ពិចារណាឲ្យដល់ ទើបដឹងថារឿង «ឈីងចាំង» មិនមែនតុក្កតាធម្មតា តែក៏បង្កប់ទស្សនៈជីវិតដែរ

  • 2022-07-11 05:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បី «ឈីងចាំង»«Crayon Shin Chan» ជារឿងដែល​ផ្ដល់នូវការសប្បាយ រំសាយការអផ្សុកដល់អ្នកទស្សនាជា​ច្រើនលាននាក់ជុំវិញពិភពលោក សូម្បីនៅប្រទេសកម្ពុជា ក៏មានអ្នកគាំទ្រច្រើនលើសលុបដែរ។ ដ្បិតគំនូរជីវចល​មួយនេះ បង្ហាញ​ចេញ​បែប​កំប្លែង ពីជីវិតប្រចាំថ្ងៃដែលកើតឡើងក្នុងគ្រួសារ ប៉ុន្តែជាការពិត វា​ក៏បាន​បង្កប់នូវទស្សនៈអប់រំជា​ច្រើន ដែល​មិនគួរ​មើលរំលងដែរ។

ជាការបញ្ជាក់ ខាងក្រោម​នេះ​ គឺជាសម្រង់ឃ្លា ដែល​អាច​លួងលោមអារម្មណ៍មនុស្សគ្រប់គ្នា ឲ្យមានក្ដីសង្ឃឹម និងគិតអ្វីក្នុង​ផ្លូវវិជ្ជមាន៖

១. «បើអ្នកចូលចិត្តរស់នៅជាមួយជីវិតធម្មតាៗបាន នោះវាជារឿងសប្បាយទៅវិញទេ»

គ្មានអ្វីសប្បាយជាងជីវិតសាមញ្ញទេ មិនចាំបាច់ខ្វល់នឹងរឿងល្អក់កករក្នុងសង្គម មិនបាច់លោភលន់ មិនបាច់ចង់ឈ្នះចង់ចាញ់នឹងអ្នកណាឡើយ។

២. «អ័ព្ទក្រាស់ នឹងរលាយបាត់អស់ ហើយអ្នកនឹងអាច​មើលឃើញផ្លូវត្រង់យ៉ាងច្បាស់»

មេឃខ្មៅងងឹត គង់មានពេល​វា​នឹងស្រឡះវិញ មិនខុសអ្វីនឹង​ជីវិតមនុស្សយើងដែលជួបបញ្ហា ហើយជួបរឿងល្អវិញទេ។ ត្រូវចាំថា រឿងមិនល្អទាំងនោះ នឹងបញ្ចប់ទៅវិញនៅពេល​ណាមួយ វា​មិននៅជាមួយយើងជាប់អស់មួយជីវិតទេ។

៣. «ទោះអ្នកប្រឈម​នឹង​ជញ្ជាំងខ្ពស់ដែលពិបាកឆ្លងកាត់ក៏ដោយ ក៏អ្នក​មិនត្រូវបោះបង់ការព្យាយាមដែរ»

បើយើងចង់ជោគជ័យ យើងមិនត្រូវបោះបង់ការតាំងចិត្តចោលទេ ហើយមិនថាមានអ្វីកើតឡើង យើងត្រូវរកផ្លូវជម្នះវា​ឲ្យបាន។

៤. «កុំស្ទាក់ស្ទើរពេក ខំប្រឹងឲ្យ​ខ្លាំង​នូវអ្វីដែលអ្នកអាច​ធ្វើបានទៅបាន​ហើយ»

សម្ដីរបស់ប៉ា ឈីងចាំង គឺ "ធ្វើអ្វីដែល​កូនអាចធ្វើបានទៅ!” គឺ​មាន​ន័យ​ថា​ពេល​ខ្លះ​យើងចង់ធ្វើអ្វីមួយឲ្យបាន​ល្អ បន្ថែម​ដោយការតាំងចិត្ត និងស៊ូដល់ទីបញ្ចប់។ ប៉ុន្តែយើងក៏ត្រូវ​មាន​សមត្ថភាពពីក្នុងដែរ ដើម្បីកំណត់គោលដៅ កុំឲ្យចាញ់ចិត្តខ្លួនឯងនៅចុងបញ្ចប់។

៥. «រឿងសំខាន់ គឺចេះព្យាយាមម្ដងហើយម្ដងទៀត កុំបាក់ទឹកចិត្តឲ្យសោះ»

ដរាបណា អ្នក​នៅ​មាន​ដង្ហើម អ្នកត្រូវព្យាយាមចាប់យកឱកាស និងប្រឹង​សម្រេចវា​ឲ្យបាន រហូតដល់ទទួលលទ្ធផលជាទីគាប់ចិត្ត។

៦. «ដោយសារអ្នកមិនហ្មត់ចត់ ដូច្នេះចុងក្រោយអ្នកអាចនឹងខ្មាសគេ»

ត្រូវខំ​ធ្វើអ្វីដែលត្រូវធ្វើឲ្យអស់ពីចិត្ត ដោយភាពច្បាស់លាស់ ហើយបើទោះលទ្ធផលបានមក យ៉ាងណា ក៏មិនមែនជាបញ្ហាដែរ ហើយក៏គ្មានអ្វីត្រូវខ្មាសដែរ។ ប៉ុន្តែការដែលគួរឲ្យខ្មាស គឺការរំពឹងខ្ពស់ពេក ដោយមិនបាន​ខំប្រឹង។

៧. «ខ្ញុំខ្វល់តែបច្ចុប្បន្នកាលទេ»

ឃ្លានេះ មានន័យថា​ ជំនួសដោយការស្ដាយក្រោយនូវអ្វីដែលបាន​កើតឡើងពីអតីតកាល និងបារម្ភជ្រុលចំពោះអនាគត យើងគួរយកពេល​មកគិតពេល​បច្ចុប្បន្ន និង​ពេញចិត្តនូវអ្វីដែល​យើងមាន​ទៅ គឺ​ជារឿងល្អបំផុតហើយ។

៨. «ក្ដីសុខមិនមែន រក​បាន​ដោយងាយៗទេ»

លើលោកនេះ​ គ្មានរបស់ល្អណា ​បាន​មកងាយៗ ដោយគ្មានការប្រឹងប្រែងនោះទេ ហើយសុភមង្គលក៏ដូចគ្នា។ យើងត្រូវ​តស៊ូ​ ជម្នះសម្រាប់ខ្លួនយើង និង​ព្យាយាមធ្វើការ រៀនសូត្រ ដើម្បីមានសំណាង​រស់នៅជាមួយនឹង​ជីវិតដែលពេញទៅដោយក្ដីសុខ។

៩. «បន្ទាប់ពីជួបរឿងស៊យ សំណាងល្អ និងរឿងល្អនឹងមករកអ្នក»

កុំបាក់ទឹកចិត្ត កុំបន្ទុកសម្ពាធលើខ្លួនឯងជ្រុល រយៈពេលយូរពេក! គ្រប់បញ្ហា សុទ្ធតែមាន​ដំណោះស្រាយទាំងអស់ គ្រាន់តែពេល​ខ្លះ​យើងចាយពេល​ដោះស្រាយលឿន ស្របពេល​រឿងខ្លះអាច​នឹងមាន​រយៈពេល​វែង។ ប៉ុន្តែត្រូវចាំថា គ្រប់យ៉ាងនឹងប្រែជាល្អនៅថ្ងៃណាមួយ។

១០. «រឿងសំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ នោះគឺចេះទទួលស្គាល់ការពិត»

ពេលខ្លះមនុស្សយើងចូលចិត្តខ្ជះខ្ជាយពេលវេលាច្រើនពេកទៅលើអ្វីដែលមិនអាចទៅរួច ហើយលទ្ធផលមិនគាប់ចិត្តបែរមកគេងខកចិត្ត ​ទាំងដែលមិនបានគិតពីអ្វីដែលល្អៗផ្សេងទៀត ដែលកំពុងកើតមាននៅជុំវិញខ្លួន។ ចាប់​ពី​ពេល​នេះ​ទៅ ត្រូវរៀនស្គាល់​ការ​ពិត ហើយ​រស់​នៅ​ជាមួយវា ដោយពេញចិត្ត។

