ខកខានដោយសារកូវីដ ២ឆ្នាំ ពេលនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជាត្រឡប់មកវិញហើយ
- 2022-05-25 08:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខកខានដោយសារកូវីដ ២ឆ្នាំ ពេលនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជាត្រឡប់មកវិញហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីការអាក់ខាន និងការផ្អាកពាក់កណ្ដាលទីអំឡុងពេលមហោស្រពនាឆ្នាំ២០២០ និងការខកខានអស់ពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) វិលត្រឡប់មកវិញហើយសម្រាប់រដូវកាលទី១១ ដែលនឹងចាប់ផ្ដើមពីថ្ងៃ២៨ មិថុនា ដល់ថ្ងៃ៣ កក្កដា ២០២២។
«CIFFចាប់កំណើតឡើងកាលពី១២ឆ្នាំមុន គឺនៅពេលដែលឧស្សាហកម្មភាពយន្ត ទើបតែនឹងចាប់ផ្ដើមជាមួយនឹង ការបង្កើតមជ្ឈមណ្ឌលបុប្ផាណា ដែលជាអង្គការភាពយន្តតែមួយគត់នៅកម្ពុជា និងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងការទទួលថតភាពយន្តបរទេសនៅកម្ពុជា (CFC)។ នេះជាចំណុចចាប់ផ្ដើមដែលនាំឱ្យមានការបើករោងភាពយន្តទំនើបៗ ការបំផុស យុវជនកម្ពុជារាប់រយនាក់ឱ្យចូលរួមក្នុងវិស័យភាពយន្ត និងផ្ដល់ឥទ្ធិពលដោយផ្ទាល់ក្នុងការទាក់ទាញក្រុមថតភាពយន្ត បរទេសមកកម្ពុជា» នេះជាប្រសាសន៍របស់លោក Cedric Eloy នាយក CIFF។ លោកបានបន្ថែមទៀតថា៖ «២ឆ្នាំ ចុងក្រោយនេះ គឺជាពេលវេលាមួយដ៏លំបាកចំពោះវិស័យទាំងឡាយដែលធ្វើការពាក់ព័ន្ធនឹងការច្នៃប្រឌិត ទាំងសិល្បករ និងស្ថាប័នវប្បធម៌។ ដូច្នេះយើងចង់ថ្លែងអំណរគុណចំពោះទាំងអស់គ្នា និងចង់ឱ្យមានការគាំទ្រទាំងអស់គ្នា។ ថ្ងៃនេះ គឺជាក្ដីសង្ឃឹមរបស់ពួកយើង និងជាក្ដីសោមនស្សធំបំផុត ដែល CIFF នឹងនាំកម្លាំងនៃក្រុមច្នៃប្រឌិតទាំងអស់ឱ្យ មកជួបជុំគ្នាជាថ្មី ហើយនាំមកនូវភាពសប្បាយរីករាយនៃការទស្សនាភាពយន្តនៅលើផ្ទាំងសំពត់សម្ដងទៀត។ ឆ្នាំទី១១ នេះ នឹងដើរតួសំខាន់មួយក្នុងការបញ្ឆេះម៉ាស៊ីនរបស់ឧស្សាហកម្មភាពយន្តជាថ្មីម្ដងទៀត។»
«វប្បធម៌ភាពយន្ត បានចាក់ឫសនៅក្នុងសង្គមកម្ពុជាតាំងពីទសវត្សឆ្នាំ១៩៥០ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ នៅ ទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០។ ទោះបីវិស័យភាពយន្តត្រូវបានកាត់ផ្ដាច់ ឬបំផ្លាញនៅក្នុងសម័យខ្មែរក្រហម ក៏ដោយ ក៏សព្វថ្ងៃយើងសង្កេតឃើញថា យុវជនចូលចិត្តស្វែងយល់ពីសិល្បៈភាពយន្ត និងចូលចិត្តបង្ហាញពីខ្លួនឯង តាមរយៈភាពយន្ត។» នេះជាប្រសាសន៍របស់លោក ជា សុភាព នាយកមជ្ឈមណ្ឌលបុប្ផាណា។ លោកបានបន្ថែមទៀតថា៖ «ការរាតត្បាតនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។ នៅកម្ពុជា សកម្មភាពវប្បធម៌និងភាពយន្តត្រូវបានបិទ ហើយបន្ទាប់មកត្រូវបានរឹតត្បិតអស់ពេលជិត២ឆ្នាំ។ ដូច្នេះ យើងពិតជារីករាយណាស់ដែលអាចនាំយកព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតមួយនេះនៅកម្ពុជាមកបង្ហាញជូនទស្សនិកជន ឡើងវិញនៅឆ្នាំនេះ។»
នៅក្នុងខែមីនា ឆ្នាំ២០២២ រោងភាពយន្តនៅកម្ពុជាត្រូវបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញបន្ទាប់ពីការបិទអស់២ឆ្នាំ ដោយអាចឱ្យទទួលអ្នកទស្សនាតែ៥០%ប៉ុណ្ណោះនៃចំនួនកៅអីនៅក្នុងរោងភាពយន្ត។ បន្ទាប់ពីមានកិច្ចប្រឹងប្រែង ពីរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅដើមខែឧសភា សំណើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីឱ្យរោងភាពយន្តអាចដំណើរការទទួលទស្សនិកជនបាន១០០%ដូចធម្មតាឡើងវិញ ត្រូវបានរាជរដ្ឋាភិ បាលកម្ពុជាអនុម័តយល់ព្រម។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ បានថ្លែងក្នុងសុន្ទរកថារបស់លោកថា៖ «ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការរាតត្បាតរបស់ជំងឺកូវីដ១៩ រហូតដល់គ្មានករណីចំលងក្នុងសហគមន៍ នៅក្នុងសប្តាហ៍ចុងក្រោយកន្លងមកនេះ។ ដោយសង្កេតឃើញការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យឧស្សាហកម្មភាពយន្ត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំជួយដោះស្រាយបញ្ហាប្រឈម និងផ្តល់ការលើក ទឹកចិត្តដល់ផលិតករ អាជីវករក្នុងវិស័យភាពយន្ត ដូចជាការអនុញ្ញាតព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធ ការអនុគ្រោះ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែ និងការឧបត្ថម្ភប្រាក់បៀវត្សជូនបុគ្គលិករោងភាពយន្ត ក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ។ តាងនាមឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បភាពយន្តនិង ផ្សព្វផ្សាយវប្បធម៌ ពិតជាមានភាពត្រេកត្រអាលយ៉ាងខ្លាំង ដែលក្រុមប្រឹក្សាភិបាលរបស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានសម្រេចនាំយកមហោស្រពភាពយន្តដ៏ធំក្នុងប្រទេសកម្ពុជានេះ ត្រលប់មកវិញ ក្នុងខែមិថុនានេះ។ យើងសង្ឃឹមថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងជួយនាំយកមកវិញនូវស្មារតីនៃ វិស័យភាពយន្តកម្ពុជា។»
CIFF លើកទី១១នេះនឹងប្រព្រឹត្តទៅនៅតាមរោងភាពយន្តច្រើនជាង ១០ទីតាំងនៅទីក្រុងភ្នំពេញរួមមាន សាលសន្និសីទចតុមុខ រោងភាពយន្តMajor Cineplex រោងភាពយន្តLegend Cinema សណ្ឋាគារRosewood មជ្ឈមណ្ឌលបុប្ផាណា វិទ្យាស្ថានបារាំង Java Creative និង Factory Phnom Penh។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីនាំយកមហោស្រពភាពយន្តមកបង្ហាញជូនទស្សនិកជនវិញនៅឆ្នាំនេះ CIFF សូមថ្លែងអំណរគុណចំពោះការបន្តគាំទ្រពីសំណាក់អង្គការយូណេស្កូ ស្ថានទូតអូស្រ្តាលី និងការបន្តលើកទឹកចិត្តពីសំណាក់ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
លោក Cedric Eloy បានកត់សម្គាល់ថា៖ «ការរៀបចំ CIFF គឺតែងតែមានឧបសគ្គត្រូវជម្នះជានិច្ច ហើយវាមិនអាច ទៅរួចទេប្រសិនបើគ្មានការគាំទ្រ និងការស្រឡាញ់របស់ក្រុមការងារ ដៃគូសហការ មិត្តភក្តិ និងស្ថាប័នទាំងឡាយ ដែលបានផ្ដល់កម្លាំងចិត្តដល់ពួកយើង តាមរយៈការគាំទ្រ ការជួយ និងការណែនាំផ្សេងៗ ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏ ពិសេសមួយនេះសម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជា។ CIFF កាន់តែពេញនិយមឡើងៗពីមួយឆ្នាំទៅ មួយឆ្នាំ ប៉ុន្តែយើងនៅតែត្រូវការកិច្ចគាំទ្របន្ថែមខណៈពេលដែលកម្មវិធីនេះកាន់តែរីកធំឡើងៗ។ អាស្រ័យហេតុនេះ យើងសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុន ស្ថាប័ន មូលនិធិផ្សេងៗដែលចាប់អារម្មណ៍ចូលរួមចំណែកជួយពួកយើងធ្វើឱ្យ CIFF អាចវិលមកវិញបាននៅឆ្នាំនេះ»។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ។