លោក ​មាស ចាន់​ណា ប្រាប់​គន្លឹះ​យក​ឈ្នះ​ Bali រហូត​៥-២

  • 2022-06-28 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​របស់​ក្លឹប វិសាខា លោក មាស ចាន់​ណា បាន​ទម្លាយ​ពី​គន្លឹះ​នៃ​ការ​លេង​​នៃ​ក្រុម​របស់​ខ្លួន ​ដើម្បី​អាច​យក​ឈ្នះ​ទៅលើ​ក្រុម​ Bali United ​ដោយ​លទ្ធផល​៥-២ កាល​​ពី​ម្សិលមិញ​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup វគ្គ​សន្សំ​ពិន្ទុ​ពូល G ។

រូប​ថត ៖ វិសាខា​
​​គ្រូ​បង្វឹក​ដែល​មាន​​បទ​ពិសោធ​ជោគជាំ​ក្នុង​​លីគ​កំពូល​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​ជ័យជម្នះ​នេះ​ជា​ការ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​មួយ​នៃ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។ ទាក់​ទង​ការ​លេង​វិញ​លោក​បាន​បង្ហើប​ថា វា​ទិកនិក​ផ្ទាល់​ខ្លួន​មួយ​ដែល​ពិបាក​នឹង​និយាយ​​រៀបរាប់​ច្រើន​​គ្រាន់​តែ​លោក​អាច​បញ្ជាក់​បាន​ខ្លះ​គឺ​ការ​កាត់​ផ្ដាច់​ចង្វាក់​​លេង​ល្អ​របស់​ដៃ​គូ​ទាំង​អស់​មិន​ថា តែ​ Bali ឬ​ក្រុម​ណា​ៗ​ឡើយ។

​គ្រូ​បង្វឹក​ខាង​លើបាន​និយាយ​ថា ​«​​​អ្វីដែល​​​សំខាន់​ ខ្ញុំ​ចង់​ប្រាប់​​ថា ចំណុច​របស់​ខ្ញុំ​​គឺ​ព្យាយាម​កាត់​ផ្ដាច់​​នូវ​​ចំណុច​ខ្លាំង​​ៗ​របស់​ដៃ​គូ​ប្រកួត​ មិន​ថា Bali ឬ​ក្រុម​ណា​នោះ​ទេ​។ អ្វី​ដែល​ខ្ញុំ​​បាន​រៀបចំ​ គឺ​ការ​ផ្ដាច់​នូវ​ចរន្ត​នៃ​ការ​រៀបចំ​របស់​ក្រុម​នីមួយ​ៗ​ អ៊ីចឹង​ទាក់​ទង​ នឹង​ការ​លេង​ ការ​កាត់​ផ្ដាច់​ចរន្ត​នេះ​គឺ​ខ្ញុំ​អត់​អាច​និយាយ​អ្វី​បាន​ច្រើន​លើស​ហ្នឹង​ទេ​»។

​​​លោក មាស ចាន់ណា បាន​ប​ន្ថែម​ថា ការ​បង្ហាញ​​លើ​ឆាក​អន្តរជាតិ​​​​បាន​កាន់​តែ​ខ្លាំង​​ និង​កាន់​តែ​ល្អ កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​ដែរ។ ​កីឡាករ​ល្អ​​សម្រាប់​លោក​​គឺ​ជា​កីឡាករ​ដែល​លេង​​ខ្លាំង​ហើយ រាល់​ពេល​ប្រកួត​​ប៉ះ​ក្រុម​ខ្លាំង​ៗ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​​​លេង​បាន​ខ្លាំង​តែ​ម្ដង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​