បាន​ទៅគេ​ទៀត​ហើយ! ក្រុមហ៊ុន​បច្ចេកវិទ្យា ​Xiaomi សង់​រោងចក្រ​ផលិត​ទូរសព្ទ​ទំនើបៗ​នៅ​​វៀតណាម​

  • 2022-06-02 05:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិតស្មាតហ្វូន​ទំនើបៗ Xiaomi បាន​ចុះផ្សាយ​ជា​ផ្លូវការ​ថា រោងចក្រ​ថ្មី​សន្លាងមួយ​ទៀត​ បាន​ចាប់ផ្ដើមដំណើរការ​​សង្វាក់​ផលិត​កម្ម​​របស់​ខ្លួនរួចរាល់ហើយ និង​បានចេញលក់ជាលើកដំបូងស្មាតហ្វូនផលិតនៅប្រទេសវៀតណាម។

សកម្មភាព​កម្មករ​ជំនាញ​កំពុង​ពិនិត្យ​គុណភាព​ក្នុង​រោងចក្រ​ Xiaomi

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​រោងចក្រ​នោះ​មាន​ទីតាំង​នៅ​​​ភាគ​ខាង​ជើង​ខេត្ត Thai Nguyen ។ ចំពោះ​ផលិតផលស្មាតហ្វូន​ដែល​វេចខ្ចប់​ដោយ​អក្សរ “Xiaomi-Made in Vietnam” នឹង​ត្រូវ​​គ្រប់គ្រង​​ដោយ​ DBG Technology ស្ថិត​នៅ​ក្រោម​​ក្រុមហ៊ុន​វិនិយោគ​​ឈ្មោះ​ Hong Kong's DBG Electronics Investment Limited ។

លើស​ពី​នេះ​ស្មាតហ្វូន​ទំនើបៗរបស់ Xiaomi ​ដែល​ផលិត​បាន​ នឹង​ត្រូវ​ចែកចាយ​ទៅ​តាម​បណ្ដាប្រទេស​តំបន់អាស៊ីអាគ្នេយ៍​មានដូចជា ថៃ និង​ម៉ាឡេស៊ី ជាទីផ្សារ​គោលដៅធំ​ ព្រម​ទាំងសម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​​ទីផ្សារ​ក្នុង​ស្រុក​នៅទូទាំង​​ប្រទេស​វៀតណាម។

​ លោក Nguyen Duc Trong នៃក្រុមហ៊ុន DigiWorld ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់ស្មាតហ្វូន Xiaomi នៅប្រទេសវៀតណាមយល់ឃើញថា៖ «នេះគឺជាឱកាស​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ចាប់ផ្ដើម​ជំហាន​ថ្មី ទោះបីយើងស្ថិត​ក្នុង​បរិបទជំងឺ​កូវីដ-១៩ ដែល​បន្ត​ជះផលប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ទាំង​អស់ រួម​ទាំង Xiaomi នៅវៀតណាម​ផងដែរ។ បើ​មើល​លើ​តួលេខ​ជាទិន្នន័យ​ចេញផ្សាយដោយ​ស្ថាប័នជំនាញ Counterpoint ក្រុមហ៊ុន Xiaomi ​មាន​ចំណែកទីផ្សារ​​​ធំបំផុត​លំដាប់​ទីពីរនៅ​វៀតណាមក្នុង​ឆ្នាំ ២០២១​ និង​កំពុង​បន្ត​ឈរ​លេខពីរដដែល​នៅ​ឆ្នាំ​នេះ​។ »

ស្មាតហ្វូន Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌា ដោយដៃគូផលិតរបស់ខ្លួនរួមមាន Foxconn, DBG, BYD និង Flex ។ ដោយឡែកសម្រាប់ទីផ្សារ​ប្រទេស​កម្ពុជានៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ពី Xaiomi ថាតើកម្ពុជា​នឹង​ក្លាយ​ជាទីផ្សារ​​គោលដៅ​បន្ទាប់​ដែល​នឹង​​នាំចូល​ស្មាតហ្វូន​ “Xiaomi-Made in Vietnam” ឬ​ក៏​អត់នោះឡើយ សូមរង់ចាំ​ភាគបន្ត៕

រូបតំណាង

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ VNexpress