១១. «ជីវិត គឺពេញទៅដោយរសជាតិប្រៃល្វីងជូរចត់ ប៉ុន្តែក៏មាន​ពេល​រីករាយដែរ»

ជីវិតមិនរលូនទៅរហូតទេ ព្រោះមានឡើង មាន​ចុះ មាន​ពេល​ខ្លះសប្បាយ ពេល​ខ្លះកើតទុក្ខ។ ប៉ុន្តែគ្រប់យ៉ាង​ដែល​កើតឡើង សុទ្ធតែអាច​ធ្វើឲ្យជីវិតមាន​ន័យ។

១២. «កុំបោះបង់ក្ដីសង្ឃឹមចោលឲ្យសោះ»

ជាការពិត មនុស្សម្នាក់ៗ ចៀសមិនផុតឡើយ នូវឧបសគ្គនានា ក្នុងដំណើរទៅចាប់យកក្ដីសុបិន ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើង សូមកុំបាក់ទឹកចិត្ត និងកុំបោះបង់ក្ដីសង្ឃឹមចោល ព្រោះឱកាសពិសេស ត្រូវបានត្រៀមទុកសម្រាប់អ្នករួចហើយ ដូច្នេះគ្រប់យ៉ាងគឺអាស្រ័យលើអ្នកទាំងអស់។

១៣. «កុំខឹងច្រើនពេក អ្នកនឹងឆាប់ចាស់»

បន្ធូរចិត្តឲ្យបាន​ល្អ ចំពោះអ្វី​ដែល​កើតឡើង ហើយកុំចូលចិត្តច្រឡោត។ កាលណាដែលអ្នកខឹង អ្នកនឹងធ្វើឲ្យមុខអ្នកកាន់តែជ្រួញ ឆាប់ចាស់ និងអាក្រក់មើលណាស់។ សូមមើលថែចិត្តអ្នកឲ្យបានល្អ កុំខឹងប្រកាន់ច្រើន។

១៤. «ជីវិតមានរឿងពិបាកជាងអ្នកគិតច្រើន ដូច្នេះ​កុំយំដោយសាររឿងតូវតាច»

នៅមាន​រឿងច្រើនណាស់​ដែល​នឹង​កើតឡើងក្នុងជីវិតនេះ។ បើគ្រាន់តែរឿងតូចតាច អ្នកមិនអាច​ទប់ចិត្តបាន ហើយចូលចិត្តយំ ដូច្នេះ​នៅពេល​មាន​រឿងធំ តើអ្នក​នឹង​តទល់យ៉ាងណា? ជាការពិត ការយំ មិនមែនជា​កំហុស តែពេល​ខ្លះការពិបាកចិត្តសំងំ ក៏មិនអាច​ដោះស្រាយបញ្ហា​បានដែរ មានតែប្រមូលកម្លាំងចិត្តឲ្យក្លាហាន ក្នុងការប្រឈម​នឹង​បញ្ហា​ទាំងនោះ ទើបជាការល្អ។

១៥. «ជីវិតគួរតែជួបរឿងសប្បាយៗ គ្មានកើតទុក្ខ»

រស់នៅដោយរីករាយ និងមានសេរីភាព ដោយមិនរំខានទៅអ្នកដទៃ។ ជីវិត​មាន​ការ​លំបាក​គ្រប់គ្រាន់​ល្មម​ ធ្វើ​ឱ្យ​មនុស្ស​ពិបាក​ហើយ ហេតុ​អ្វី​បាន​ជា​ត្រូវយកពេលរំខាន​ចិត្តខ្លួន​ឯង?

ប្រភព៖ beauty321   អត្ថបទ៖ ធារី

អត្ថបទពេញនិយម