រឿងកម្សត់ជាងបញ្ចាំទូរស័ព្ទ អិនចុចពិល ដើម្បីដោះទ័លជីវភាព ម៉ូនីកា ត្រូវបានទម្លាយក្នុងពិធីឡើងផ្ទះយប់មិញ

  • 2022-07-08 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកលក់អនឡាញ អឿន ម៉ូនីកា បានរៀបចំពិធីឡើងផ្ទះ និងខួបកំណើតកូនស្រីយប់មិញមានអ្នកសិល្បៈ និងភ្ញៀវកិត្ដិយសប្រមាណ ១០០០នាក់ ចូលរួម។ នៅចំពោះមុខអ្នកកាសែតអ្នកនាង និងស្វាមី បានទម្លាយរឿងរ៉ាវដ៏កម្សត់ចំនួនពីរក្នុងជីវិតប្ដី-ប្រពន្ធ មុនមានបានដូចសព្វថ្ងៃនេះ។

ក្នុងឈុតដ៏ស្រស់ស្អាត ឈរថតរូបជាមួយស្វាមី និងកូនស្រីនៅខាងមុខរោង អតីតតារាចម្រៀងផលិតកម្មរ៉ុក អឿន ម៉ូលីកា បានឆ្លៀតផ្ដល់សម្ភាសន៍ឲ្យអ្នកសារព័ត៌មានថា ទម្រាំមានថ្ងៃនេះជីវិតអ្នកនាង និងស្វាមីជួបរឿងជូចត់ស្ទើររាប់មិនអស់ ប៉ុន្ដែអ្វីដែលនាងចាំជាងគេមិនភ្លេចនោះ គឺរឿងបញ្ចាំទូរស័ព្ទNOKIA ចុចពិល ដើម្បីដោះទ័ល និងរឿងដឹកជ្រក់ជើងមាន់ឲ្យគេដួលត្រឡប់ត្រឡិនទាំងពីរនាក់។

ម៉ូលីកា ថាជីវិតសិល្បៈមិនបានធ្វើឲ្យគ្រួសារអ្នកនាងរីកចម្រើនខ្លាំងនោះទេ បើទោះបីជាកាលណោះរូបនាងចេញច្រៀង ហើយស្វាមីនាងចេញសម្ដែង ក៏ចំណូលបានមកមិនគ្រប់ក្នុងការចាយវាយ ឬផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះហើយទើបរូបនាង និងស្វាមី ឆ្លៀតធ្វើជ្រក់ជើងមាន់លក់ និងដឹកឲ្យភ្ញៀវ។

អឿន ម៉ូលីកា៖ “ដឹកជើងមាន់ឲ្យគេដួលត្រឡប់ត្រឡិនទាំងយប់ នៅម្ដុំសាលាបាក់ទូក ហើយម៉ូតូខ្ចីបងទៀតណាកាលហ្នឹង តែសំណាងយើងអត់គ្រោះថ្នាក់អី។ រឿងមួយទៀត…ទូរស័ព្ទ N ចុចពិល(NOKIA) ក៏ខ្ញុំយកទៅបញ្ចាំបានលុយពីរម៉ឺនទៅដោះទ័លដែរ”។

តារាចម្រៀងរូបស្រស់ អឿន ម៉ូលីកា បញ្ជាក់ថា ស្ថានភាពជីវភាពគ្រួសាររបស់នាង បានរីកចម្រើនខ្លាំង ក្រោយពីរូបនាង និងស្វាមីពង្រីកអាជីវកម្មដីឡូត៍ និងលក់ផលិតផលតាមអនឡាញ។ ចំពោះសំណួរថាតើសព្វថ្ងៃនៅសល់ទ្រព្យអ្វីខ្លះ ហើយទំហំទឹកប្រាក់ប៉ុន្មាន? ត្រូវបានអ្នកនាងបដិសេធមិនឆ្លើយដោយថា មិនឲ្យគេគិតថាសម្ញែង ឬសម្ភារៈនិយម។

ប៉ុន្ដែប្រភពស្និទ្ធស្នាលនិងនាងបង្ហើបថា សព្វថ្ងៃនាងឡានទំនើបៗ មានលុយបង្វិលរកស៊ីរាប់ម៉ឺនដុល្លារ ហើយមានផ្ទះពីរកន្លែង ដោយមួយវីឡាមួយដែលទើបនិងធ្វើពិធីឡើងនេះ គឺមានតម្លៃជិតកន្លះលានដុល្លារ ប៉ុន្ដែស្ថិតក្នុងដំណាក់កាលបង់រំលស់បានជាងពាក់កណ្ដាលហើយ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម