Cellcard បារមី វណ្ណដា និង Spotify Global ស្រាក់ដៃគ្នាស្ទួយវិស័យតន្ត្រីកម្ពុជាឲ្យកាន់តែអស្ចារ្យ
- 2022-07-08 04:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cellcard បារមី វណ្ណដា និង Spotify Global ស្រាក់ដៃគ្នាស្ទួយវិស័យតន្ត្រីកម្ពុជាឲ្យកាន់តែអស្ចារ្យ
ចន្លោះមិនឃើញ
ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួមពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដា ផងដែរ។
យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បានឱ្យដឹងថា ផលិតផលមួយនេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហការរយៈពេលជាច្រើនខែ រវាងក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុន Spotify Global។
ដោយចាត់ចូលជាផលិតផលដ៏សំខាន់មួយរបស់សែលកាតសម្រាប់ឆ្នាំនេះ កម្មវិធីសម្ពោធនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ២៥ របស់ក្រុមហ៊ុនសែលកាត។ ដើម្បីជាកិច្ចគោរពដល់ប្រវត្តិនៃការនាំយកសេវាកម្មកាន់ទីផ្សារដំបូងគេដ៏យូរលង់របស់សែលកាត Time To Rise គឺជាគម្រោងទីមួយហើយ ដែលត្រូវបានបង្កើតឡើង និងនាំយកទៅកាន់ទីផ្សារ ក្រោមកិច្ចសហការជាមួយសិល្បករ ហើយនេះក៏ជាលើកដំបូងផងដែរដែលសេវាកម្ម Spotify ត្រូវបានដាក់បម្រើជូននៅទីផ្សារកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ក៏បានឱ្យដឹងដែរថា៖ "យើងខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់ក្នុងការដាក់ដំណើរការគម្រោង Time To Rise ជាពិសេសក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំរបស់យើងនេះតែម្តង។ គម្រោង Time To Rise គឺជាជំហានឆ្ពោះទៅរកការសម្រេចបាននូវទស្សនៈវិស័យរួមគ្នារវាងសែលកាត វណ្ណដា និងផលិតកម្មបារមី ដើម្បីលើកកម្ពស់សិល្បករខ្មែរដែលមានទេពកោសល្យ រួមទាំងផ្សារភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកទាំងមូល។ Time To Rise ជាការរួមបញ្ចូលគ្នានូវប្រជាប្រិយភាពដ៏មានឥទ្ធិពលរបស់វណ្ណដា បណ្តាញទូរស័ព្ទគ្របដណ្តប់ដ៏ធំទូលាយរបស់សែលកាត និងការដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម Spotify ដែលជាថ្នាលផ្តល់សេវាកម្មស្ទ្រីមតន្រ្តីកម្រិតសកល ដើម្បីផ្តល់នូវការតភ្ជាប់ និងសមត្ថភាពប្រើប្រាស់ ដោយមិនត្រឹមសំដៅតែមាតិកាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្តល់ជូននូវមាតិកាមកពីជុំវិញពិភពលោកផងដែរ។ ការដាក់ឱ្យប្រើប្រាស់សេវាកម្ម Spotify តាមរយៈគម្រោង Time To Rise នេះ នឹងផ្តល់ភាពកាន់តែងាយស្រួលសម្រាប់សិល្បករ និងអ្នកគ្រប់គ្នាក្នុងការប្រើប្រាស់វេទិកានេះនៅក្នុងប្រទេសកម្ពុជា លើកស្ទួយជីវិតទាន់សម័យបែបឌីជីថលរបស់ពួកគេ បំផុសគំនិតដល់អ្នកជំនាន់ថ្មីដែលមានទេពកោសល្យ រួមទាំងនាំទៅរកឱកាសនិងការអភិវឌ្ឍថ្មីៗ នៅក្នុងវិស័យតន្ត្រីកម្ពុជា”។
លោក Niklas Lundberg ប្រធានទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ក៏បានឱ្យដឹងដែរថា៖ “គោលបំណងរបស់យើង គឺដើម្បីផ្សារភ្ជាប់សិល្បករក្នុងស្រុកនិងអន្តរជាតិឱ្យបានកាន់តែច្រើនឡើង ជាមួយនឹងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ហើយគម្រោង Time To Rise នឹងជួយឱ្យគោលបំណងនេះ អាចសម្រេចទៅបានជាក់ជាមិនខាន។ តាមរយៈការផ្តល់ទិន្នន័យឥតដែនកំណត់និងគម្រោងប្រើប្រាស់សេវាកម្ម Spotify ដោយឥតគិតថ្លៃ រួមជាមួយសែលកាតនេះ យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជាកាន់តែច្រើន មកកាន់សេវាកម្មស្ទ្រីមតន្រ្តីរបស់ Spotify។”
