សមិទ្ធផល ៣រឿងពី «សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន» នឹងត្រូវបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ២០២២
- 2022-06-30 02:58:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមិទ្ធផល ៣រឿងពី «សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន» នឹងត្រូវបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ២០២២
ចន្លោះមិនឃើញ
សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន (CJFW) ត្រូវបានសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន និងអង្គការភាពយន្តឈូករ័ត្ន (SFO)។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវជំនាញផលិតភាពយន្តដល់សមិទ្ធិករពាក់កណ្ដាលអាជីពនៅកម្ពុជាឱ្យបន្តគន្លងអាជីពរបស់ខ្លួន និងពង្រឹងកិច្ចស្វែងយល់រវាងវប្បធម៌កម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរឡើង តាមរយៈភាសារួមរបស់យើងគឺភាពយន្ត។
ឆ្លងកាត់រយៈពេល ៩ថ្ងៃជាប់គ្នា កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយមានការបណ្តុះបណ្តាលក្នុងថ្នាក់ ថតនៅកន្លែងផ្ទាល់ និងកាត់តក្នុងថ្នាក់វិញ សមិទ្ធិករយើងចំនួន ៣ក្រុម ដែលមានគ្នាសរុប ១៦រូប ផលិតបានភាពយន្តខ្លី១ តាមក្រុមរៀងៗខ្លួន ដោយផ្អែកលើសាច់រឿងតាមប្រលោមលោកខ្លី ដែលរៀបរៀងដោយយុវអ្នកនិពន្ធកម្ពុជាស្តីអំពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា២០២២ ដែលជាមហោស្រពភាពយន្តដ៏ធំជាងគេនៅកម្ពុជាបានជ្រើសរើស និងចាក់បញ្ចាំងភាពយន្តខ្លីទាំង ៣ជាផ្លូវការជូនទស្សនិកជនដោយឥតគិតថ្លៃ។
១. រឿង «ទឹកជ្រោះតែមួយ»
២. រឿង «WE MASK DATE»
៣. រឿង «ម្សិលមិញ, ថ្ងៃនេះ, ថ្ងៃស្អែក»
«យើងខ្ញុំពិតជារីករាយពន់ពេកក្រៃដែលស្នាដៃទាំងបីនេះត្រូវបានផលិតតាមរយៈសិក្ខាសាលា ហើយចាក់បញ្ចាំងនៅ CIFF នាពេលនេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនធានមនុស្សដ៏សំខាន់ដែលពាក់ព័ន្ធនឹងការផលិតភាពយន្ត ឬវីដេអូទាំងនៅក្នុងប្រទេសជប៉ុន និងកម្ពុជានឹងបង្កើតជាគុណតម្លៃថ្មីៗទៀតតាមរយៈសកម្មភាព ឬកិច្ចបន្តរួមសហការគ្នា។» នេះជាប្រសាសន៍របស់លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឺគិ (Mr. ISOGAYA Hiroyuki) ប្រធានការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន។
«ដោយសារគោលបំណងរបស់SFOគឺជួយបណ្តុះបណ្តាលយុវជនខ្មែរឱ្យចាប់ផ្តើមអាជីពភាពយន្ត CJFWដើរតួនាទីសំខាន់ និងមានប្រយោជន៍ដល់ការរីកចម្រើនផ្នែកអាជីពដល់សមិទ្ធិករយើង ដែលធ្លាប់ធ្វើរឿងខ្លីខ្លះៗហើយ ក៏ដូចជាក្រុមការងារយើងរៀបចំការបណ្តុះបណ្តាលកម្រិតអន្តរជាតិ។» នេះជាការលើកឡើងរបស់លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តរបស់ SFO។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះទទួលបានការគាំទ្រពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការជាមួយដៃគូបច្ចេកទេសដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) សប្បាយណាស់ និងPanasonic ។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់៖
• ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន