BMW ទើប​ចេញឡា​នថ្មី​ប្រភេទ Wagon មហាកម្លាំង អាចជាន់កប់ដល់ល្បឿន ២៨០គ.ម/ម៉

  • 2022-06-22 02:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះឡាន Audi RS4 Avant និង Mercedes-AMG C63 Estate លែងអ៊ុងអាត់​ទៀតហើយ ពោលគឺ​មានគូប្រជែងថ្មី​ដែល​ជាប្រភេទ Wagon ដូចគ្នា​ នោះ​គឺ​រថយន្ត BMW M3 Touring 2023។

រថយន្ត​ BMW ថ្មីនេះ ប្រើ​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ផលិត​បាន​កម្លាំង​ ៥០៣សេះ និងកម្លាំង​រមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើរ​ការ​ជាមួយ​ប្រអប់លេខអូតូ ៨វគ្គ និង​ប្រព័ន្ធ​ប៉ុង២ M xDrive។ កម្លាំង​ម៉ាស៊ីននេះ ជួយ​ឱ្យវា​ជាន់ស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល​ត្រឹមតែ ៣,៦វិនាទី និងអាចជាន់កប់ដល់ល្បឿន ២៨០គីឡូម៉ែត្រ/ម៉ោង។

BMW M3 Touring 2023 បាន​បំពាក់​ប្រព័ន្ធបូមស្ព័រ និងប្រព័ន្ធ​ប៉ុង Active M differential។ យ៉ាន់កង់ alloy ​របស់វាមានទំហំពី ១៩ ទៅ ២០អ៊ីញ។ ផ្នែក​ខាងមុខរំលេច​ដោយប៉ាណាចែកជាពីរធំៗ កញ្ចក់ aerodynamic និង​បំពង់ស៊ីមាំង៤។

ចំណែក​ផ្នែក​ខាងក្នុងវិញ ចំណុច​ដែល​គួរឱ្យចាប់អារម្មណ៍បំផុតគឺ​ជាអេក្រង់កោងដ៏ធំ​ដែល​ភ្ជាប់​គ្នារវាងកុងទ័រ​ឌីជីថល ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្ត Touchscreen ១៤,៩អ៊ីញ និង​កៅអីពូកស្បែក​ Merino ជាដើម។

BMW បញ្ជាក់​ថា នឹង​ចាប់ផ្តើម​រថយន្តថ្មីនេះ​នៅអំឡុង​ខែវិច្ឆិកាខាងមុខ ហើយ​មានទិសដៅ​លក់​នៅទីផ្សារអឺរ៉ុប និងអូស្ត្រាលីតែប៉ុណ្ណោះ ដោយមិនទាន់​បានបញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ សំភី