្នា​វិនិយោគ​លើ​ផ្នែក​នេះ​ទៀត ក្នុង​បេសកម្ម​ចង់​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ស្ត្រី​កម្ពុជា​ឲ្យ​ទទួល​បាន​​ភាព​ស្រស់​ស្អាត និង​ទទួល​បាន​ផលិតផល​មាន​គុណភាព​ខ្ពស់​សម្រាប់​ប្រើ​ប្រាស់។ "មាដាម ស្អាត" មាន​ផ្គត់ផ្គង់​ផលិតផល​ផ្នែក​សម្រស់​ដូច​ជា ម៉ាស​បិត​មុខ ខូឡាជេន និង​តែ​សម្រក​រាង។

អ្នក​ស្រី សៀត ម៉ានី អះអាង​ថា ផលិតផល​របស់​អ្នក​ស្រី​នាំ​ចូល​ពី​កូរ៉េ និង​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ការ​តេស្ត​សាក​ល្បង​ជាមុន ទើប​អាច​យក​មក​ដាក់​ក្នុង "ម៉ាដាម​ស្អាត" បាន។

គិត​មក​ដល់​បច្ចុប្បន្ន ស្ត្រី​ទាំង ៤ បាន​សហការ​គ្នាអស់​រយៈ ពេល​ជិត ៥ឆ្នាំ​ហើយ ក្នុង​អំឡុង​ពេល​នោះ អ្នក​ទាំង​៤អះអាង​ថា ការ​រកាំរកូស​តែ​មាន​តិច​តួច ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ឲ្យ​ពួក​គេ​ចែកចាន​ចែក​ឆ្នាំង​ឡើយ។ អ្នក​ស្រី សៀត ម៉ានី ប្រាប់​ថា ពួក​អ្នក​ស្រី តែង​តែ​យល់​ពី​គ្នា អត់ឱន និង​ស្វែង​យល់​ពី​គ្នា ទើប​កន្លង​មក​មិន​មាន​ការ​ថ្នាំង​ថ្នាក់​ខ្លាំង។

ពិសេស គឺ​ពួក​អ្នក​ស្រី មាន​ការ​គិត​វិជ្ជមាន​ដូច​គ្នា និង​មាន​ចក្ខុវិស័យ​ដូច​គ្នា ទើប​អាច​សហការ​គ្នា​រីកចម្រើន និង​បង្កើត​បាន​ក្រុមហ៊ុន​ដល់​ទៅ ៣ត្រឹមរយៈ​ពេល​ជាង ៤ឆ្នាំ។ សំខាន់​ជាង​នេះ ​ការ​បែក​ចែក​ការងារ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់ ក៏​ជា​មធ្យោបាយ បញ្ជៀស​ការ​​មាន​បញ្ហា​នឹង​គ្នាដែរ។

នៅ​ក្នុង​អាជីវកម្ម​ថ្មី​ដែល​ទើប​ដំណើរ​ការ​នេះ អ្នកនាង គុណូអមរា ហៅ ម៉ាដាម អាំ ទទួល​បន្ទុក​ទំនាក់ទំនង​សាធារណៈ អ្នក​ស្រី ឆេង ស្រីនាង អគ្គនាយក​ក្រុមហ៊ុន អ្នក​ស្រី សៀត ម៉ានី អគ្គនាយក​រង ទទួល​បន្ទុក​​គ្រប់​គ្រង​ទូទៅ អ្នក​ស្រី អៀង ដាលីន អគ្គនាយក​រង ទទួល​បន្ទុក​ផ្នែក​លក់​។ ក្រោម​ការ​ពួត​ដៃគ្នា​ជាង ៤ឆ្នាំ​មក​ ពួកគេ បាន​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ប្រមាណ ៣ពាន់​នាក់ និង​មាន​គម្រោង​ថា នឹង​ពង្រីក​បន្ថែម​ទៀត ជាមួយ​គោលដៅ ធ្វើ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ស្រុក ផ្នែក​សេវា​កម្ម​ពាក់ព័ន្ធ​នឹង​សម្រស់៕

អត្ថបទ៖ ទារិកា