គម្រោង Time to Rise មានផ្តល់ជូននូវជម្រើសកញ្ចប់ជាច្រើនបែប រួមបញ្ចូលជាមួយទិន្នន័យស្ទ្រីម Spotify ឥតដែនកំណត់ ការផ្តល់ទិន្នន័យបន្ថែម ការហៅចេញនិងផ្ញើសារឥតគិតថ្លៃ ក៏ដូចជាការរក្សាទិន្នន័យនៅសល់យកទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ គម្រោង Time To Rise មានផ្តល់ជូនជាកញ្ចប់គម្រោងពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ ៤០០០ រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB ៥០០នាទី និង ៥០០សារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព ៧ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ ២៤ ០០០ រៀល ដែលនឹងទទួលបានទិន្នន័យ 40GB, ៤០០០ នាទី និង ៤០០០សារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាព ៣៥ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជនដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបានកាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។
កញ្ញា ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្ម បារមី បានថ្លែងថា៖ «តាមរយៈគម្រោង Time To Rise របស់សែលកាតនេះ នឹងជួយឱ្យ Spotify អាចផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រឡាញ់តន្ត្រីបានកាន់តែទូលំទូលាយ ការសហការគ្នាឆ្លងព្រំដែនក្នុងវិស័យតន្ត្រីដូចជាបទចម្រៀង “Run the Town” ជាដើម គឺអាចផ្តល់ការបំពេរអារម្មណ៍ដល់អ្នកស្តាប់នៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ ឱកាសនេះ គឺជាវេលាដ៏វិសេសមួយនៅក្នុងប្រវត្តិវិស័យតន្ត្រីតែម្តង។ គម្រោង Time to Rise នេះ នឹងប្រាកដជាជួយបើកទ្វារឱ្យកម្ពុជាអាចចូលរួមនៅក្នុងឆាកតន្ត្រីអន្តរជាតិបាន ព្រោះវានឹងបង្កើតឱកាសសម្រាប់សិល្បករខ្មែរគ្រប់រូប ក្នុងការសហការ និងចែករំលែកប្រាក់ចំណូលជាមួយសិល្បករអន្តរជាតិ នៅលើថ្នាលដូចជា Spotify នេះជាដើម។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត ដែលបានក្លាយជាដៃគូមួយ ដែលមានចក្ខុវិស័យទទួលស្គាល់សក្តានុពលពិតប្រាកដនៃតន្ត្រីខ្មែរ និងការត្រៀមខ្លួនសម្រាប់មហិច្ឆតាសម្រេចឱ្យបាននូវប្រជាប្រិយភាពកម្រិតអន្តរជាតិផងដែរ។ ជាចុងក្រោយ ខ្ញុំសូមចូលរួមអបអរសាទរដល់វណ្ណដា និងក្រុមហ៊ុនសែលកាត ចំពោះការខិតខំប្រឹងប្រែងមិនគួរឱ្យជឿរបស់អ្នកទាំងពីរ ក្នុងការជំរុញវិស័យតន្ត្រីកម្ពុជារបស់យើងឱ្យឆ្ពោះទៅមុខប្រកបដោយមោទនភាព និងសេចក្តីថ្លៃថ្នូរបំផុត»។
គម្រោង Time To Rise ត្រូវបានបំផុសគំនិតឡើង ដោយបទចម្រៀងមានចំណងជើងដូចគ្នាដ៏ល្បីល្បាញរបស់ វណ្ណដា ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៅកម្ពុជា ពោលគឺមានអ្នកចូលទស្សនាដល់ទៅមួយលាននាក់ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីចេញផ្សាយ ព្រមទាំងលើកស្ទួយឱ្យ វណ្ណដា ក្លាយជាតារាចម្រៀងកំពូលមួយរូបទៀតផង។ បទចម្រៀង Time To Rise បានជាប់ក្នុងបទចម្រៀងកំពូលទាំង ១០០ របស់ Apple Music 2021 ជាប់នៅក្នុង Lifted's Best Videos 2021 និងត្រូវបានថតផ្សាយបន្តផ្ទាល់នៅក្នុងកម្មវិធី ASEAN Music Showcase 2021 ផងដែរ។
យុទ្ធនាការផ្សាយពាណិជ្ជកម្មទូលំទូលាយ នឹងត្រូវធ្វើឡើងដើម្បីគាំទ្រដល់ការដាក់ដំណើរការកម្រោង Time To Rise ជាមួយនឹងការផ្តល់ជូនទិន្នន័យឥតដែនកំណត់សម្រាប់ការស្ទ្រីមតន្ត្រីនៅលើ Spotify ដោយក្នុងនោះរួមមានការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ផ្ទាំងប៉ាណូ និងមាតិកាឌីជីថលជាច្រើនទៀត រួមទាំងគម្រោងចេញផ្សព្វផ្សាយផ្ទាល់នាចុងឆ្នាំនេះផងដែរ។
កញ្ចប់ស៊ីម Time To Rise ជាមួយគម្រោង ៤០០០ រៀល មានដាក់លក់ជូននៅគ្រប់ហាងចែកចាយទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កញ្ចប់ស៊ីម Time To Rise ដែលជាគម្រោង ២៤ ០០០ រៀល និងទំនិញ Time To Rise វិញ នឹងមានលក់ផ្តាច់មុខនៅគ្រប់ហាងសែលកាត ហាងលក់ទំនិញរាយ និងដាក់លក់នៅតាមកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋានដូចជា Nham24, SmileShop, និង WingMall ជាដើម។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Time To Rise សូមចូលទៅកាន់គេហទំព័រ https://bit.ly/ttrpress ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។